ខេត្តកំពង់ចាម ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា សិស្សរៀននៅវិទ្យាល័យ ជួន ណាត ចំនួន២នាក់បានលង់ទឹកទន្លេមេគង្គស្លាប់គួរឱ្យសង្វេគណាស់បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងមនុស្សម្នាជាច្រើននាំគ្នាមករាវរកសព កាលពីម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៣ សីហា ២០១៩ ស្ថិតនៅត្រង់ចំណុចភូមិកោះកំពង់ត្រុំក្រោម ឃុំកោះមិត្ត ស្រុកកំពង់សៀម ។
សេចក្តីរាយការណ៍បន្តថា សិស្សរងគ្រោះទាំង២នាក់ខាងលើនេះ ម្នាក់ឈ្មោះលឹម មករា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិគោកគ្រាម ឃុំវិហារធំ ស្រុកកំពង់សៀម និងម្នាក់ទៀតឈ្មោះម៉ៅ ធ្នូ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិវិហារ ឃុំវិហារធំ។
បើតាមលោកវ៉ែន នាង មេឃុំកោះមិត្ត ប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ មានសិស្សជាច្រើននាក់បាននាំគ្នាជិះម៉ូតូចេញពីសាលារៀនរបស់ខ្លួនមកលេងទឹកនៅត្រង់ចំណុចខាងលើ ដោយមានខ្លះចុះមកងូតទឹកលេង និងខ្លះទៀតនៅលើគោក ហើយទឹកទន្លេក៏បានឡើងបណ្តើរៗក្នុងរដូវវស្សា ហើយក៏មានកន្លែងរាក់ និងជ្រៅផងដែរ ។
លោកមេឃុំកោះមិត្តប្រាប់បន្តថា ក្នុងគ្រានោះ មានសិស្សម្នាក់ឈ្មោះលឹម មករា បានទៅលេងទឹកនៅកន្លែងទឹករាក់ បន្ទាប់មកស្រាប់តែដើរទៅរកកន្លែងរាងជ្រៅបន្តិចក៏ផុងជើង ហើយក៏ស្រែកហៅឲ្យមិត្តភក្តិនៅលើគោកជួយ។ ដោយឃើញបែបនេះឈ្មោះម៉ៅ ធ្នូ ក៏បានប្រញាប់ប្រញាល់រត់លោតមកចុះជួយ ស្រាប់តែលិចបាត់ទាំង២នាក់តែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោឡើងដល់សមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋនាំគ្នាមកមើលហេតុការណ៍ និងបាននាំគ្នាជួយចុះរាវរកឃើញស្លាប់ទាំង២នាក់ ។
តាមសមត្ថកិច្ចបានឱ្យដឹងថា សពរបស់សិស្សទាំង២នាក់នោះពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។
យោងតាមការបំភ្លឺរបស់សិស្សជាច្រើននៅកន្លែងកើតហេតុថា នៅម៉ោង២រសៀលថ្ងៃទី៣សីហា ពួកគេមានគ្នាជាច្រើននាក់បានជិះម៉ូតូមកលេងឆ្នេរខ្សាច់នៅភូមិកោះកំពង់ត្រុំក្រោម ដោយមិត្តរបស់គេឈ្មោះ មករា ងូតទឹកលេងក៏លង់ និងស្រែកហៅឲ្យគេជួយ ស្រាប់តែឈ្មោះធ្នូ ដែលមិនចេះហែលទឹកផង ក៏ស្ទុះទៅជួយបណ្តាលឲ្យលង់ស្លាប់ទាំង២នាក់តែម្តង ។
ដោយមានការយល់ព្រមពីលោកហួត វុទ្ធី ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តនៅម៉ោង៥និង៥៣នាទីល្ងាចថ្ងៃដដែល សពជនរងគ្រោះទាំង២នាក់ត្រូវបានប្រគល់ឲ្យទៅសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីហើយ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ