មើលចុះ​ផ្លូវលំ​នេះ​ដូច​ថ្លុក​ក្របី​ដេក​ទៅ​ហើយ​…​អ្នក​ភូមិ​ត្អូញ​ថា​ពិបាកធ្វើ​ដំណើរ​ណាស់ (មានវីដេអូ)


ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ត្រគៀត ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង បាន​ត្អូញត្អែរ​ថា បច្ចុប្បន្ន​ពួក​គាត់​ជា​អ្នក​ភូមិ​ប្រមាណ​ជា​៣០០​គ្រួសារ មានការ​លំបាក​ណាស់ ពេល​ចង់​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ម្តង​ៗ ដោយសារ​តែ​ផ្លូវលំ​ក្នុងភូមិ​របស់​ពួក​គាត់​ពោរពេញ​ទៅ​ដោយ​ជ​ង្ហ​ក់ និង​ភក់ល្បាប់​ដូច​ថ្លុក​ក្របី​ដេក ពិបាកធ្វើ​ដំណើរ​ឆ្លងកាត់​ខ្លាំង​ណាស់​។

តាម​សំដី​របស់​បងប្រុស​ម្នាក់ និង​លោកពូ​ម្នាក់ ដែល​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ត្រគៀត ឃុំ​រកា ស្រុក​ពារាំង​នោះ បាន​ប្រាប់​អោយ​ដឹង​ថា ផ្លូវ​លំនៅ​ក្នុងភូមិ​របស់​ពួក​គាត់​នេះ មាន​ប្រវែង​តែ​១​គីឡូម៉ែត្រ​ប៉ុណ្ណោះ ដោយ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៨​អា ទៅ​ដល់​ផ្លូវកែង​មុខ​វត្ត​ត្រគៀត ចំណែក​ទីតាំង​ដែល​រង​ការ​ខូចខាត​នោះ មាន​ប្រវែង​តែ​ជាង​៤០០​ម៉ែត្រ​ប៉ុណ្ណោះ និង​បាន​ខូចខាត​រយៈពេល​២​ទៅ​៣​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ពុំដែល​មាន​ខាង​អាជ្ញាធរ ឬ​មន្ទីរ​ជំនាញ​ណាមួយ​ចុះ​មក​ជួយ​ជួសជុល​នោះ​ទេ​។

តាម​ប្រភព​ដដែល​នេះ​បាន​បន្ត​ថា ពួក​គាត់​ជា​អ្នក​ភូមិ​ធ្លាប់​បាន​សំណូមពរ​ទៅ​ខាង​អាជ្ញាធរ​ភូមិ​ឃុំ​ជា​ច្រើន​ដង​មក​ហើយ ដើម្បី​អោយ​ជួយ​ជួសជុល​ផ្លូវ​នេះ​ឡើង​វិញ ហើយ​ខាង​អាជ្ញាធរ​ក៏​បាន​សន្យា​ថា នឹង​ជួយ​ជួស​ជុល​អោយ​ដែរ តែ​សន្យា​បាន​ត្រឹមតែ​ជា​សន្យា ឯការ​ជួសជុល​គឺ​អត់​មាន​ទាល់តែ​សោះ មិនដឹង​ថា​មក​ពី​មូលហេតុ​អ្វី? ហើយ​បើ​ថា អាជ្ញាធរ​អត់​មាន​លុយ​ធ្វើ គួរតែ​ប្រាប់​ប្រជាពលរដ្ឋ​មក ព្រោះ​ពួក​គាត់​សុខចិត្ត​រៃ​អង្គាសប្រាក់​គ្នា​ទៅ​តាម​លទ្ធភាព ចូលរួម​បដិភាគ​ធ្វើ ដើម្បី​អោយ​ផ្លូវ​នេះ​បាន​ល្អ​ស្អាត និង​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​។

ជុំវិញ​ការ​លើក​ឡើង​របស់​អ្នក​ភូមិ​ខាងលើ​នេះ លោក នេ​ត នឿ​ន មេឃុំ​រកា បានអោយ​ដឹង​តាម​ទូរ​សព្ទ័​ថា ផ្លូវ​១​ខ្សែ​ខាងលើ​នេះ​ពិតជា​បាន​រង​ការ​ខូចខាត​យូរ​មក​ហើយ​មែន ហើយ​ខាង​ឃុំ​ក៏​មាន​គំរោង​ចង់​ជួយ​ជួស​ជុល​ដែរ ប៉ុន្តែ​កន្លង​មក​ដោយសារ​តែ​ខាង​ស្រុក​និង​ខេត្ត​មាន​គំរោង​ធ្វើ​ផ្លូវ​នេះ​ដែរ ទើប​ខាង​ឃុំ​នៅ​ស្ងៀម​សិន​។

លោក​មេឃុំ​បាន​បញ្ជាក់​ថា នៅ​ចំពោះ​មុខ​នា​ពេល​នេះ បើ​ពលរដ្ឋ​មានការ​លំបាក និង​មាន​តម្រូវការ​ធ្វើ​ផ្លូវ​ទៅ​ហើយ ដូច្នេះ​លោក​នឹង​រៀប​គំរោង​ចុះ​ជួប​ជាមួយ​ពលរដ្ឋ ហើយ​ប្រកាស​អោយ​ពលរដ្ឋ​ចូលរួម​បដិភាគ​ជាមួយ​ឃុំ​ក្នុង​ការ​ធ្វើ​ផ្លូវ​នេះ​ទាំងអស់​គ្នា ដើម្បី​អោយ​បាន​ផ្លូវ​ល្អ​សម្រាប់​ពលរដ្ឋ​ងាយស្រួល​ធ្វើ​ដំណើរ​សិន រឿង​គំរោង​របស់​ស្រុក​និង​ខេត្ត ចាំ​គិត​តាម​ក្រោយ​ទៀត​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ