នៅឆ្នាំ១៩៥១ តាមកិច្ចព្រមព្រៀងផ្ទេរអំណាចពីអាណានិគមបារាំងមក ព្រះរាជាណាចក្រកម្ពុជាមានការបង្កើតការិយាល័យភាពយន្តក្នុងក្រសួងឃោសនាការ ដែលមានភារកិច្ចពិនិត្យមើលភាពយន្តនាំចូលមកក្នុងប្រទេសដើម្បីបញ្ចាំងឱ្យសាធារណជនមើល ។ កុនដែលត្រូវបញ្ចាំងនៅពេលនេះភាគច្រើនជាកុនដែលនាំមកពីប្រទេសបារាំង ។ នេះបើតាមឯកសារកំណើតកុនខ្មែរ ហើយបន្តអត្ថាធិប្បាយថា នៅពាក់កណ្ដាលទសវត្ស១៩៥០ចាប់ផ្ដើមមានកុនឥណ្ឌា និងសៀមចូលមកស្រុកខ្មែរ ។ តាមយោបល់អ្នកធ្លាប់រស់នៅសម័យនោះនិយាយថា កុនឥណ្ឌាមានប្រជាប្រិយភាពជាងគេ ដោយសារកុនឥណ្ឌាច្រើនតែយករឿងព្រេងមកថត មានស្ដេចមានឥសី មានសិល្ប៍ មានមន្តអាគម មានរបាំ មានចម្រៀងជាដើម ដែលខ្មែរជាន់នោះចូលចិត្តមើលណាស់ ។
ចាប់ពីទសវត្ស១៩៥០ ទៅយើងអាចនិយាយថា កុនខ្មែរមានមូលដ្ឋានហើយ ពោលគឺមានការថតកុននៅស្រុកខ្មែរដោយខ្មែរខ្លួនឯង។ ក្នុងប្រវត្តិកុនខ្មែរនេះមានព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ជាអ្នកថតកុនខ្មែរមុនដំបូងគេ គឺព្រះអង្គចាប់ផ្ដើមថតកុនខ្លីៗ ដោយប្រើហ្វី៊ល១៦មិល្លីម៉ែត្រ តាំងពីចុងទសវត្ស១៩៤០ម្ល៉េះ ។ ចាប់ពីនោះមកមានអ្នកថតកុនខ្មែរដទៃទៀតកើតឡើង ។ ក្នុងចំណោមនោះយើងសង្កេតឃើញថា មាន៣ក្រុមដែលមួយក្រុមបានទៅរៀនបច្ចេកទេសថតកុននៅស្រុកបារាំងដូចជា លោករឿម សុផុន និងលោក អៀវ បណ្ណាការ ជាដើម ។ លោករឿម សុផុន បានទៅរៀននៅសាលាបារាំងហៅថា Institut des Hautes Etudes Cinematographiques។
ក្រោយពីលោករឿម សុផុន បានបញ្ចប់ការសិក្សានៅដើមទសវត្ស១៩៥០ គាត់បានត្រឡប់មកស្រុកខ្មែរវិញ ហើយនៅបម្រើការក្នុងព្រះបរមរាជវាំង ។ ពេលនោះគាត់ក៏បានចាប់ផ្ដើមថតកុនមួយរឿងដោយប្រើហ្វី៊ល១៦មិល្លីម៉ែត្រ ។ ក្នុងនោះបានយកទៅបញ្ចាំងក្នុងរោងតាមខេត្តមួយចំនួន ។
ចំណែកលោកអៀវ បណ្ណាការ ពេលនោះគាត់ថតកុនមួយដែលមានចំណងជើងថា «ឈាមខ្មែរ» ដោយប្រើម៉ាស៊ីនថតកុនរបស់ព្រះករុណាសីហនុផ្ទាល់ ហើយថតជាស-ខ្មៅ ។ កុននេះនិយាយអំពីជប៉ុនមកស្រុកខ្មែរក្នុងអំឡុងសង្គ្រាមលោកលើកទី២ ។
មានម្នាក់ទៀតឈ្មោះសោម សំអាល់ បានទៅរៀននៅសាលា Institut des Hautes Etudes Cinematographiques នោះដែរ ។ គាត់បានថតកុនមួយមានចំណងជើងថា «ផ្ការីក ផ្ការោយ» នៅឆ្នាំ១៩៦០ ។ សាច់រឿងរបស់កុននេះដកស្រង់ចេញពីសៀវភៅរឿងប្រលោមលោកដែលតែងដោយលោកអៀង សាយ ។
នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៦០ កុននោះបើកបញ្ចាំងនៅរោងកាពីតូល(Capitol) ។ ក្នុងឱកាសនោះមានអ្នកកាសែតខ្លះនិយាយថា នេះជាកុនខ្មែរពណ៌ខ្នាតធំលើកទី១ ហើយបែបសម្ដែងមិនអន់ជាងកុនបរទេសទេ ។ តែក្នុងចំណោមអ្នកកាសែតនោះ មានខ្លះគេមិនសរសើរណាស់ណាទេ ដូចលោកទេព ឈីវខេង (បានទៅរៀននៅសាលាបារាំងដូចខាងលើនោះដែរ) គាត់គ្រាន់តែនិយាយថា «ខ្ញុំមិនថាកុននេះអស្ចារ្យទេ គ្រាន់តែគួរតែមើលប៉ុណ្ណោះ» ។
លោកសោម សំអាល់ បានថតកុនមួយទៀតដែលមានចណងជើងថា «ដានព្រានល្បះព្រិច» ជារឿងស្នេហារបស់ទាហានម្នាក់ ជាមួយកូនស្រីជនជាតិភាគតិចនៅមណ្ឌលគិរី។ ក្នុងកុននោះយើងឃើញមានបង្ហាញ «ការយកចិត្តទុកដាក់ចំពោះជនជាតិភាគតិច ដែលជាគោលនយោបាយបង្រួបបង្រួមជាតិរបស់សង្គមរាស្ត្រនិយម»។ ដូច្នេះហើយមានអ្នកខ្លះនិយាយថា លោកយកកុនទៅបម្រើការឃោសនានយោបាយ ។
ក្នុងចំណោមអ្នកថតកុនដែលបានទៅរៀនបច្ចេកទេសថត ដូចជាការដឹកនាំរឿង ការតែងនិពន្ធរឿងជាដើម នៅឯបរទេសនោះ ជាទូទៅពួកគេមានបំណងថតកុនខ្នាតអន្តរជាតិ ។ កុនបែបនេះពិបាកធ្វើ ពីព្រោះត្រូវការចំណេះ និងប្រាក់ច្រើន ម្ល៉ោះហើយកុនរបស់គេដែលមានខ្នាតរបៀបនោះ ពុំមានច្រើនឡើយ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ