ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្ម​ចាប់ផ្ដើម​មាន​ឥទ្ធិពល​លើ​អាជីវកម្ម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន និង​អា​មេ​រិ​ក បាន​និង​កំពុង​ជះ​ឥទ្ធិពល​ដល់​បណ្ដា​ប្រតិបត្តិការ​ក្រុមហ៊ុន​ធំ​ៗ​នៅ​អាស៊ី ដូច​ការ​លើក​ឡើង​របស់​សេដ្ឋវិទូ​នានា​ថា ពាក្យ​សង្គ្រាម​វា​គ្មាន​ចំណេញ​ដល់​ភាគី​ណា​នោះ​ឡើយ ដូច្នេះ​គួរតែ​បញ្ជៀ​ស​ពី​សង្គ្រាម​ឱ្យ​បាន មិន​ថា​សង្គ្រាម​អ្វី​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន និង​អា​មេ​រិ​ក បាន​និង​កំពុង​ជះ​ឥទ្ធិពល​ដល់​បណ្ដា​ប្រតិបត្តិការ​ក្រុមហ៊ុន​ធំ​ៗ​នៅ​អាស៊ី ដូច​ការ​លើក​ឡើង​របស់​សេដ្ឋវិទូ​នានា​ថា ពាក្យ​សង្គ្រាម​វា​គ្មាន​ចំណេញ​ដល់​ភាគី​ណា​នោះ​ឡើយ ដូច្នេះ​គួរតែ​បញ្ជៀ​ស​ពី​សង្គ្រាម​ឱ្យ​បាន មិន​ថា​សង្គ្រាម​អ្វី​នោះ​ទេ ។

បើ​យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន SCG ដែល​ជា​ក្រុមហ៊ុន​ផលិត​គ្រឿងសំណង់​ធំ​មួយ​នៅ​អាស៊ី​អាគ្នេយ៍ បានឱ្យ​ដឹង​ថា ដោយសារ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​ខ្លួន ពោល​គឺ​បាន​ធ្វើ​ឱ្យប្រាក់​ចំណេញ​របស់​ខ្លួន​ធ្លាក់​ចុះ​នៅ​ក្នុង​ត្រីមាស​ទី ២ នៃ​ឆ្នាំ ២០១៩ នេះ ។

លោក Roongrote Rangsiyopash ប្រធាន និង​ជា​អគ្គនាយក​ក្រុមហ៊ុន SCG បានឱ្យ​ដឹង​ថា សម្រាប់​ត្រីមាស​ទី ២ ឆ្នាំ ២០១៩ ចាប់ពី​ខែមេសា ដល់​ដំណាច់ខែ​មិថុនា លទ្ធផល​នៃ​របាយការណ៍​បាន​បង្ហាញ​ថា ចំណូល​ពី​ការ​លក់​របស់​ខ្លួន មានការ​ថយ​ចុះ​ប្រមាណ ៩ ភាគរយ ធៀប​នឹង​រយៈ​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៨ ។ ចំណែកឯ​ប្រាក់​ចំណេញ របស់​ខ្លួន​វិញ​ក៏​ឃើញ​ថា មានការ​ថយ​ចុះ​រហូត​ដល់ ២៧ ភាគរយ​ឯណោះ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន និង​ធ្លាក់ ២២ ភាគរយ ធៀប​នឹង​ត្រីមាស​ទី ១ ឆ្នាំ ២០១៩ ។ លោក​បន្ត​ថា ៖ «​ដោយសារ​តែ​ការ​ព្រួយបារម្ភ​អំពី​សង្គ្រាម​ពាណិជ្ជកម្ម ដែល​បាន​ប៉ះពាល់​ដល់​ប្រាក់​ចំណេញ​ពី​ផលិតផល​គីមី និង​ការ​ខាតបង់​សារពើ​ភណ្ឌ​ក្នុង​ទឹកប្រាក់ ១៤៨ ប៊ី​លាន​រៀល ឬ ៣៦ លាន​ដុល្លារ​អា​មេ​រិ​ក ។ ដោយ​គិត​ចំនួន​ប្រាក់​បំណាច់​បុគ្គលិក​ត្រឹម ២៦២ ប៊ី​លាន​រៀល ឬ ៦៤ លាន​ដុល្លារ​អា​មេ​រិ​ក ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​នេះ សម្រាប់​ត្រីមាស​ទី ២ ឆ្នាំ ២០១៩ គឺ​មាន​ចំនួន ៩០៦ ប៊ី​លាន​រៀល ស្មើនឹង ២២៣ លាន​ដុល្លារ​អា​មេ​រិ​ក​» ។

លោក​បន្ត​ទៀត​ថា សម្រាប់​ប្រទេស​កម្ពុជា ផល​ប៉ះពាល់​ដែល​កើត​ចេញពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច នៅ​មិន​ទាន់​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅឡើយ​ទេ ជាក់ស្ដែង​អាជីវកម្ម​លក់​គ្រឿងសំណង់​របស់​ក្រុមហ៊ុន​ធំ​មួយ​នេះ​នៅ​អាស៊ី​អាគ្នេយ៍​បាន​កើនឡើង ១១ ភាគរយ ហើយ​មួយ​ភាគ​ធំ​បាន​មក​ពី​ការ​នាំ​ចូល​ស៊ីម៉ង់ត៍ និង​សម្ភារ​សាងសង់ ព្រោះ​វិស័យ​សំណង់​នៅ​កម្ពុជា កំពុង​មាន​សន្ទុះ​ខ្ពស់ ។

យោង​តាម​លោក លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក ប្រចាំ​កម្ពុជា​បានឱ្យ​ដឹង​ថា កុំ​ចង់ឱ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​ធំ​ៗ​ហើយ​រង់ចាំ​ត្រង​ផលប្រយោជន៍​នោះ ។ មុន​ដំបូង​ប្រទេស​តូច​ៗ​ពិតជា​ទទួល​បាន​ផលប្រយោជន៍​មែនហើយ តែ​បន្ទាប់​មក​ទៀត​អ្នក​ទទួលផល​ប្រយោជន៍​នោះ នឹង​ទទួល​បាន​គុណវិបត្តិ​វិញ ។ លោក​បន្ថែម​ថា គេ​អាច​ទទួល​បាន​ផលប្រយោជន៍​តែ​ផលប្រយោជន៍​តិចតួច ក្នុង​ករណី សង្គ្រាម​ពាណិជ្ជកម្ម​មាន​រយៈពេល​ខ្លី​តែ​បើសិនជា​សង្គ្រាម​ពាណិជ្ជកម្ម​នេះ វា​មាន​រយៈពេល​កាន់តែ​យូរ ប្រទេស​ដែល​ទទួលផល​នោះ នឹង​រង​ផល​ប៉ះពាល់​វិញ ។

លោក​ថា ៖ «​ដំបូង​អាច​ទទួល​បាន​ប្រយោជន៍ ដោយសារ​តែ​វិនិយោគិន​នៃ​ប្រទេស​ទាំង​ពីរ​រត់​ទៅ​រក​ប្រទេស​ណា​ដែល​រួច​ពន្ធ​ក្នុង​ការ​នាំ​ចូល​ទៅ​កាន់​មហាអំណាច​នោះ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​សង្គ្រាម​កាន់តែ​អូស​បន្លាយ ធ្វើ​ឱ្យ​វិនិយោគិន​នៃ​ប្រទេស​មហាអំណាច​ទាំងនោះ នឹង​ខាត​ទុន​កាន់តែ​ច្រើន ដូច្នេះ​ពួក​គេ​នឹង​មិន​បណ្ដាក់ទុន​វិនិយោគ​លើ​ប្រទេស​តូច​ៗ​ទៀត​ទេ ទោះបី​រួច​ពន្ធ​ក្ដី ដោ​សារ​តែ​ពួក​គេ​មិន​ចំណេញ​អ្វី​នោះ​ឡើយ ដូច្នេះ​ហើយ​ទើប​យើង​និយាយ​ថា​ពាក្យ​សង្គ្រាម​មិន​មាន​ផល​ល្អ​ឡើយ​» ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ