រាជធានីភ្នំពេញ ៖ បើតាមក្រសួងធនធានទឹក និងឧតុនិយមបាឲ្យដឹងថា ចាប់ពីថ្ងៃទី៤ ខែសីហា ដល់ថ្ងៃទី១០ ខែសីហា ប្រទេសកម្ពុជាបានកំពុងរងសម្ពាធទាបពីព្យុះទី៧ ទើបធ្វើឲ្យបណ្តាតំបន់មួយចំនួនមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម ។
យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា តាមការតាមដានជាប្រចាំនូវការវិវត្តនៃអាកាសធាតុបានបង្ហាញឲ្យឃើញថា កម្ពុជាយើងបាន និងកំពុងស្ថិតក្នុងតំបន់នៃសម្ពាធទាបមានជាអាទិ៍ ៖ជ្រលងសម្ពាធទាប (ITCZ) ដែលលាតសន្ធឹងក្នុងទឹកដីថៃ ឡាវ និងវៀតណាម ភ្ជាប់នឹងព្យុះទី ៧ ដែលបានរលាយខ្លួននៅថ្ងៃនេះ ។ ហើយព្យុះទី៨ ឈ្មោះ ហ្វ្រង់ស៊ីសភូ ដែលស្ថិតឆ្ងាយក្នុងមហាសមុទ្រនៅឡើយ ។ តែព្យុះនេះមិនមានឥទ្ធិពលមកលើកម្ពុជាយើងទេ ដោយនឹងធ្វើដំណើរទៅកាន់ទ្វីបកូរ៉េ ។
ប្រភពក៏បានឲ្យដឹងថា នៅប៉ុន្មានថ្ងៃខាងមុខនេះខាងកើតហ្វីលីពីននឹងកកើតព្យុះមួយទៀតទី ៩ ឈ្មោះ ឡេឌីម៉ា ដែលអាចមានឥទ្ធិពលមកលើកម្ពុជា ។ ទន្ទឹមនោះឥទ្ធិពលនៃខ្យល់មូសុងនិរតីនៅបន្តបក់ខ្លាំងមកលើកម្ពុជា ពិសេសនៅភាគខាងក្រោម ។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា តាមលក្ខណៈដូចបានរៀបរាប់ខាងលើនឹងធ្វើឲ្យ ៖ បណ្តាខេត្តជាប់សមុទ្រ ភ្លៀងនៅបន្តធ្លាក់ក្នុងបរិមាណពីតិចទៅខ្លាំង ។ បណ្ដាខេត្តមាន ៖ កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ កណ្តាល មណ្ឌលគិរី និងរាជធានីភ្នំពេញ ភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ បណ្ដាខេត្តមាន ៖ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងព្រះវិហារ ភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ ចាប់ពីថ្ងៃទី៤ -៨ ខែសីហា បណ្តាខេត្តមាន, ប៉ៃលិន បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងឧត្តរមានជ័យ នឹងមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។ តែចាប់ពីថ្ងៃទី៨ -១០ ខែសីហា ទៅកម្រិតទឹកភ្លៀងនឹងអាចកើនឡើងពីមធ្យមទៅបង្គរ ។
ជាមួយគ្នានោះដែរក្រសួងធនធានទឹក និងឧតុនិយមអំពាវនាវឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្ន ចំពោះឥទ្ធិពលនៃល្បឿនខ្យល់ខ្លាំងក្នុងកម្រិតពី១៥-២០ម៉ែត្រ ក្នុងមួយវិនាទី ។ រលកសមុទ្រធំដែលកម្ពស់អាចពី១-២ម៉ែត្រ ។ ជំនន់ទឹកភ្លៀង ពិសេសក្នុងភូមិសាស្ត្រនៃខេត្តកោះកុង ខេត្តព្រះសីហនុ និងកំណាត់ផ្លូវជាតិលេខ៤ ៕ កែសម្រួលដោយ ៖ សុឃក់
ចែករំលែកព័តមាននេះ