ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជំរុញ​ម្ចាស់​អាជីវកម្ម​បុរី​និង​កាស៊ីណូ​ចូលរួម​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទានភេរវកម្ម

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​ក្នុង​ការ​ប្រឆាំង​នឹង​ការ​សម្អាត​សាច់ប្រាក់ ឬ​ហៅ​ថា​លាងលុយកខ្វក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម កម្ពុជា​កំពុង​ជំរុញ​អោយ​ម្ចាស់​អាជីវកម្ម​លំនៅ​ឋាន និង​អាជីវកម្ម​កាស៊ីណូ ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ទាំងអស់ ដើម្បី​អោយ​ប្រាកដ​ថា នឹង​មិន​សកម្មភាព…

​រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​ក្នុង​ការ​ប្រឆាំង​នឹង​ការ​សម្អាត​សាច់ប្រាក់ ឬ​ហៅ​ថា​លាងលុយកខ្វក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម កម្ពុជា​កំពុង​ជំរុញ​អោយ​ម្ចាស់​អាជីវកម្ម​លំនៅ​ឋាន និង​អាជីវកម្ម​កាស៊ីណូ ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ទាំងអស់ ដើម្បី​អោយ​ប្រាកដ​ថា នឹង​មិន​សកម្មភាព សម្អាត​ប្រាក់​នៅ​កម្ពុជា​នោះ​ឡើយ ខណៈ​ចំនួន​កាស៊ីណូ​នៅ​ស្រុក​ខ្មែរ​មាន​សន្ទុះ​កើនឡើង​ខ្ពស់ ជា​ពិសេស​ការ​វិនិយោគ​ពី​អ្នក​វិនិយោគិន​ចិន​តែ​ម្តង​លើ​វិស័យ​កាស៊ីណូ​នៅកម្ពុជា ។

លោក ម៉ី វ៉ា​ន់ ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី ១ សីហា នៅ​ឯ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី «​កាតព្វកិច្ច​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម របស់​បុគ្គល​រាយ​ការ​ណ៏​អភិវឌ្ឍ​លំនៅ​ឋាន​» នៅ​សណ្ឋាគារ​ភ្នំពេញ​បញ្ជាក់​ថា ប្រទេស​កម្ពុជា បាន​ចូល​ជា​សមាជិក​នៃ​ក្រុម​ប្រទេស​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​តាំងពី​ឆ្នាំ​២០០៤ ហើយ​ការ​ក្លាយ​ខ្លួន​ជា​សមាជិក​នេះ កម្ពុជា​ត្រូវ​មាន​កាតព្វកិច្ច​អនុវត្ត​តាម​អនុសាសន៍​ទាំង​៤០ និង​អនុសាសន៍​ស្នូល​ទាំង​១១ ស្តី​ពី​ការ​ប្រឆាំង ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ។

​លោក​បាន​បន្ត​ថា ដើម្បី​ពង្រឹង​នូវ​គោលការណ៍​នេះ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ក្រសួង​សេដ្ឋកិច្ច​បាន​អញ្ជើញ​តំណាង​ម្ចាស់​អាជីវកម្ម​លំនៅ​ឋាន និង​អាជីវកម្ម​កាស៊ីណូ មក​ពិភាក្សា​លម្អិត​ពី​កាតព្វកិច្ច​សំខាន់​ៗ ដែល​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន និង​ក្រុមហ៊ុន​កាស៊ីណូ​ត្រូវ​អនុវត្ត ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញ​ប្ប ទាន​ភេរវកម្ម​ដែល​ក្នុង​នោះ​រួម​មាន ការ​រៀបចំ​បង្កើត​គោលនយោបាយ និង​នីតិវិធី​ផ្ទៃក្នុង​សម្រាប់​ទប់ស្កាត់ ការ​លាង​សម្អាត​ប្រាក់​របស់​ឧក្រិដ្ឋជន​នៅ​ពេល​ធ្វើ​ប្រតិបត្តិ​ទិញ​លំនៅ​ឋាន និង​ការ​ប្រតិបត្តិការ​ជាមួយ​អតិថិជន​កាស៊ីណូ​, ការ​រៀបចំ​បង្កើត​ឱ្យ​មាន​មន្ត្រី​ប្រតិបត្តិ​គោលការណ៍​ស្គាល់​អតិថិជន​, ប្រព័ន្ធ​រាយការណ៍ ប្រតិបត្តិការ​សង្ស័យ និង​ប្រតិបត្តិការ​សាច់ប្រាក់​ទៅ​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ជាដើម​។

លោក​បន្ត​ថែម​ថា អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិញ្ញ​វត្ថុ បាន​ធ្វើ ការ​សិក្សា​ស្រាវជ្រាវ​ក្រោម​ជំនួយ​បច្ចេកទេស​របស់​ដៃគូរ​អភិវឌ្ឍន៍​ធនាគារពិភពលោក «​រៀបចំ​ជា​យន្តការ តាមដាន​ត្រួតពិនិត្យ​ហានិភ័យ​ការ​លាង​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​សម្រាប់​វិស័យ​អចលនវត្ថុ និង​កាស៊ីណូ ក្នុង​គោលដៅ​ការពារ ទប់ស្កាត់​ភាព​ងាយ​រង​គ្រោះ​ក្នុង​វិស័យ​នេះ និង​ដើម្បី​ធានា​ឱ្យ​បាន​នូវ ភាពរឹងមាំ​ក្នុង​ការ​ចូលរួម​ទ្រទ្រង់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ជាតិ​» ។

​លោក​ក៏​បាន​ស្នើ​ឱ្យ​អ្នក​អភិវឌ្ឍ​លំនៅ​ឋាន និង ក្រុមហ៊ុន​កាស៊ីណូ​ដែល​ទទួល​បាន​អាជ្ញា​បណ្ណ​ទាំងអស់ សូម​ចូលរួម​ក្នុង​ការ​អនុវត្ត​កាតព្វកិច្ច​សំខាន់​ៗ ដែល​មាន​ចែង​ជា​ធរមាន​ក្នុង​ច្បាប់ និង​ប្រកាស​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ដើម្បី​ចូល រួម​ទប់ស្កាត់ និង​ការពារ​អ្នក​អភិវឌ្ឍ​លំនៅ​ឋាន និង​វិស័យ​កាស៊ីណូ ឱ្យ​រួច​ផុត​ពី​ភាព​ងាយ​រង​គ្រោះ ក្នុង​ការ លាង​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ