ប្រទេសចិន ៖ លោកស៊ីជីនពីងអគ្គលេខាបក្សកុំមុយនីស្តចិននិងជាប្រធានាធិបតីចិន គូសបញ្ជាក់កាលពីថ្ងៃទី៣០កក្កដាថា គេត្រូវប្រមូលផ្ដុំការខិតខំប្រឹងប្រែងដើម្បីអនុវត្តយុទ្ធសាស្ត្រ ដែលសំដៅពង្រឹងកងទ័ព តាមរយៈការកែទម្រង់ដើម្បីជម្រុញបុព្វហេតុនៃការកសាងកងទ័ពមួយដែលខ្លាំងក្នុងសករាជថ្មី។
លោកស៊ីនាថ្ងៃនោះបានដឹកនាំកិច្ចប្រជុំសិក្សាមួយ របស់ការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្ដាលបក្សកុំមុយនីស្តចិន ស្ដីពីការកែទម្រង់នយោបាយនិងស្ថាប័នយោធា។ ក្នុងកិច្ចប្រជុំនោះដែលប្រព្រឹត្តទៅមុនទិវាបង្កើតកងទ័ពចិនថ្ងៃទី១សីហា លោកស៊ីបានសម្ដែងការអបអរសាទរ ជូនចំពោះសមាជិកកងទ័ពប្រជាជនចិន កងកម្លាំងប៉ូលិសប្រដាប់អាវុធ កងជីវពលនិងកងកម្លាំងបំរុងទាំងអស់ ក្នុងនាមនៃគណៈកម្មាធិការកណ្ដាលបក្សកុំមុយនីស្តចិននិងគណៈកម្មាធិការយោធាកណ្ដាល។ លោកលើកពីការផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រ ក្នុងរចនាសម្ព័ន្ធចាត់តាំងរបស់កងទ័ពចិននិងការផ្លាស់ប្ដូរបដិវត្តន៍ក្នុងសមាសភាពកងទ័ព តាមរយៈការកែទម្រង់ ចាប់តាំងពីសមាជជាតិលើកទី១៨របស់បក្សពីឆ្នាំ២០១២មក។
តាមលោកស៊ីជីនពីងថា ការកែទម្រង់នយោបាយនិងស្ថាប័នយោធា គឹសំដៅដោះស្រាយភាពមិនស៊ីសង្វាក់គ្នាទាំងឡាយ ជាមួយសករាជថ្មី បេសកកម្មថ្មីនិងស្ថាប័នថ្មី។ លោកលើកពីភាពចាំបាច់ផ្ដោតលើបណ្ដាគោលដៅនៃការកែទម្រង់ ការនៅតែមានទំនុកចិត្តនិងការប្ដេជ្ញាចិត្តព្រមទាំងដោះស្រាយការប្រឈមទាំងឡាយក្នុងការកែទម្រង់។ លោកក៏សង្កត់ធ្ងន់ដែរលើភាពស្មុគស្មាញក្នុងការកែទម្រង់នយោបាយនិងស្ថាប័នយោធា។
មេដឹកនាំចិនគូសបញ្ជាក់ទៀតថាបណ្ដាបញ្ហាដែលជាអាទិភាព រួមមានបញ្ហាដែលទាក់ទិនការរៀបចំការប្រយុទ្ធរបស់កងទ័ព បណ្ដាចំណុចគន្លឹះនានានៃកិច្ចដំណើរការរបស់ប្រព័ន្ធប្រយុទ្ធ ព្រមទាំងផលប្រយោជន៍របស់បណ្ដានាយទាហាននិងពលទាហាន។ តាមយោបល់លោកថា ការកែទម្រង់នយោបាយនិងស្ថាប័នយោធាទាមទារនូវគំនិតច្នៃប្រឌិតមួយ។ ចាំបាច់ត្រូវកម្ចាត់ចោលរាល់អំពើនិងគំនិតចាស់គំរិល ហើយនៅតែប្រកាន់យកការពិតក្នុងការកែទម្រង់។
លោកស៊ីក៏គូសបញ្ជាក់ដែរពីភាពចាំបាច់សិក្សាបញ្ហាធំៗ ស្វែងរកបញ្ហាក្នុងការកែទម្រង់ហើយធ្វើការវាយតម្លៃដោយសមស្រប៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ