កីឡាE-Sport បន្តអះអាងថា មិនមែនជាហ្គេមពង្វក់ក្មេងៗ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ នៅតែមានការយល់ឃើញថា កីឡា E -Sport ឬ កីឡាអេឡិចត្រូនិក គឺជាហ្គេមអនឡាញ…
រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ នៅតែមានការយល់ឃើញថា កីឡា E -Sport ឬ កីឡាអេឡិចត្រូនិក គឺជាហ្គេមអនឡាញ…
រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ នៅតែមានការយល់ឃើញថា កីឡា E -Sport ឬ កីឡាអេឡិចត្រូនិក គឺជាហ្គេមអនឡាញ ដែលត្រូវគេយល់ថាជាហ្គេមពង្វក់ក្មេងៗ និងមានអាណាព្យាបាលរាប់មិនអស់ទទូចមិនឱ្យកូនៗ ឬ ក្មេងចូលពាក់ព័ន្ធ ។ ជាមួយនឹងការយល់ឃើញនេះ មន្ត្រីទទួលបន្ទុកបានបន្តស្រាយបំភ្លឺ និងស្នើឱ្យយុវវ័យក្មេងចូលលេង ដើម្បីក្លាយខ្លួនជាអ្នកជំនាញក្នុងប្រភេទកីឡានេះឱ្យបានច្រើន ដើម្បីកុំឱ្យកម្ពុជា មិនមានធនធានគ្រប់គ្រាន់ ក្នុងពេលត្រូវការអ្នកតំណាងចេញប្រកួត។
មន្ត្រីទទួលបន្ទុកទទួលស្គាល់ និងថាកម្ពុជាទំនងត្រូវការការផ្សព្វផ្សាយ និងពេលវេលាច្រើនទៀត បើចង់ឱ្យមានការទទួលស្គាល់ថា នោះគឺជាប្រភេទកីឡាលើបណ្ដាញអុីនធើរណេតនិងមិនមែនជាហ្គេមពង្វក់។ លោកថា បណ្ដាលមកពីវិស័យកីឡាមួយនេះ មានលក្ខណៈស្រដៀងគ្នា នឹងក្មេងៗលេងហ្គេម ទើបធ្វើឱ្យអ្នកស្គាល់តែសកម្មភាពលេងហ្គេមភាគច្រើន មិនទទួលស្គាល់ថា នេះគឺជាប្រភេទកីឡាជំនាន់ថ្មីឡើយ ។
លោក ជា ច័ន្ទបរិបូរណ៍ អនុប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានអះអាងថា កម្ពុជានៅមានឧបសគ្គមួយចំនួនក្នុងការបណ្ដុះក្មេងៗឱ្យក្លាយជាកីឡាករអាជីព ដោយសារតែឳពុកម្ដាយក្មេងខ្លះយល់ថា នេះជាសកម្មភាពពង្វក់កូនៗពួកគាត់ឱ្យញៀនញ៉ាមនឹងហ្គេម ដោយមានទាំងអាណាព្យាបាលខ្លះ ហាមឃាត់មិនឱ្យក្មេងៗមួយចំនួនពាក់ព័ន្ធនឹងកីឡានេះផង។ យ៉ាងណាមិញលោកថា សកម្មភាពរបស់សហព័ន្ធនៅតែបានពង្រឹងដោយបានបណ្ដុះបណ្ដាលបានកូនសិស្សក្លាយជាអ្នកជំនាញច្រើន ដើម្បីពង្រីកធនធាន ។
លោកថា វិស័យកីឡានេះកម្ពុជាបានពង្រឹងសមត្ថភាពកីឡាករE-Sport យ៉ាងខ្លាំង ដោយលោករំពឹងថា អ្នកដែលទទួលបានការបណ្ដុះបណ្ដាលនឹងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងយកមេដាយលើឆាកអន្តរជាតិដោយក្នុងពេលខាងមុខផង ។ ក្នុងនោះការស្វែងយល់ពីវិញ្ញាសាថ្មីៗ លើប្រព័ន្ធយូធូប បូករួមទាំងការបង្វឹកបន្ថែម កីឡាករកម្ពុជាត្រូវបានពង្រឹងសមត្ថភាពយ៉ាងយកចិត្តទុកដាក់ ។ លោកថា កីឡាអេឡិចត្រូនិកបើមើលមួយភ្លែតគឺស្រដៀងនឹងហ្គេមនៅលើប្រព័ន្ធអនឡាញ ប៉ុន្តែវាគឺជាហ្គេមមួយប្រភេទដែលត្រូវបានកំណត់ដោយវិញ្ញាសាច្បាស់លាស់ជាសាកល និងមិនមែនជាហ្គេមដែលត្រូវលេងភ្នាល់លុយនោះទេ ពោលគឺអ្នកខ្លាំងដែលពូកែលេង នឹងបន្តឆ្លងវគ្គទៅកាន់វគ្គបន្តបន្ទាប់បានរហូតដែលមានន័យថាលេងបានកាន់តែច្រើនវគ្គ គឺកាន់តែមានភាពរហ័សនៃខួរក្បាល និងវៃឆ្លាត ។
លោក ជា ច័ន្ទបរិបូរណ៍ បន្តថា ដ្បិតតែនៅក្នុងប្រទេសកម្ពុជាមិនសូវស្គាល់ថានេះជាកីឡាប្រភេទថ្មី ប៉ុន្តែមកដល់សព្វថ្ងៃមានកីឡាករអេឡិចត្រូនិកសរុបប្រមាណជាង៣ម៉ឺននាក់ហើយ ដោយមានអ្នកចុះឈ្មោះលេងនៅលើអនឡាញដែលសហព័ន្ធបង្កើតឡើង ។
កីឡានេះមិនតម្រូវឱ្យកីឡាករជម្រើសជាតិស្ទាត់តែវិញ្ញាសាដដែលៗនោះទេ ហើយកីឡាករជម្រើសជាតិក៏យកតែកីឡាករដែលប្រកួតឈ្នះមួយក្រុមៗប៉ុណ្ណោះ ។ ក្នុងឆ្នាំ២០១៨កន្លងទៅ សហព័ន្ធមានកីឡាករជម្រើសជាតិសរុប៤០នាក់ ដោយក្នុងនោះលើវិញ្ញាសាយុទ្ធសីល្ប៍មានចំនួន២០នាក់ស្មើនឹង៤ក្រុម និងកីឡាករក្នុង វិញ្ញាសាយុទ្ធសាស្ត្រចំនួន២០នាក់ស្មើនឹង៤ក្រុមដូចគ្នា ។
កីឡាមួយនេះ កាន់តែទទួលបានការគាំទ្រភាគច្រើនពីសំណាក់យុវវ័យដោយភាគច្រើនគឺជាយុវជនក្មេងៗដែលមានចំណេះដឹងខ្ពស់ ប៉ុន្តែសម្រាប់មហាជនមិនទាន់ស្គាល់ទូលំទូលាយទេ។ ដើម្បីអាចក្លាយជាអ្នកជំនាញក្នុងប្រភេទកីឡានេះបាន លោកថា គឺលុះត្រាបុគ្គលនោះមានចំណេះដឹងខ្ពស់ផ្នែកកំុព្យូទ័រ ភាសាអង់គ្លេស និងភាពរហ័ស៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ