ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​បោក​នៅ​លើគោក​…​មានអី​៣​នាក់​ត្រូវ​ចាប់ខ្លួន​…

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ មនុស្ស​៣​នាក់​ដែល​អះអាង​ថា ជា​ភ្នាក់ងារ​កាសែត​ក្នុងស្រុក​មួយ​ឈ្មោះ​«​មាន​ជ័យ​» បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៩ នៅ​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាល​វែង…

ខេត្តពោធិ៍សាត់ ៖ មនុស្ស​៣​នាក់​ដែល​អះអាង​ថា ជា​ភ្នាក់ងារ​កាសែត​ក្នុងស្រុក​មួយ​ឈ្មោះ​«​មាន​ជ័យ​» បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៩ នៅ​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាល​វែង ពី​បទ​ឆបោក​លក់​វត្ថុ​បុរាណ និង​ប្រើប្រាស់​លុយ​ដុល្លារ​ក្លែងក្លាយ​។

តាម​ប្រភព​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ក្នុង​នោះ​១-​ឈ្មោះ ភ​ន ហ៊ាន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ឈ្លើង ឃុំ​កោះរ​ការ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម (​ម្ចាស់​រថយន្ដ​) ២-​ឈ្មោះ អុី​ ម៉ុ​ក ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ពាម​ស្ដី​ឃុំ​ព្រែកជីក ស្រុក​កំពង់លាវ ខេត្តព្រៃវែង និង​៣-​ឈ្មោះ គឹ​ម ចាន់​នី ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​គោក​គង់​លិច ឃុំ​គោក​គង​លិច ស្រុក​ក​ញ្ជៀ​ច ខេត្តព្រៃវែង (​មាន​កាត​មន្ត្រី​នគរបាល​ជាតិ​នៅ​នាយកដ្ឋាន​អង្គរក្ស​)​។​ជនសង្ស័យ​ទាំង​៣​នាក់​ជា​ភ្នាក់ងារ​កាសែត​មាន​ជ័យ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដែល​ប្រជាពលរដ្ឋ​៤​នាក់​បាន​ប្ដឹង​មក​តុលាការ​ថា ​ជនសង្ស័យទាំង​៣នាក់​​ដើរ​ធ្វើ​សកម្មភាព​លក់​វត្ថុ​បុរាណ​(​ព្រះវិស្ណុ​ដៃ​៨) បោក​យក​លុយ​សរុប​អស់​៩០០០​ដុល្លារ និង​ម៉ូតូ​២​គ្រឿង នៅ​ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ឃុំ​ព្រ​ងិ​ល និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ​។

សមត្ថកិច្ច​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ ពួក​គេ​បាន​ប្រើ​ល្បិច​យក​រូបចម្លាក់​ព្រះ​វិស្ណុ​ដៃ​៨​ទៅ​ឆបោក​ប្រជាពលរដ្ឋ​ឈ្មោះ ឈឹ​ម ឈួ​យ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ នៅ​ឃុំ​កំពង់​ពោធិ៍​ស្រុក​ក្រគរ ដោយ​បាន​ឲ្យ​ឈ្មោះ ចាន់​នី ដើរតួ​ធ្វើ​ជា​ម្ចាស់​របស់ ហើយ​ឈ្មោះ អុី​ ម៉ុ​ក ជា​អ្នក​ទៅ​បបួល​ឈ្មោះ​ឈឹ​ម ឈួ​យ ទិញ​។ ឈ្មោះ​អុី​ ម៉ុ​ក ប្រាប់​ឈ្មោះ ឈឹ​ម ឈួ​យ ថា​មាន​គេ​លក់​វត្ថុ​បុរាណ​ព្រះ​វិស្ណុ​ដៃ​៨​ក្នុង​តម្លៃ​១២.០០០​ដុល្លារ តែ​ខ្ញុំ​មាន​លុយ​តែ​៧.០០០​ដុល្លា​ទេ​(​លុយ​ឆេ​ង​ម៉េ​ង​) បើ​បង​ហ៊ុន​គ្នា​ជាមួយ​ខ្ញុំ​ទិញ​របស់​នោះ​ទុក​លក់​បន្ត អាច​តម្លៃ​ក្នុង​ចន្លោះ​ពី​៤០.០០០ ទៅ ៥០.០០០​ដុល្លា​រ​ឯណោះ​។ លុះ​ថា​ហើយ ពួក​គេ​ទាំង​២​នាក់​ក៍​ទៅ​ជួប​ឈ្មោះ ចាន់​នី ដើម្បី​មើល​របស់​។

សមត្ថកិច្ច​បាន​បន្ត​ថា ក្រោយ​ពី​បានឃើញ​ហើយ ឈ្មោះ ឈឹ​ម ឈួ​យ ក៍បាន​ព្រម​ហ៊ុន​គ្នា​ទិញ​ជាមួយ​ឈ្មោះ​អុី ម៉ុ​ក​។ ឈ្មោះ ឈឹ​ម ឈួ​យ ពុំ​មាន​លុយ​គ្រប់​ទេ​បាន​ប្រគល់​ម៉ូតូ​របស់​ខ្លួន​ម៉ាក​វ៉េវ​អាល់​ហ្វា​មួយ​គ្រឿង​និង​ម៉ូតូ​របស់​កូន​ម៉ាក​ហុងដា​ស៊េរី​ឆ្នាំ​២០១៩​មួយ​គ្រឿង​ទៀត​ឲ្យ​ទៅ​ឈ្មោះ​ចាន់​នី​។ ដើម្បី​ឲ្យ​ជឿជាក់ ឈ្មោះ អុី ម៉ុ​ក បាន​ប្រគល់​ព្រះ​វិស្ណុ​ដៃ​៨​ឲ្យ​ទៅ​ឈ្មោះ ឈឹ​ម ឈួ​យ ទុក​ក្នុងផ្ទះ​របស់​គាត់ ហើយ​ថា​យក​ម៉ូតូ​ទៅ​លក់​ដើម្បី​យក​លុយ​មក​ឲ្យ​គេ ក៏ទៅ​បាត់​រហូត​ទៅ​។ លុះ​ក្រោយមក​ទើប​ដឹង​ថា វត្ថុ​បុរាណ​ព្រះ​វិស្ណុ​ដៃ​៨​នោះ​គឺជា​ស្ពាន់​សោះ​ក៏ទៅ​ប្ដឹង​សមត្ថកិច្ច ។ នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ ពួក​គេ​ទាំង​៣​នាក់​បាន​ប្រើ​ល្បិច​ដើរ​ធ្វើ​សកម្មភាព​របៀប​នេះ​នៅ​ឃុំ​ព្រ​ងិ​ល និង​ឃុំ​ស​ន្ទ្រែ​ស្រុក​ភ្នំក្រវាញ​ទៀត លុះ​នៅ​ថ្ងៃ​ទី​២ ខែសីហា សមត្ថកិច្ច​ពង្រឹងកម្លាំង​គ្រប់​ទីកន្លែង​ទើប​ចាប់​បាន​នៅ​ឃុំ​ថ្មដា ស្រុក​វាល​វែង​តែ​ម្ដង​។

​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន លុយ​ដុល្លារ​ក្លែងក្លាយ (​លុយ​សម្រាប់​សែន​) ចំនួន​៧០០០​ដុល្លារ​, វិទ្យុទាក់​​ទង​​ចំនួន​៣​គ្រឿង​, លោហៈធាតុ​រូប​ព្រះ​វិស្ណុ​ដៃ​៨​ចំនួន​៣​អង្គ​, ប័ណ្ណសំគាល់ខ្លួន​ភ្នាក់ងារ​កាសែត​មាន​ជ័យ ព្រមទាំង​បាន​ដកហូត​មធ្យោបាយ​ធ្វើ​ដំណើរ​នូវ​រថយន្ដ​កាម​រី​មួយ​គ្រឿង​ផង​ដែរ​។ បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​បន្ត​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ