ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ស្វែងរក​ទិញ​ដី​នៅ​អរិយ​ក្សត្រ​កើនឡើង​ធ្វើ​អោយ​តម្លៃ​ដី​ហក់​គុណ​នឹង​បី

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​គម្រោង​អភិវឌ្ឍន៍​របស់​វិនិយោគិន​នៅ​តំបន់់​អរិយ​ក្សត្រ ធ្វើ​អោយ​ឈ្មួញ​និង​វិនិយោគិន​នានា​កំពុង​ស្វែងរក​ទិញ​ដី​យ៉ាង​គគ្រឹកគគ្រេង​នៅ​តំបន់​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្ដាល ដែល​នៅ​មិន​ឆ្ងាយ​ពី​ទីក្រុង​រណប​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នោះ​ឡើយ​។ ការ​ស្វែងរក​ទិញ​ដី​នៅ​តំបន់​នោះ…

​រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​គម្រោង​អភិវឌ្ឍន៍​របស់​វិនិយោគិន​នៅ​តំបន់់​អរិយ​ក្សត្រ ធ្វើ​អោយ​ឈ្មួញ​និង​វិនិយោគិន​នានា​កំពុង​ស្វែងរក​ទិញ​ដី​យ៉ាង​គគ្រឹកគគ្រេង​នៅ​តំបន់​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្ដាល ដែល​នៅ​មិន​ឆ្ងាយ​ពី​ទីក្រុង​រណប​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នោះ​ឡើយ​។

ការ​ស្វែងរក​ទិញ​ដី​នៅ​តំបន់​នោះ បាន​ធ្វើ​អោយ​តម្លៃ​ដីធ្លី ហក់​ឡើង​ទ្វេរ​មួយ​ជា​ពីរ​និង​កន្លែង​ខ្លះ តម្លៃ​ហក់​ឡើង​គុណ​នឹង​បី ។ ​ប្រជាពលរដ្ឋ​នៅ​ឃុំ​អរិ​យស​ក្សត្រ ដែល​ជា​តំបន់​កោះ​មួយ​ត្រើយម្ខាង​នៃ​ដង​ទន្លេ បាន​និយាយ​ស្រ​ដៀង​គ្នា​ថា ចាប់តាំងពី​មាន​ដំណឹង​អភិវឌ្ឍន៍​នៅ​តំបន់​អរិយ​ក្សត្រ​ពី​សំណាក់​វិនិយោគិន​ខ្មែរ ធ្វើ​អោយ​ឈ្មួញ​ដើរ​រក​ទិញ​ដី​សម្រាប់​ទុក​លក់​បន្ត និង​ទិញ​ដី​អភិវឌ្ឍន៍​យ៉ាងច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជា​ពិសេស​វិនិយោគិន​ចិន​តែ​ម្ដង ហើយ​ជនជាតិ​ចិន​ហ៊ាន​អោយ​តម្លៃ​ដី​របស់​ពលរដ្ឋ​ខ្ពស់​ថែម​ទៀត​ផង ដែល​ធ្វើ​អោយ​តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ កាន់តែ​ហក់​ឡើង​ខ្ពស់ ។ ​

លោកស្រី ស្រី ពៅ ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​អរិយ​ក្សត្រ បាន​និយាយ​ប្រាប់​ថា ចាប់តាំងពី​លឺដំនឹង​មានការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​មួយ​នៅ​អរិយ​ក្សត្រ ឃើញ​ថា​មានការ​ស្វែងរក​ទិញ​ដី​ច្រើន​ពី​សំណាក់​ឈ្មួញ ជា​ពិសេស​ជនជាតិ​ចិន សម្រាប់​អភិវឌ្ឍន៍​គម្រោង​របស់​ពួក​គេ ។ ឈ្មូ​ញ​និង​ពួក​អ្នក​វិនិយោគិន​ចិន​ទាំងនេះ ហ៊ាន​អោយ​តម្លៃ​ខ្ពស់​ណាស់ ។ ជាក់ស្ដែង​ដី​របស់​លោកស្រី​ដែល​មាន​ទទឹង​ប្រមាណ​១០​បណ្ដោយ​៣០​ទៅ​៤០​ម៉ែត្រ ចិន​ហ៊ាន​អោយ​តម្លៃ ២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ហើយ​ដី​អ្នក​ភូមិ​ផ្សេង​ទៀត ដែល​មាន​ទំហំ​តូច​តែ​មួយ​ក៏​គេ​កាត់​តម្លៃ​ដល់​ទៅ​ជិត​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ដែរ ។ ​លោកស្រី​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​គាត់​លក់​តែ​ដីចំការ​ដំណាំ​ប៉ុណ្ណោះ ដោយឡែក​ដី​លំនៅ​ឋាន​វិញ មិន​ទាន់​មានការ​ទិញ​លក់​ច្រើន​នោះ​ទេ ព្រោះ​ប្រជាពលរដ្ឋ​ហាក់​រារែក ដោយសារ​តែ​មិន​ទាន់​ស្វែង​រកបាន​ទីតាំង​ថ្មី សម្រាប់​រស់នៅ​និង​ប្រកប​អា​ជីវ​កម្ម ជាក់ស្ដែង​លោកស្រី​ថា ពេល​ដែល​លក់​ដី​នេះ​ហើយ មិនដឹង​ថា​ទៅ​រស់​នៅឯណា​បន្ត​ហើយ​ធ្វើការ​រកស៊ី​អ្វី​នៅឡើយ ដូច្នេះ​ហើយ​ទើប​លោកស្រី​ចេះ​តែ​មិន​ទាន់​លក់​និង​រស់នៅ​ដី​កេរ្តិ៍ ដូនតា​នេះ​បន្ត​ទៀត​ទៅ ។

លោក ឌឹ​ត ច​ណ្ណា អគ្គនាយក​ក្រុមហ៊ុន​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ ឡាក់​គី បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​មាន​គម្រោង​អភិវឌ្ឍន៍​ណាមួយ​នៅ​ទីតាំង​ណា​នោះ តម្លៃ​ដីធ្លី តែង​មានការ​ប្រែប្រួល​កើនឡើង តួយ៉ាង​នៅ​តំបន់​អរិយ​ក្សត្រ​នេះ លឺ​ថា​មាន​ក្រុមហ៊ុន​ជា​ច្រើន​គ្រោង​បោះទុន​សាងសង់​ជា​អគារ និង​កែប្រែ​ទៅ​ជា​តំបន់​លំនៅ​ឋាន ដូច្នេះ​ហើយ​ទើប​ធ្វើ​អោយ​តម្លៃ​ដី​នៅ​ទីនោះ​កើនឡើង​ខ្ពស់​បែប​នេះ ។ ​លោក​បន្ត​ថា តាម​ពិត​ទៅ​តំបន់​អរិយ​ក្សត្រ​នេះ នៅ​មិន​ឆ្ងាយ​ពី​តំបន់​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ប៉ុន្មាន​នោះ​ទេ គ្រាន់តែ​វា​បាំង​ទន្លេ និង​ត្រូវ​ឆ្លងកាត់​តាម​សាឡា​ង ទើប​ធ្វើ​អោយ​តំបន់​នេះ ហាក់​នៅ​ឆ្ងាយ​ពី​ភ្នំពេញ ។ បើសិនជា​រដ្ឋាភិបាល​មាន​គម្រោង​សាងសង់​ស្ពាន​ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​តំបន់​អរិយ​ក្សត្រ​នេះ វា​អាច​នឹង​ធ្វើ​ឱ្យ​តម្លៃ​ដីធ្លី នៅ​អរិយ​ក្សត្រ​កាន់តែ​កើនឡើង​ខ្ពស់​ថែម​ទៀត មិន​នៅ​ត្រឹមហ្នឹង​នោះ​ទេ ។

លោក​បាន​ថា « កា​រត​ភ្ជាប់​ស្ពាន​ពី​ភ្នំពេញ​ទៅ​អរិយ​ក្សត្រ​នេះ មិន​ចាំបាច់​ទាល់តែ​ត​ភ្ជាប់​ពី​កោះ​ពេជ្រ ឬ​ពីមុខ​ណា​ហ្គា ទៅ​ផ្ទាល់​នោះ​ទេ គ្រាន់តែ​ត​ភ្ជាប់​ពី​តំបន់​ច្បារ​អំពៅ ឬ តំបន់​ជ្រោយចង្វារ​ទៅ​កាន់​អរិយ​ក្សត្រ​ក៏​វា​បាន​កែប្រែ​តំបន់​នោះ​មួយ​ចំណែក​បាត់​ទៅ​ហើយ ហើយ​វា​ក៏​នឹង​ក្លាយជា​ចំណាប់អារម្មណ៍​របស់​វិនិយោគិន​ក្នុង​និង​ក្រៅ​ស្រុក​ជា​ច្រើន​ទៀត​ដែរ » ។ ​លោក​បន្ថែម​ថា សព្វថ្ងៃ​តំបន់​អរិយ​ក្សត្រ​មាន​ឧបសគ្គ​មួយ​ចំនួន ដែល​រារាំង​ដល់​ការ​អភិវឌ្ឍន៍​របស់​វិនិយោគិន ទី​១)- មិន​មាន​ស្ពាន​ឆ្លងកាត់​ដោយ​ផ្ទាល់ ហើយ​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នោះ ត្រូវ​ឆ្លងកាត់​សាឡា​ង​។ ទី​២)- តំបន់​នោះ​ជា​តំបន់​ទំនាប និង​មិន​ទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ ដូច្នេះ​អ្នក​វិនិយោគ​ត្រូវ​ចាក់​ដី​បំពេញ​ឱ្យ​ខ្ពស់​មុន​នឹង​សាងសង់​អ្វីមួយ និង​ទី​៣ តំបន់​នេះ មិន​ទាន់​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​នៅឡើយ តែ​ថ្ងៃ​អនាគត​តំបន់​អរិយ​ក្សត្រ នឹង​ក្លាយជា​តំបន់​សក្ដានុពល​មួយ ។

លោក​បាន​បន្ត​ថា «​សព្វថ្ងៃ ដីធ្លី​តំបន់​នេះ គេ​អាច​រក​ទិញ​បាន​ក្នុង​តម្លៃ ប្រមាណ ១០០​ដុល្លារ​ទៅ​៣០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ សម្រាប់​តំបន់​ដែល​ជាប់​ផ្លូវ​ធំ និង​ចន្លោះ​ប្រមាណ​៣០​ដុល្លារ​នៅ​តំបន់​ដែល​មិន​ជាប់​ផ្លូវ » ។ ​លោក​បញ្ជាក់​ថា សម្រាប់​អ្នក​វិនិយោគ ដែល​ចង់ទៅ​វិនិយោគ​នៅ​តំបន់​អរិយ​ក្សត្រ​ត្រូវ​គិត​ពី​កញ្ចប់​ថវិកា​វិនិយោគ​របស់​ខ្លួន និង​រយៈពេល ។ ក្នុង​ន័យ​នេះ លោក​ចង់​សំដៅ​ថា អ្នក​វិនិយោគ​នោះ​នឹង​ប្រើ​រយៈពេល​វែង​ឬ​ខ្លី ពីព្រោះ​តំបន់​នេះ ត្រូវការ​ប្រើ​ពេល​វែង​ដើម្បី​អភិវឌ្ឍន៍ ដោយសារ​តែ​ត្រូវការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មុន​សិន ទើប​អាច​អភិវឌ្ឍន៍​វិស័យ​ឯកជន​តាម​ក្រោយ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ