បន្ទាយមានជ័យ ៖ គ្រោះរាំងស្ងួតនាដើមឆ្នាំនេះបានធ្វើឲ្យដំណាំកសិកម្មរបស់ពលរដ្ឋនៅខេត្តបន្ទាយមានជ័យខូចខាតជាង៣០០ហិកតា និងជិត៤ម៉ឺនហិកតាទៀត កំពុងរងផលប៉ះពាល់ ខណៈទីតាំងខ្លះអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធបាន និងកំពុងសម្រុកចុះជួយបូមទឹកសង្គ្រោះ ។ ស្រូវតាមបណ្តាស្រុកក្រុងចំនួន៨ កន្លែងខ្លះបានប្រែពណ៌ទៅជាក្រៀម និងក្រហមជាបណ្តើៗ ប៉ុន្តែស្រុកក្រុងខ្លះដោយសារមានព្រះភិរុណបង្អុរមកបានប្រែពណ៌ហាក់ដូចមានសង្ឃឹមឡើងវិញ ។
ថ្វីត្បិតមួយរយៈចុងក្រោយនេះស្រុកក្រុងខ្លះមានព្រះភិរុណបង្អុរតែតំបន់មួយចំនួនហាក់មានខ្យល់ធ្លាក់ខ្លាំងដូចរដូវរំហើយទៅវិញធ្វើឲ្យអ្នកស្រុកព្រួយបារម្ភពីបញ្ហាប្រឈមនៅពេលខាងមុខដោយសារស្រូវរបស់ពួកគាត់ចាប់ផ្តើមប្រែពណ៌ពីខៀវទៅក្រហម និងកន្លែងខ្លះងាប់ជាបណ្តើៗ ។
ជុំវិញបញ្ហានេះ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ និងនេសាទខេត្តបន្ទាយមានជ័យ លោកប៉ាងវណ្ណសេដ្ឋ ប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ផ្ទៃដីសម្រាប់ដំណាំកសិកម្ម និងកសិឧស្សាហកម្ម៩ស្រុកក្រុងក្នុងខេត្តសរុប មានជាង៣០ម៉ឺនហិកតា ក្នុងនេះលោកថា ដំឡូងមីពលរដ្ឋដាំបានជាង៨ម៉ឺនហិកតា ពោតជាង១ម៉ឺនហិកតា ។ ចំណែកដំណាំស្រូវលោកបន្តថា ដាំបាន248904ហិកតា លើផែនការ251300ហិកតា ស្មើនិង99;05ភាគរយ ។
លោកប្រធានមន្ទីរបន្តទៀតថា ដោយសារគ្រោះរាំងស្ងួតនាដើមឆ្នាំនេះ ពោលចាប់តាំងពីដើមខែ6ដល់ខែ7កន្លងទៅថ្មីៗនេះ បានធ្វើឲ្យស្រូវពលរដ្ឋចំនួន39200ហិកតា នៅក្នុងស្រុកក្រុងចំនួន8ដូចជា ស្រុកស្វាយចេក-ស្រុកអូរជ្រៅ ស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះ ស្រុកម៉ាឡៃ ស្រុកថ្មពួក ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែតលើកលែងតែស្រុកភ្នំស្រុកកំពុងរងផលប៉ះពាល់ក្នុងនេះស្រូវចំនួន301ហិកតា ក្នុងស្រុកថ្មពួកខូចខាតអស់តែម្តង ។ លោកប្រធានមន្ទីរបន្តថា ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះស្រុកក្រុងមួយចំនួនចាប់ផ្តើមមានភ្លៀងធ្លាក់បានធ្វើឲ្យស្រូវពលរដ្ឋដែលក្រហមក្រៀមនាពេលកន្លងមកនោះប្រែពណ៌មកជាខៀវវិញជាបណ្តើៗដែរ ។
លោកថា ពេលនេះអាជ្ញាធរខេត្តស្រុកក្រុងរួមទាំងក្រុមការងារក្នុងមន្ទីររបស់លោកកំពុងចុះពិនិត្យតំបន់ដែលកំពុងរងផលប៉ះពាល់ ។ លោកបញ្ជាក់ថា បើសិនស្រុកក្រុងណាមានមេទឹកដូចជា ស្ទឹងបឹងបួរ ឬអូរអាជ្ញាធរ និងខាងមន្ទីររបស់លោក និងចុះជួយបូមទឹកបញ្ចូលស្រែ ដើម្បីសង្គ្រោះស្រូវពលរដ្ឋភ្លាមៗ ។
ជាក់ស្តែងលោកថា ក្នុងក្រុងសិរីសោភ័ណអាជ្ញាធរ និងក្រុមការងាររបស់លោកកន្លងមកបានចុះជួយពលរដ្ឋដោយបូមទឹកដាក់ស្រែ ដើម្បីសង្គ្រោះស្រូវបានជាច្រើនហិកតា ។ យ៉ាងណាក៏ដោយលោកប្រាប់ថា ដោយសារគ្រោះរាំងស្ងូតនៅតែបន្តអូសបន្លាយបានធ្វើឲ្យទឹកស្ទឹងក្រុងសិរីសោភ័ណចាប់ផ្តើមរីងទឹកទៅជារាក់មិនអាចបូមចេញពីស្ទឹងបានទៀតទេ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ