រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស RX330 មួយគ្រឿងបើកបោះពួយយ៉ាងលឿន និងព្យាយាមវ៉ាជែងបំណងបត់ត្រឡប់ទៅក្រោយវិញបណ្តាលឲ្យរថយន្តហាយឡែនឌ័រមួយគ្រឿងទៀតបុកពេញទំហឹង និងជ្រុលទៅបុករថយន្ត CRV មួយគ្រឿងទៀតបង្កអោយកើតទៅជាហិង្សាឈ្លោះប្រកែកគ្នា កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ត្រង់ចំណុចខាងមុខបុរីពិភពថ្មី ស្ថិតតាមបណ្ដោយផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុគេឃើញបុរសពីរនាក់បើកបររថយន្តមួយគ្រឿងម៉ាកហាយលែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-5404 ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងទិសដៅពីលិចទៅកើត និងក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-4735 បើកបរដោយបុរសពីរនាក់ និងមានស្ថានភាពស្រវឹង ដែលបើកមកតាមពីក្រោយក្នុងល្បឿនយ៉ាងលឿនហើយក៏បានបើកវ៉ាជែងខាងស្តាំ និងបំរុងទៅបត់ត្រឡប់ក្រោយនៅពីមុខរថយន្តហាយលែនឌ័រខាងលើ ដោយខ្វះការប្រុងប្រយ័ត្ន ។
ខណៈពេលនោះដោយរថយន្តហាយលែនឌ័រជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំកង់ខាងមុខចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្តហាយលែនឌ័ររងការខូចខាតក្រពឹតកាង និងបែកចង្កៀងខាងមុខចំហៀងខាងស្តាំ ។ តែដោយសាររថយន្តឡិចស៊ីសនៅមិនទាន់អស់ល្បឿនក៏បន្តទៅមុខឆ្លងចូលផ្លូវម្ខាងទៀតទៅបុក និងរថយន្តមួយគ្រឿងទៀតម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2C-5769 ដែលបើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងការខូចខាតក្រពឹត និងធ្លាក់កាងផ្នែកខាងមុខ ចំណែកឯរថយន្តឡិចស៊ីសរងការខូចខាតដាច់កាឡេកង់ខាងមុខចំហៀងឆ្វេង និងក្រពឹតកាងខាងស្តាំ ។
បន្ទាប់មកអ្នកបើកបររថយន្តហាយលែនឌ័រក៏ចុះពីររថយន្តដើរទៅសំដៅទៅរកអ្នកបើករថយន្តឡិចស៊ីស រួចក៏ឈ្លោះប្រកែកគ្នាជាមួយអ្នកបើកបររថយន្តឡិចស៊ីសរហូតឈានដល់ការប្រតាយប្រតប់គ្នាបង្កឲ្យអ្នកបើកបររថយន្តឡិចស៊ីសរងរបួសបែកមាត់ ភ្លាមៗនោះក៏មានសមត្ថកិច្ចមូលបានចុះមកអន្តរាគមន៍ផងដែរ ។
បើតាមសំដីពីបុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីកងរាជអាវុធហត្ថ និងជាអ្នកបើកបររថយន្តឡិចស៊ីសបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានបើកបររថយន្តមកដល់ចំណុចកើតហេតុខាងលើក៏ត្រូវបានរថយន្តហាយលែនឌ័របុកចំពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តរបស់គាត់ជ្រុលទៅបុកនឹងរថយន្ត CRV ខាងលើតែម្ដង ។ ភ្លាមៗនោះអ្នកបើកបររថយន្តហាយលែនឌ័រក៏បានចុះមកដកសោរថយន្តរបស់គាត់ និងបានវាយមកលើរូបគាត់ បណ្ដាលឲ្យរងរបួសបែកមាត់ផងដែរ ។
មន្ត្រីនគរបាល ដែលជាអ្នកបើកបររថយន្តហាយលែនឌ័រខាងលើបានរៀបរាប់ប្រាប់ឱ្យដឹងថាមុនពេលកើតហេតុរថយន្តឡិចស៊ីសបានបើកវ៉ាជែងខាងស្ដាំ និងបត់ត្រឡប់ក្រោយពីមុខរថយន្តរបស់គាត់ ។ បណ្ដាលឲ្យគាត់ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកពេញទំហឹង ដោយគាត់ខ្លាចអ្នកបើកបររថយន្តឡុចស៊ីសបើករថយន្តគេចខ្លួន ។ គាត់ក៏បានចុះរត់ដកសោរថយន្តឡិចស៊ីស ប៉ុន្តែគាត់មិនបានវាយទៅលើអ្នកបើកបររថយន្តឡិចស៊ីសអោយរងរបួសបែកមាត់នោះទេ ។ របួសនោះ គឺបណ្តាលមកពីអ្នកបើកបររថយន្តលុចស៊ីសបោកត្រូវ និងចង្កូតរថយន្តខ្លួនឯងប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុដោយមានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញជួយធ្វើការសម្របសម្រួលភាគីទាំងសងខាង ហើយដោយភាគីខាងរថយន្តឡុចស៊ីសទំនងជាដឹងកំហុសខ្លួន ក៏ព្រមសម្របសម្រួល និងចេញសំណងចំនួន ៥០០ដុល្លារឲ្យទៅភាគីខាងរថយន្តហាយលែនឌ័រ និងចេញសំណងចំនួន៦០០ដុល្លារឲ្យទៅភាគីខាងរថយន្ត CRVដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ