ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​កម្ពុជា​នឹង​រឹត​បន្តឹង​ចំពោះ​កម្ចី​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ការពារ​ដល់​បរិស្ថាន ឬ​ការ​អភិវឌ្ឍន៍​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ធនាគារ​កម្ពុជា​ប្រមាណ​ជិត ៥០ បាន​យល់ព្រម និង​ប្ដេជ្ញា​ថា​ខ្លួន​នឹង​ផ្ដល់​កម្ចី​ណា​យក​ទៅ​អភិវឌ្ឍន៍​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ក្នុង​គោលបំណង​ទប់ស្កាត់​ការ​បម្រែបម្រួល​អាកាសធាតុ​នៅ​កម្ពុជា និង​ពិភពលោក​ទាំងមូល ។…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ការពារ​ដល់​បរិស្ថាន ឬ​ការ​អភិវឌ្ឍន៍​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ធនាគារ​កម្ពុជា​ប្រមាណ​ជិត ៥០ បាន​យល់ព្រម និង​ប្ដេជ្ញា​ថា​ខ្លួន​នឹង​ផ្ដល់​កម្ចី​ណា​យក​ទៅ​អភិវឌ្ឍន៍​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ក្នុង​គោលបំណង​ទប់ស្កាត់​ការ​បម្រែបម្រួល​អាកាសធាតុ​នៅ​កម្ពុជា និង​ពិភពលោក​ទាំងមូល ។

ដើម្បី​ប្រាកដ​ថា​ធនាគារពាណិជ្ជ​ទាំងអស់​អនុវត្តន៍​នូវ​គោលការណ៍​នេះ​មាន​ប្រសិទ្ធិ​ភាព សមាគម​ធនាគារ​កម្ពុជា ដែល​មាន​សមាជិក​ប្រមាណ​ជិត ៥០ ធនាគារ បាន​សម្រេច​ចុះហត្ថលេខា​ជាមួយ​អាជ្ញាធរ​កម្ពុជា​ចំនួន​ពីរ និង​ស្ថាប័ន​អន្តរជាតិ​ចំនួន​មួយ ដើម្បី​ឃ្លាំមើល​នូវ​ការ​អនុវត្តន៍​នេះ ។
ថ្លែង​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​ធនាគារជាតិ​នៃ​កម្ពុជា ក្រសួងបរិស្ថាន និង USAID លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​សមាគម​ធនាគារ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា យោង​តាម​ការ​សម្រេច​ជា​រួម​រវាង​បណ្ដា​ធនាគារ​ស្ទើរតែ​អស់​នៅ​កម្ពុជា ដែល​ជាស​មមា​ជិ​ក​សមាគម​ធនាគារ​កម្ពុជា ទើប​សមាគម​សម្រេច​ចុះ​អនុស្សរណ​រវាង​អាជ្ញាធរ​កម្ពុជា ដែល​មាន​ធនាគារជាតិ​នៃ​កម្ពុជា ក្រសួងបរិស្ថាន និង​អង្គការ USAID ដើម្បី​ការពារ​បរិស្ថាន​របស់​កម្ពុជា ។

លោក​បន្ត​ថា ខ្លឹមសារ​សំខាន់​នៅ​ក្នុង​កិច្ចព្រមព្រៀង​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មាន ៤ ដែល រួម​មាន​៖ ទី​១ សមាជិក​ទាំងអស់​ត្រូវ​មាន​ប្រព័ន្ធ​ដើម្បី​ធ្វើ​ការងារ​, ទី ២ ពង្រឹងសមត្ថភាព​របស់​សមាជិក​ទាំងអស់ ដោយ​ត្រូវ​ពង្រឹង​លើ​ធនធានមនុស្ស​របស់​បុគ្គលិក​ធនាគារ​ទាំងអស់​, ទី ៣ សមាជិក​ទាំងអស់​ត្រូវ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នេះ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ និង​ទី ៤ ត្រូវ​ពង្រីក​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ទូ​ទាំង​ប្រទេស ។ លោក​ថា ៖ «​គោលដៅ​ធំ​របស់​យើង គឺ​ចង់ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅ​តាម​ដង​ទន្លេមេគង្គ ដែល​មានការ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ការពារ​ដល់​បរិស្ថាន ហើយ​យើង​រំពឹង​ថា​យើង​នឹង​ទទួល​បាន​ជោគជ័យ​លើ​កិច្ចការ​នេះ » ។ លោក​បាន​បន្ថែម​ថា វិស័យ​ធនាគារ​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​សម្រាប់​ការ​លូតលាស​នៃ​ប្រទេស​ជាតិ​នីមួយ​ៗ ព្រោះ​ធនាគារ​គឺជា​អ្នក​ផ្ដល់​ហិរញ្ញវត្ថុ​សម្រាប់​ឱ្យ​មានការ​លូតលាស់​ដល់​សេដ្ឋកិច្ច ដូច្នេះ​បើសិនជា​ធនាគារ​មានការ​យកចិត្តទុកដាក់​ទៅ​លើ​អតិថិជន មានគុណ​វុ​ឌ្ឍ​គ្រប់គ្រាន់ ពោល​គឺ​អតិថិជន​ដែល​យក​ហិរញ្ញវត្ថុ​ពី​ធនាគារ​ទៅ​ប្រើប្រាស់​ហើយ​មិន​ប៉ះពាល់​ដល់​បរិស្ថាន ។

លោក​បញ្ជាក់​ទៀត​ថា​៖ «​ចាប់ពី​ពេល​នេះ​តទៅ​បណ្ដា​ប្រតិបត្តិ​ករ ធនាគារ ដែល​ជា​សមាជិក​របស់​សមាគម​ធនាគារ​កម្ពុជា ត្រូវ​គិត និង​ព្យាយាម​អនុវត្តន៍​មុន​នឹង​ផ្ដល់​កម្ចី​ដល់​អតិថិជន​ទៅ​អភិវឌ្ឍន៍ ត្រូវ​មើល​ថា​តើ​ហិរញ្ញវត្ថុ​ដែល​អតិថិជន​យក​ទៅ​ប្រើប្រាស់​នោះ​ធ្វើ​ឱ្យ​រីក​ចម្រើន​ដល់​បរិស្ថាន ឬ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​» ។ លោក​បញ្ជាក់​ថា​សម្រាប់​ការងារ​នេះ​គឺ​មាន​ភាគី​ពាក់ព័ន្ធ​ច្រើន​សម្រាប់​តាមដាន ក្នុង​នោះ​មាន​ក្រសួងបរិស្ថាន​សម្រាប់​ឱ្យ​ដឹង​ថា​តើ​ប្រភេទ​អាជីវកម្ម​ណា​ប៉ះពាល់​ដល់​បរិស្ថាន ហើយ​អង្គការ USAID ជា​អ្នក​ជួយ​តាមដាន និង​មាន​ធនាគារជាតិ​នៃ​កម្ពុជា ដែល​ជា​អាណាព្យាបាល​របស់​ធនាគារពាណិជ្ជ​ទាំងអស់​នៅ​កម្ពុជា ជា​អ្នក​ជួយ​ណែនាំ​បន្ត​នៅ​ពេល​មានការ​ផ្ដល់​កម្ចី​ខុស​គោលដៅ និង​ប៉ះពាល់​ដល់​បរិស្ថាន ។

លោកស្រី Lay Rachana អគ្គ​នាយិកា​រង​នៃ​ធនាគារពាណិជ្ជ​ក្រៅប្រទេស ( FTB ) បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា នៅ​ពេល​គម្រោង​នេះ ចាប់ផ្ដើម​អនុវត្តន៍​បណ្ដា​ធនាគារ​ដែល​បាន​យល់ព្រម​នូវ​កិច្ចព្រមព្រៀង​នេះ ត្រូវ​មាន​របាយការណ៍​ដើម្បី​រាយការណ៍ ទៅ​កាន់​សមាគម​ធនាគារ​ពិនិត្យ និង​មើល​ថា​តើ​ធនាគារ​ល្មើស​នឹង​បទបញ្ញត្តិ​ដែរ ឬទេ ? តែ​បើសិនជា​គាត់​ល្មើស​ក៏​សមាគម​មិន​មាន​សិទ្ធិ​ទៅ​ចាប់ទោស​ធនាគារ​នោះ​ដែរ គឺ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទេ​ដែល​ជា​អ្នក​ចាប់ទោស ឬ​ត្រូវ​ណែនាំ​យ៉ាងណា​នោះ ។

លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានឱ្យ​ដឹង​ថា ការ​ចូលរួម​ជាមួយ​សមាគម​ធនាគារ​កម្ពុជា នៅ​ពេល​នេះ​ជា​ឧទាហរណ៍គំរូ​មួយ​បង្ហាញ​ពី​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ដើម្បី​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដើម្បី​ប្រទេស​កម្ពុជា និង​ការ​ការពារ​ភព​ផែនដី ព្រមទាំង​ដើម្បី​ជា​ប្រយោជន៍​របស់​ធនាគារ​ជា​សមាជិក​ក្នុង​ការ​ទាក់ទាញ​មូលនិធិ​អន្តរជាតិ​នានា ជាមួយ​អត្រា​ការ​ប្រាក់​ទាប​ផង​ដែរ ។ លោក​ថា​៖ «​ក្នុង​កិច្ចការ​នេះ ក្រសួងបរិស្ថាន​មានមុខ​ងារ​សំខាន់​មួយ​ក្នុង​ចំណោម​មុខងារ​សំខាន់​ៗ​ដទៃ​ទៀត គឺ​ជួយ​សម្របសម្រួល​ធនាគារ ឬ​ស្ថាប័ន​នានា ក្នុង​ការ​ដាក់​ពាក្យសុំ​ដើម្បី​ក្លាយ​ខ្លួន​ជា​អង្គភាព​មានគុណ​វុ​ឌ្ឍ​គ្រប់គ្រាន់​ស្នើ​សុំ​ជំនួយ ឬ មូលនិធិ​ពី​មូលនិធិ​អាកាសធាតុ​បៃតង ឬ ស្ថាប័ន​អន្តរជាតិ​ផ្សេង​ទៀត​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ