ខេត្តព្រៃវែង ៖ យុវជន២នាក់ត្រូវបានក្រុមចោរស្ទាក់កាប់បណ្តាលអោយរងរបួសធ្ងន់ និងប្លន់យកម៉ូតូអស់១គ្រឿង នៅខណៈដែលជនរងគ្រោះកំពុងធ្វើដំណើរតាមដងផ្លូវក្នុងក្រុងព្រៃវែង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី១ សីហា នៅចំណុចភូមិ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ។
យុវជនរងគ្រោះទី១-ឈ្មោះ ពា សីហា អាយុ២១ឆ្នាំ ជាម្ចាស់ម៉ូតូ ត្រូវក្រុមចោរកាប់១ដាវសាំម៉ូរ៉ៃ ត្រូវចំក្បាលផ្នែកខាងក្រោយបណ្តាលអោយរងរបួសធ្ងន់ និងទី២-ឈ្មោះ ម៉ៅ មករា អាយុ២២ឆ្នាំ ត្រូវក្រុមចោរកាប់ត្រូវចំស្លឹកត្រចៀកខាងឆ្វេងរបួសស្រាល អ្នកទាំង២មានទីលំនៅក្នុងភូមិកើតហេតុ ។ ចំណែកម៉ូតូដែលក្រុមចោរប្លន់យកទៅបាត់ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ព្រៃវែង 1C-0519 ។
យោងតាមការរៀបរាប់របស់យុវជនរងគ្រោះទាំង២នាក់បានអោយដឹងថា មុនពេលកើតហេតុពួកគេបានជិះម៉ូតូទៅហូបចំណីជាមួយមិត្តភក្តិនៅចំណុចសួនច្បារខាងមុខសារៈមន្ទីរខេត្ត ហើយពេលត្រឡប់មកផ្ទះវិញដល់ចំណុចកើតហេតុក៏ប្រទះឃើញយុវជន១ក្រុមមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង គឺ១គ្រឿងម៉ាសហុងដាសេ១២៥ និង១គ្រឿងទៀតម៉ាកឌូក ពណ៌ខ្មៅ ជិះមកបញ្ច្រាសគ្នាហើយពេលមកដល់ជិតគ្នាស្រាប់តែយុវជនទាំង៣នាក់នោះស្ទាក់ផ្លូវពួកគេហើយដកដាវសាំម៉ូរ៉ៃពីក្នុងម៉ូតូ ស្ទុះមកកាប់ពួកគេទាំង២នាក់តែម្តង ។
ប្រភពដដែលនេះបញ្ជាក់ថា ពេលត្រូវគេព្រួតកាប់នោះដោយភ័យខ្លាំងពេកពួកគេទាំង២នាក់ក៏រត់ចោលម៉ូតូយករួចខ្លួនហើយបានទៅប្តឹងសមត្ថកិច្ចភ្លាមៗផងដែរ ប៉ុន្តែពេលនាំសមត្ថកិច្ចទៅដល់កន្លែងកើតហេតុវិញ ក្រុមក្មេងទំនើងទាំងនោះបានយកម៉ូតូរបស់គេជិះគេចខ្លួនបាត់ទៅហើយ ទើបពួកគេទាក់ទងហៅក្រុមគ្រួសារ និងនាំគ្នាទៅមន្ទីរពេទ្យខេត្តដើម្បីព្យាបាលរបួសតែម្តង ។
ចំណែកលោកអធិការក្រុងព្រៃវែងបានប្រាប់អោយដឹងតាមទូរសព្ទ័នៅព្រឹកថ្ងៃទី២ សីហា នេះថាពេលនេះសមត្ថកិច្ចមានតម្រុយពីជនសង្ស័យខ្លះៗហើយដោយយុវជនរងគ្រោះអះអាងថា ចំណាំមុខជនសង្ស័យបានតែមិនស្គាល់ឈ្មោះ ដូច្នេះលោកនឹងតាមចាប់ក្រុមជនសង្ស័យបានក្នុងពេលឆាប់ៗនេះ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ