ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ទ្វារ​បើកចំហ​សម្រាប់​បក្សនយោបាយ​ចង់​រួម​ជាមួយ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ទ្វារ​នៅ​តែបើកចំហ​សម្រាប់​គណបក្ស​នយោបាយ​ដែល​ចង់​ចូលរួម​ជាមួយ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ។ ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ទ្វារ​នៅ​តែបើកចំហ​សម្រាប់​គណបក្ស​នយោបាយ​ដែល​ចង់​ចូលរួម​ជាមួយ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ។ ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នេះ ខណៈ​ដែល​គណបក្ស​នយោបាយ​ចំនួន​៤ ដែល​មិន​បាន​កៅអី​ក្នុង​សភា​មិន​បាន​ចូលរួម​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នោះ​ទេ ទោះបីជា​មានការ​បើកទ្វារ​ហើយ​តួនាទី និង​ទទួល​បាន​ប្រាក់បៀវត្ស​យ៉ាងណា​ក្តី ។

ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​លើក​ឡើង​ថា មាន​តែ​យន្តការ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​មួយ​ប៉ុណ្ណោះ​ដែល​មាន​សុពលភាព​ក្នុង​ការ​កោះហៅ​ស្ថាប័នរដ្ឋ​មក​សាកសួរ​ក្រៅពី​សភា ។ នេះ​បើ​តាម​លោក ផៃ ស៊ី​ផា​ន ។ លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​បញ្ជាក់​ដែរ​ថា ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នៅ​តែ​បើកចំហ​សម្រាប់​គណបក្ស​ដទៃ​ទៀត​ដែល​ចង់​ចូលរួម​ជា​សមាជិក ។

ទាក់ទង និង​ការ​ប្រកាស​បើកទ្វារ​ចំហ​សម្រាប់​គណបក្ស​នយោបាយ​ដែល​មិន​ទាន់​បាន​ចូលរួម​នេះ​ត្រូវ​បាន​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​បាន​ប្រកាស​គាំទ្រ ។ លោក​បញ្ជាក់​ថា ការ​ផ្ដល់​ឪ​កាស​ដល់​គណបក្ស​ដែល​បាន​ចូលរួម​ការ​បោះ​ឆ្នោត​កន្លង​ទៅ​ឲ្យ​ចូលរួម​ក្នុង​យន្តការ​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ គឺជា​ការ​បើកទ្វារ​ទទួលយក​ការ រិះគន់​ក្នុង​ន័យ​ស្ថាបនា​ក្នុង​គោលបំណង​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​រីក​ចម្រើន​ថែម​មួយ​កម្រិត​ទៀត និង​ការ​ទទួលយក​នូវ​ធាតុ​ផ្សំ​ពី​គ្រប់​បណ្ដា​គណបក្ស​នយោបាយ​ទាំងអស់​ក្នុង​ទិស​ដៅ​រួម​គ្នា​អភិវឌ្ឍ​ជាតិខ្មែរ​យើង​ឲ្យ​កាន់តែ​រីក​ចម្រើន​ដូច​ប្រទេស​ជិតខាង​» ។

គួរ​ឮ​កថា ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ត្រូវ​បាន​បង្កើត​ឡើង​តាម​ព្រះរាជ ក្រឹត្យ​ចុះ​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​មានការ​ស្នើ​សុំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្រោយ​ពេល​បោះ​ឆ្នោតជាតិ​អាណត្តិ​ទី​៦ ។ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ មាន​សមាសភាព​មក​ពី​គណបក្ស​យោ​បាយ​ចំនួន​១៦ ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​២០ ដែល​បាន​ចូលរួម​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៦ ។ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ជា​យន្តការ​ពិគ្រោះ និង​ផ្តល់​យោបល់​របស់​គណបក្ស​នយោបាយ​ជូន​រាជរដ្ឋាភិបាល​ក្រៅ​ក្រប​ខណ្ឌ​សភា​ក្នុង​គោលដៅ​លើក​ស្ទួយ​ប្រសិទ្ធភាព​ការងារ ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​បម្រើសេវា​ប្រជាជន និង​ការ​អភិវឌ្ឍ​សង្គម​ប្រកបដោយ​សក្តានុពល ។

ក្រោយ​ពេល​បង្កើត​ឡើង​ហើយ​នោះ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​បាន​ធ្វើ​សកម្មភាព​យ៉ាង​សស្រាក់​សស្រាក់​ទៅ​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន​ដែល​រួម​មានការ​ពិនិត្យ និង​ផ្តល់​យោបល់​ទៅ​លើ​សេចក្តីព្រាងច្បាប់​នានា​មុន​ដាក់​ឲ្យ​រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច ។ លើស​ពី​នេះ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ក៏​បាន​កោះ​អញ្ជើញ​ថ្នាក់ដឹកនាំ​តាម​ក្រសួង​ស្ថាប័ន​នានា​មក​សាកសួរ​លើ​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ក្រសួង​ស្ថាប័ន​ទាំងនោះ ។ ជាង​នេះ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​ចុះ​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស បញ្ហា​ជម្លោះដីធ្លី​នៅ​តាម​បណ្តា​ខេត្ត​ចំនួន​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ