ប្រទេសថៃ ៖ បើតាមអាជ្ញាធរបានរាយការណ៍ឱ្យដឹងថា មនុស្ស៣នាក់រងរបួសស្រាល ក្នុងនោះមាននារី២នាក់ ក្នុងការផ្ទុះគ្រាប់បែកតូចៗយ៉ាងតិច៦គ្រាប់ នៅកន្លែងផ្សេងៗគ្នា នាថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ នៅក្រុងបាងកក ស្វាគមន៍កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការទេសអាស៊ាន ដោយមានវត្តមានរបស់សមភាគីអាមេរិក រុស្ស៊ី និងចិន។
អាជ្ជាធរត្រូវបានអះអាងបន្តថា សម្រាប់ពេលនេះ មានការផ្ទុះ៦គ្រាប់ ហើយមនុស្ស៣នាក់រងរបួសស្រាល ក្នុងការផ្ទុះគ្រាប់បែកតូចៗទាំងនេះហៅគ្រាប់បែកពីងប៉ុង។ ហើយមូលហេតុនៃការវាយប្រហារនៅពុំទាន់ដឹងនៅឡើយទេនាពេលនេះ។ អាជ្ញាធរបានស្នើឲ្យចៀសវាងកុំបំផ្លោងពាក្យចចាមអារ៉ាមនានា។
នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចា ត្រូវបានគេរាយការណ៍ប្រាប់លោកពីការផ្ទុះគ្រាប់បែកទាំងនេះ ហើយបានចេញបញ្ជាឲ្យមានការស៊ើបអង្កេតបន្ទាន់មួយ។ នេះជាការការអះអាងរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក NARUMON PINYOSINWAT។ លោកបន្តថា បណ្ដាវិធានការសន្តិសុខត្រូវបានពង្រឹង។ ការផ្ទុះ៣កើតមាននៅកណ្ដាលក្រុងជិតអគារខ្ពស់កប់ពពក MAHANAKORN ជារបស់ក្រុមហ៊ុន KING POWER ម្ចាស់ក្លិបបាល់ទាត់អង់គ្លេស LEICESTER CITY។ ការផ្ទុះ៣ទៀតគឺនៅតំបន់ជុំវិញប្លុកអគាររដ្ឋាភិបាល។
ឧបនាយករដ្ឋមន្ត្រីថៃលោក PRAWIT WONGSUWON ថ្លែងទៅកាន់សារព័ត៌មានថា យើងនៅពុំទាន់ដឹងនៅឡើយថា តើមនុស្សប៉ុន្មាននាក់ចូលរួមក្នុងការវាយប្រហារទាំងនេះ តែវាអាចក្នុងគោលបំណងសាបព្រោះភាពច្របូកច្របល់។ ការវាយប្រហារទាំងនោះកើតមានតែប៉ុន្មាននាទី មុនរដ្ឋមន្ត្រីការបរទេសអាមេរិក លោក MIKE POMPEO បានថ្លែងសុន្ទរកថាមួយប៉ុនប៉ងទប់ស្កាត់ឥទ្ធិពលចិនក្នុងតំបន់។ វាក៏កើតមានដែរ ក្នុងពេលមានភាពតានតឹងនយោបាយនៅថៃ ប៉ុន្មានសប្ដាហ៍ បន្ទាប់ពីប្រមុខរបបយោធា ក្លាយជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស៊ីវិលមួយ។ បណ្ដាអ្នកឯកទេសខាងដោះមីនត្រូវបានដាក់ពង្រាយនៅតាមច្រកចូលនានានៃអគារខ្ពស់កប់ពពក MAHANAKORN។ ប្រភពនានារៀបរាប់ពីការរកឃើញគ្រាប់បែកច្រើនគ្រាប់ទៀតក្នុងរាជធានីថៃ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០០៩ កិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ានដែលត្រូវធ្វើនៅក្រុងបាងកកត្រូវបានលុបចោល ក្រោយការលុកលុយរបស់បាតុករដ៏ច្រើន នៃចលនាអាវក្រហមថៃក្នុងសណ្ឋាគារជាកន្លែងប្រជុំនៅប៉ាតាយ៉ា។ កាលនោះមេដឹកមួយចំនួនត្រូវបានជម្លៀសចេញតាមឧទ្ធម្ភាគចក្ររបស់កងទ័ពថៃចេញពីដំបូលសណ្ឋាគារ ចំណែកមេដឹកនាំឯទៀតៗត្រូវបង្ខំចិត្តរត់គេចចេញតាមនាវា៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ