ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្តល់​ឥណទាន​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មាន​ទឹកប្រាក់​ប្រមាណ២៧ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​រយៈពេល ៦ ខែ​ដើមឆ្នាំ ២០១៩ នេះ ការ​ផ្តល់​ឥណទាន​សរុប​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មាន​ទឹកប្រាក់​ប្រមាណ ២៧ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​កើនឡើង​ប្រមាណ…

រាជធានី​ភ្នំពេញ​៖ ក្នុង​រយៈពេល ៦ ខែ​ដើមឆ្នាំ ២០១៩ នេះ ការ​ផ្តល់​ឥណទាន​សរុប​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មាន​ទឹកប្រាក់​ប្រមាណ ២៧ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​កើនឡើង​ប្រមាណ ២២% ។ នេះ​បើ​តាម​ធនាគារជាតិ​នៃ​កម្ពុជា ។

យោង​តាម​របាយការណ៍​ប្រចាំឆមាស​ទី ១ របស់​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា ឥណទាន​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មាន​កំណើន ២២,៤% កើន​ដល់​ជាង ២៧ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។ ឥណទាន​សរុប​របស់​គ្រឹះស្ថាន​ធនាគារ​មាន​ជាង ២១ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក និង​បាន​ផ្តល់​ទៅ​កាន់​វិស័យសេដ្ឋកិច្ច​សំខាន់​ដូច​ជា​ការ​ជួញដូរ​រាយ ១៦%, ការ​ជួញដូរ​ដុំ​១១%, ការ​ខ្ចី​ទិញ​លំនៅ​ឋាន​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ១០% , កសិកម្ម ៩%, សំណង់​១០%, តម្រូវការ​ផ្ទាល់ខ្លួន ៨%, ការ​ជួញដូរ​អចលនទ្រព្យ ៧%, និង​កម្មន្តសាល​កម្ម ៥% ។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​ផ្តល់​ឥណទាន​សរុប​មាន​ទឹកប្រាក់ ៦,២ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​កាន់​ក្រុម​គ្រួសារ ៣៦%, វិស័យ​កសិកម្ម ២០%, វិស័យ​ពាណិជ្ជកម្ម ១៨%, សេវា ១៣%​និង​សំណង់ ៣% ។

លោក ចូ​វ សោ​ភ័​ណ្ឌ នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​មាន​ប្រសាសន៍​ថា គិត​ត្រឹម​ត្រីមាស​ទី ២ (៦​ខែ​) ដើមឆ្នាំ ២០១៩ នេះ​ការ​ផ្តល់​ឥណទាន​នៅ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ជា​រួម មាន​ទឹកប្រាក់​ជាង ៦ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក មាន​កំណើន​ប្រមាណ ១៦% ។ អ្នក​ប្រើប្រាស់​សេវា​ឥណទាន​មាន​ជាង ២,១ លាន​នាក់ ហើយ​ប្រាក់​បញ្ញើ​សន្សំ​ទទួល​ពី​អតិថិជន​មាន​ប្រមាណ ២.៥៤៣ លាន​ដុល្លារ មាន​កំណើន​ជាង ២០%, អ្នក​ប្រើប្រាស់​សេវា​ប្រាក់​បញ្ញើរ​សន្សំ​មាន​ជាង ២,៥ លាន​នាក់ ។ លោក​លើក​ឡើង​ថា កាលពី​ឆ្នាំ ២០១៨ គិត​ត្រឹម​ត្រីមាស​ទី ២ ដូច​គ្នា ការ​ផ្តល់​ឥណទាន មាន​កំណើន​ប្រមាណ ១២% ហើយ​ប្រាក់​បញ្ញើ​សន្សំ មាន​កំណើន​ប្រមាណ ១២.៨៣% ។ ឥណទាន​មិន​ដំណើរការ​ជា​មធ្យម​មាន​អត្រា​ប្រមាណ​ជា ១% មាន​ន័យ​ថា​អតិថិជន​មាន​លទ្ធភាព​សង​ត្រលប់​បាន​ល្អ និង​ទៀងទាត់ ។

នាយក​ប្រតិបត្តិ​សមាគម​គូសបញ្ជាក់​ថា «​យោង​តាម​របាយការណ៍​ឥណទាន និង​ប្រាក់​បញ្ញើ​សន្សំ​ដែល​សមាគម​ទទួល​បាន​ពី​សមាជិក​ក្នុង​រយៈពេល ៦ ខែ​ឆ្នាំ ២០១៩ នេះ បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ផ្តល់​ឥណទាន​មានការ​កើន​ប្រហែល ១៦ ភាគរយ និង​ការ​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន មានការ​កើន​ប្រហែល ២០ ភាគរយ ។ កត្តា​មួយ​ចំនួន​ដែល​ជំរុញ​ឱ្យ​មាន​កំណើន​រួម​មាន ៖ ស្ថេ​រ​ភាព​នយោបាយ និង​សន្តិភាព​ក្នុង​ប្រទេស ដែល​ទាក់ទាញ​ការ​វិនិយោគ​, ស្ថេ​រ​ភាព​ម៉ាក្រូសេដ្ឋកិច្ច​, កំណើន​ផលិតផល​ក្នុងស្រុក​សរុប និង​សកម្មភាព​សេដ្ឋកិច្ច​ដែល​គាំទ្រ​កំណើន​,​ទំនុកចិត្ត និង​តម្រូវការ​សេវា​ហិរញ្ញវត្ថុ​សម្បូរ​បែប ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​, ការ​ពង្រីក​ប្រព័ន្ធ​សេវា និង​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​, ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​អតិថិជន​លើ​ការ​ប្រើប្រាស់​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​មាន​ភាព​ប្រសើរ​ឡើង និង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប ដោយ​ការ​ទទួលខុសត្រូវ​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដូច​ជា ការ​អនុវត្ត​គោលការណ៍​ការពារ​អតិថិជន​ជាដើម​» ។

យោង​តាម​ធនាគារជាតិ​នៃ​កម្ពុជា វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​បន្ត​រីក​ចម្រើន​ទាំង​ទំហំ និង​វិសាលភាព​ប្រកបដោយ​បរិ​យា​ប័ន្ន​ដោយ​បច្ចុប្បន្ន​វិស័យ​ធនាគារ​រួម​មាន ៖ ធនាគារពាណិជ្ជ​៤៤, ធនាគារ​ឯកទេស ១៥, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន ៧, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ ៧៤, គ្រឹះស្ថាន​ឥណទាន​ជនបទ ២៥៤, ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ ១៥, អ្នកដំណើរ​កា​រត​តិ​យ​ភាគី ៤ និង​គ្រឹះស្ថាន​សេវា​ទូទាត់ ១៦ ។ ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​បាន​កើនឡើង ១៩% ដល់ ១៨០ ទ្រី​លាន​រៀល ឬ​ស្មើ ៤៤,៨ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​គាំទ្រ​ដោយ​កំណើន​ដើមទុន ២០% កំណើន​មូលនិធិ​កម្ចី ១៧% និង​កំណើន​ប្រាក់​បញ្ញើ​អតិថិជន ២២% ។ ជាមួយ​គ្នា​បណ្តា​សាខា​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​កើន​ដល់​ជាង ២,៣ ពាន់​កន្លែង​, ម៉ាស៊ីន​ដក​ប្រាក់ និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ​មាន​ជាង ២,២ ពាក់​គ្រឿង ។

ទន្ទឹម​នឹង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​មានការ​រីក​ចម្រើន​បើ​តាម​ធនាគារជាតិ អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​បាន​បន្ត​ពង្រឹង​ប្រតិបត្តិការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម តាម​រយៈ​ការ​ពង្រឹង​ការងារ​ទទួល វិភាគ និង​បញ្ជូន​របាយការណ៍ និង​ការ​ចុះ​ត្រួតពិនិត្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ។ ស​.​ហ​.​ក បាន​លើកកម្ពស់​ការ​យល់​ដឹង​ពី​បទ​ប្បញ្ញត្តិ និង​យន្តការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ដល់​វិស័យ​សាធារណៈ និង​ឯកជន ព្រមទាំង​បាន​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ ។ ទន្ទឹម​នេះ ស​.​ហ​.​ក បាន​រៀបចំ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​ជាតិ ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ឆ្នាំ ២០១៩-២០២៣ ដែល​ជា​មគ្គុទ្ទេសក៍​រយៈពេល​វែង ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ