រាជធានីភ្នំពេញ ៖ បាត់មុខពីសង្វៀនតែមួយរយៈ ពេលនេះ កីឡាករជើងខ្លាំងវ័យក្មេង ពេជ្រ ម្ទេសខ្មាំង ដល់ពេលកំណត់ប៉ះជាមួយកីឡាករថៃ កាំឡៃយោគ ដែលជាជើងខ្លាំងមិនធម្មតានៅក្នុងប្រទេសថៃ ។ មួយគូនេះ ត្រូវគេរំពឹងថា ពិតជាធ្វើឱ្យរញ្ជួយសង្វៀននាថ្ងៃសៅរ៍ទី៣ សីហា ក្នុងព្រឹត្តិការណ៍ TV5 Knock out Serie by K-Cement ដែលជាព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯករដូវកាលថ្មីនៅប៉ុស្តិ៍លេខ៥ ព្រែកកំពិសផង។
ការប្រកួតដែលចាប់ផ្ដើមពីម៉ោង៦ល្ងាចស្អែកនេះ ត្រូវគេឃើញមានការរំពឹងខ្ពស់មិនខុសពីការប្រកួតអន្តរជាតិមុនៗនោះទេ ដោយសារតែភាពជាក់ស្ដែងគឺព្រឹត្តិការណ៍ដំណើរការចំពេលល្ងាចថ្ងៃសម្រាក ដែលជាថ្ងៃមនុស្សម្នានៅតំបន់ព្រែកកំពិសនិយមមកទស្សនាកកកុញ ស្របគ្នាដែលនៅតំបន់ប៉ុស្ដិ៍លេខ៥ក៏មានកំណើនអ្នករស់នៅច្រើនឡើង ក្រោយមានវត្តមានសំណង់បុរីព្រោងព្រាតប្រដេញគ្នា ។
កីឡាករកម្ពុជា ត្រូវបានគេចាប់អារម្មណ៍ហួសប្រមាណក្រោយពីមានការប្រកាសថា តម្រូវឱ្យស្វាគមន៍ជើងខ្លាំងមកពីប្រទេសថៃ កាំឡៃយោគ ដែលធ្លាប់ប្រកួតឈ្នះកីឡាករកម្ពុជាកន្លងមក ។ សមាសភាពគូអន្តរជាតិនេះ ត្រូវបានគេអះអាងថាមានការសម្រាំងយ៉ាងពិសេសដើម្បីឱ្យអ្នកទស្សនាកាន់តែកន្ត្រាក់អារម្មណ៍ ក្នុងពេលសប្ដាហ៍នេះគឺតម្រូវឱ្យអ្នកមានឈ្មោះក្នុងវគ្គថ្មីទាំង៤នាក់ឡើងប្រកួតចាញ់ធ្លាក់ៗ ដើម្បីដណ្ដើមយកកៅអី១៦នាក់ ក្នុងជំហានដំបូង ឆ្ពោះទៅកាន់ជើងឯក។
លោក សេង កដិកា អ្នករៀបចំកម្មវិធីប្រកួតបញ្ជាក់ថា សមាសភាពខាងកម្ពុជា សម្រាប់ការប្រកួតជាមួយថៃ លោកជឿជាក់ខ្លាំងលើកីឡាករ ពេជ្រ ម្ទេសខ្មាំង ដោយសារតែគេគឺជាជើងខ្លាំង ហើយបើទោះជាមិនសូវប្រកួតញឹកដូចមុន ប៉ុន្តែសមត្ថភាពនៅតែល្អ ។ លោកសម្រេចដាក់ឱ្យប្រកួតជាលក្ខណៈអន្តរជាតិ គឺដោយសារតែកីឡាកររូបនេះ គេមានសមត្ថភាពខ្លាំងជាយូរមកហើយ និងទទួលបានការចាប់អារម្មណ៍នៅក្នុងវិស័យប្រដាល់ ។
លោកប្រកាសថា វត្តមានចុះមករបស់កីឡាករ កាំឡៃយោគ លោកចង់ផ្ដល់ឱកាសឱ្យ ពេជ្រ ម្ទេសខ្មាំង ដោយសារតែអ្នកទាំងពីរសុទ្ធតែជាម្ចាស់ជើងឯកដូចគ្នា ទើបលោកហ៊ានសម្រេចផ្គូផ្គងបើទោះជាមានអ្នកគាំទ្រភាគច្រើនថាកីឡាករកម្ពុជាអាចនឹងពិបាកទប់ជាមួយកីឡាករថៃ ព្រោះគេស្ងាត់ប្រកួតមួយរយៈ។
លោកថា កីឡាករកម្ពុជា និងថៃ សុទ្ធតែត្រូវបានអះអាងថាមានការត្រៀមខ្លួនច្បាស់លាស់ ដោយសារតែភាគីម្ខាងៗ ចង់ឈ្នះការប្រកួតរៀងខ្លួន និងមិនចង់បាត់បង់ក្រេឌីតក្រោយពេលប៉ះគ្នា ។ មួយគូនេះ មានការចាប់អារម្មណ៍ភាគច្រើន ដោយរំពឹងថានឹងមានអ្នកស្នេហាវិស័យប្រដាល់ជក់ចិត្ត និងចង់ដឹងពីបទពិសោធន៍អ្នកទាំងពីរនៅពេលប៉ះគ្នា ។ ម្យ៉ាងកីឡាករកម្ពុជា ពេជ្រ ម្ទេសខ្មាំង មិនសូវមានទម្លាប់ឡើងវ៉ៃលាក់ដៃស្រាប់ ស្របគ្នាដែលគេក៏ជាកីឡាករក្លាហាន និងវាយស៊ូផងទើបលោកពេញចិត្ត ។
លោក សេង កដិកា បន្តថា ជំនួបអន្តរជាតិដែលបានធ្វើឡើងនៅប៉ុស្តិ៍លេខ៥ មិនមែនសុទ្ធតែរន្ថើនព្រឹត្តិការណ៍ជើងឯកឱ្យអ្នកទស្សនាកាន់តែមានអារម្មណ៍កញ្ជ្រោលនោះទេ ប៉ុន្តែសម្រាប់ជំនួបរវាងកីឡាករទាំង២ លោកជឿជាក់ថានឹងកក្រើក ដោយសារកីឡាករ ថៃលោកស្គាល់ថ្វីដៃច្បាស់ហើយថា មិនធម្មតា ហើយសម្រាប់កីឡាករកម្ពុជា វិញ ក៏ល្អស្ថិតក្នុងទំនុកចិត្តលោក តាំងពីមុនផ្គូផ្គង ។
យ៉ាងណាមិញ លោកថា កីឡាករកម្ពុជាដ្បិតថារូបលោក និងអ្នកគាំទ្រទុកចិត្តពីសមត្ថភាពយ៉ាងហ្នឹង តែបើគេប្រកួតមិនល្អ ឬមិនអស់ពីសមត្ថភាព ក៏ពិតជារងការរិះគន់មិនតិចដែរ ទើបតម្រូវឱ្យគេត្រូវតែប្រកួតឱ្យខ្លាំង ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ