ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណើរ​ទម្លាក់​បទ​ចោទ​លោក​កឹ​ម សុខា មិន​អាច​ទៅ​រួច​ឡើយ ព្រោះ​កម្ពុជា​មាន​អធិបតេយ្យភាព​របស់​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទាំង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និង​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា ការ​ស្នើ​ទម្លាក់​បទ​ចោទ​លើ​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ទៅ​រួច​ទេ ព្រោះ​កម្ពុជា​មាន​អធិបតេយ្យភាព​បរទេស​មិន​អាច​លូច​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​បាន​ឡើយ ។…

រាជធានី​ភ្នំពេញ ៖ ទាំង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និង​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា ការ​ស្នើ​ទម្លាក់​បទ​ចោទ​លើ​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ទៅ​រួច​ទេ ព្រោះ​កម្ពុជា​មាន​អធិបតេយ្យភាព​បរទេស​មិន​អាច​លូច​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​បាន​ឡើយ ។

លោក​ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​១ សីហា​ថា សំណើសុំ​ការ​ទម្លាក់​ចោលការ​ចោទប្រកាន់​ទៅ​លើ​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មិន​អាច​ទៅ​រួច​នោះ​ឡើយ ហើយ​ក៏​មិន​អាច​មក​បញ្ជា​មក​លើ​រាជរដ្ឋាភិបាល ក្នុង​នាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ​នោះ​បាន​ទេ ។ លោក​ថា រាជរដ្ឋាភិបាល​មិន​មាន​សិទ្ធិ​អ្វី ដើម្បី​អន្តរាគមន៍​ទៅ​ស្ថាប័ន​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ ហើយ​ក៏​មិនមែន​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ និង​មាន​នីតិរដ្ឋ​ផង​ដែរ ។

ឆ្លើយ​តប​សំណើរ​ទូត​អា​មេ​រិ​ក​ទម្លាក់​បទ​ចោទ​លើ​លោក​កឹ​ម សុខា លោក ជិន ម៉ា​លី​ន ថា «​រដ្ឋ​អធិបតេយ្យ គ្មាន​នរណា​អាច​មក​បង្គាប់បញ្ជា​បាន​ឡើយ ហើយ​គ្មាន​ឥទ្ធិពល​អ្វី​មក​លើ​កម្ពុជា ទេ​» ។ ចំ​ណែ​លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា មូលដ្ឋាន​គ្រឹះ​របស់ កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​ការ​បរទេស​បាន​ចែង​ច្បាស់​ពី​ទំនាក់ទំនង​ជាមួយ​បរទេស ហើយ​ក្នុង​រដ្ឋធម្មនុញ​កម្ពុជា​ក៏​បាន​ចែង​ច្បាស់​ថា កម្ពុជា​រក្សា​សន្តិភាព និង​ទទួលស្គាល់​នូវ ដែល​ហៅ​សន្តិ​សហ​វិជ្ជមាន ហើយ​មិន​រៀបចំ​ឲ្យ​គូ​ជម្លោះ​ដូច​ស្ថានទូត​អា​មេ​រិ​ក​ទេ ។

លោក​បញ្ជាក់​ថា ៖«​យើង​មិន​ធ្វើ​ដូច​ពួក​ព្រៃ​នោះ​ទេ (​ទូត​អា​មេ​រិ​ក​) ក្រសួងការបរទេស​បាន​ចេញ​សេចក្តី​ប្រកាសប្រាប់​ហើយ ។ អ្នក​ញុះញង់ គឺ​ប្រើប្រាស់​របៀប​ព្រៃផ្សៃ​តែ​ប៉ុណ្ណោះ​» ។ លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ថា ទូត​អា​មេ​រិ​ក​ត្រូវ​បញ្ចប់​ប្រើប្រាស់​លក្ខណៈ​ដ៏​ព្រៃផ្សៃ​មក​លើ​រាជរដ្ឋាភិបាល ដូច្នេះ​បើ​អា​មេ​រិ​ក​មិន​ពេញចិត្ត​កម្ពុជា​សូម​វេច​បង្វិច​ចេញពី​កម្ពុជា​ទៅ ។ លោក​ផៃ ស៊ី​ផា​ន បាន​បញ្ជាក់​ថា ក្នុង​ន័យ​នេះ​រាជរដ្ឋាភិបាល​គ្មាន​បំណង់​ដេញ​មន្ដ្រី​ទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​ចេញពី​កម្ពុជា​ឡើយ ។

លោក​ថា សូម​ចាត់​ទុក​កម្ពុជា​ជា​ប្អូនស្រី​មួយ​ទើបតែ​ពេញក្រមុំ កុំ​ឆាឆៅ​កម្ពុជា​មិន​ឲ្យ​អ្នក​ណា​មក​រំលោភ​បាន​ឡើយ ។ លោក​ថា​៖ «​ហើយ​មន្ដ្រី​នៅ​ក្នុង​ស្ថានទូត (​ទូត​អា​មេ​រិ​ក​) ដែល​ប្រើប្រាស់​លក្ខណៈ​ព្រៃផ្សៃ គួរតែ​បញ្ចប់​នេះ​ជា​សំណូមពរ​របស់​យើង ។ ត្បិត​យើង​ជា​មិត្ត​ជាមួយ​គ្នា ហើយ បើ​មន្ដ្រី​នោះ​មិន​ពេញចិត្ត​ស្រុក​ខ្មែរ​វេច​ឥ​វ៉ា​ន​ចេញ​ទៅ​វិញ​ទៅ​យើង​អត់​ស្វាគមន៍​ទេ អាហ្នឹង​» ។ អ្នកនាំពាក្យ​បញ្ជាក់​ថា គ្មាន​ប្រទេស​ណាមួយ​ជា​ចៅហ្វាយ​កម្ពុជា​ទេ ខណៈ​លោក​អះ អាង​ថា ចិន​-​អា​មេ​រិ​ក មិនមែន​ជា​ចៅហ្វាយ​កម្ពុជា​ឡើយ ។ លោក​ថា ចៅហ្វាយ​របស់​កម្ពុជា គឺជា​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​លោក ផៃ ស៊ី​ផា​ន លើក​បែប​នេះ​បន្ទាប់​ពី​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ទី​៣០ កក្កដា បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា រដ្ឋាភិបាល​អា​មេ​រិ​ក​កត់សម្គាល់​ខួប​១​ឆ្នាំ​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​មាន​កំហុសឆ្គង​យ៉ាង​ខ្លាំង ។ អា​មេ​រិ​ក​ថ ការ​បោះ​ឆ្នោត​នេះ​មិន​មាន​ភាព​សេរី និង​យុត្តិធម៌​ក៏​មិន​តំណាង​ឲ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​ឡើយ ។ ជាង​នេះ​ស្ថា​ត​ទូត​បាន​ស្នើ​ឲ្យ​មានការ​ទម្លាក់​បទចោទប្រកាន់​ទៅ​លើក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថែម​ទៀត ។ មួយ​រយៈពេល​កន្លង​មកនេះ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា តែងតែ​វាយប្រហារ​មក​លើ​រាជរដ្ឋាភិបាល​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​របស់​បក្ស​ប្រឆាំង ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ