ប្រទេសជប៉ុន-កូរ៉េខាងត្បូង ៖ ប្រទេសជប៉ុននិងកូរ៉េខាងត្បូងកាលពីថ្ងៃទី២ សីហា បានដាក់ទណ្ឌកម្មពាណិជ្ជកម្មគ្នាទៅវិញទៅមក ក្នុងពេលមានភាពតានតឹង រវាងប្រទេសទាំង២ជាសម្ព័ន្ធមិត្តនឹងគ្នា ដែលមានទំនាស់នៃប្រវត្តិសាស្ត្រ។
ក្រុងតូក្យូដំបូងបានសម្រេចលុបកូរ៉េខាងត្បូងចេញពីបញ្ជីបណ្ដាប្រទេស ជាដៃគូពាណិជ្ជកម្មអភ៏យឯកសិទ្ធិ។ ចំណែកក្រុងសេអ៊ូលវិញបានតបតជាមួយការដាក់ទណ្ឌកម្មរិតត្បិតដូចគ្នានោះដែរ ហើយគំរាមមិនបន្តកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសើុបការណ៍យោធាគ្នា។
ការសម្រេចរបស់ជប៉ុនមានឥទ្ធិពលចាប់ពីថ្ងៃទី២៨សីហាទៅ។ ក្រុងតូក្យូបានដកកូរ៉េខាងត្បូងចេញពីប្រភេទបណ្ដារដ្ឋដែលពុំចាំបាច់មាននីតិវិធីសុំការអនុញ្ញាត សម្រាប់ទិញបណ្ដាផលិតផលរសើបផលិតនៅជប៉ុន និងពីបញ្ជីបណ្ដារដ្ឋនៃក្រុមB ដែលមានការអនុញ្ញាតពិសេសជាកាតព្វកិច្ច។
សម្រាប់អាជ្ញាធរជប៉ុននិយាយថា នោះគ្រាន់ជាការសើរើឡើងវិញ បញ្ជីបណ្ដាប្រទេសដែលមានទំនុកចិត្តចាំបាច់ ក្នុងក្របខណ្ឌនៃការគ្រប់គ្រងឲ្យបានសមស្របការត្រួតកពិនិត្យការនាំចេញដើម្បីសន្តិសុខជាតិ ហើយពុំមែនជាទណ្ឌកម្មនោះទេ។
ប៉ុន្តែភាពតានតឹងបានឡើងខ្ពស់រវាងក្រុងសេអ៊ូលនិងក្រុងតូក្យូ ដោយសារទំនាស់ទាក់ទិននឹងការកាន់កាប់អាណានិគមរបស់ជប៉ុនលើឧបទ្វីបកូរ៉េពីឆ្នាំ១៩១០ដល់១៩៤៥ ដែលបំពុលទំនាក់ទំនងរវាងប្រទេសទាំង២ ចាប់តាំងពីច្រើនទសវត្សមកហើយ។ រដ្ឋាភិបាលជប៉ុនខឹងខ្លាំងណាស់ ដែលតុលាការកូរ៉េខាងត្បូង ទាមទារដល់បណ្ដាសហគ្រាសជប៉ុន ឲ្យចេញសងការខូចខាតដល់បណ្ដាជនជាតិខ្លួនជាអ្នករងគ្រោះដោយការចាប់បង្ខំឲ្យធ្វើការធ្ងន់ ក្នុងបណ្ដារោងចក្ររបស់ពួកគេរហូតដល់បញ្ចប់សង្គ្រាមលោកលើកទី២។
រដ្ឋាភិបាលកូរ៉េខាងត្បូងមានប្រតិកម្មតបវិញភ្លាមៗ ដោយដកជប៉ុនចេញពីបញ្ជីស នៃបណ្ដាដៃគូពាណិជ្ជកម្មអភ័យឯកសិទ្ធិ។ ប្រធាធិបតីកូរ៉េខាងត្បូងលោកMOON JEA IN បរិហារថា វិធានការរបស់ជប៉ុននោះជាអំពើអត្តទត្ថនិយម ដែលនឹងនាំឲ្យមានការខូចខាតធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ដោយនាំឲ្យមានការរាំងស្ទះខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ ហើយលោកទាមទារឲ្យជប៉ុនលុបចោលវិញបណ្ដាវិធានការជាឯកតោភាគីនិងអយុត្តិធម៌ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ