រាជធានីភ្នំពេញ៖ គិតត្រឹមឆមាសទី ១ ឆ្នាំ ២០១៩ នេះបើតាមមន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបង្ហាញថា កម្ពុជាមានទុនបម្រុងអន្តរជាតិមានដល់ជាង ១១ ប៊ីលានដុល្លារអាមេរិកជាកម្រិតមួយខ្ពស់ ។ ទុនបម្រុងអន្តរជាតិដែលកម្ពុជាក៏ដូចបណ្តាប្រទេសផ្សេងទៀតត្រូវមាននេះតើវាមានតួនាទី និងមុខងារសំខាន់បែបណាខ្លះក្នុងផ្នែកសេដ្ឋកិច្ចនៃប្រទេសមួយ?
យោងតាមសេចក្តីបំភ្លឺរបស់ធនាគារជាតិស្តីពីទុនបម្រុងអន្តរជាតិចេញផ្សាយកាលពីថ្ងៃទី២៩ កក្កដា ២០១៩ បានបង្ហាញថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទុនបម្រុងអន្តរជាតិនៃប្រទេសមួយសំដៅលើទ្រព្យសម្បត្តិដែលទទួលស្គាល់ជាអន្តរជាតិ ដែលប្រទេសមួយមាននិងត្រូវបានគ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុ សម្រាប់ប្រើក្នុងករណីចាំបាច់ដូចជា ៖ ការផ្តល់ហិរញ្ញប្បទានដល់ជញ្ជីងទូទាត់ប្រសិនបើមានតម្រូវការ, ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដើម្បីគ្រប់គ្រងការប្រែប្រួលអត្រាប្តូរប្រាក់ និងការរក្សាបានជំនឿទុកចិត្តលើរូបិយវត្ថុនិងសេដ្ឋកិច្ចជាតិ ។ ទុនបម្រុងអន្តរជាតិអាចមានទម្រង់ជាមាស និងរូបិយប័ណ្ណនានាដែល IMF ទទួលស្គាល់ជាអន្តរជាតិដូចជា ប្រាក់ដុលា្លរអាមេរិក, អឺរ៉ូ, ផោនអង់គ្លេស, យេនជប៉ុននិង យ៉ន់ចិន ។
តាមសេចក្តីបំភ្លឺដដែលលើកឡើងថា IMF តែងតែផ្តល់អនុសាសន៍ឱ្យប្រទេសសមាជិក រក្សាកម្រិតទុនបម្រុងអន្តរជាតិឱ្យបានគ្រប់គ្រាន់ ។ ដើម្បីកំណត់កម្រិតគ្រប់គ្រាន់នេះ IMF តែងតែធ្វើការប្រៀបធៀបទំហំទុនបម្រុងអន្តរជាតិទៅនឹងចំនួនខែនៃការនាំចូលទំនិញ និងសេវាកម្មនៅគ្រាខាងមុខ ។ ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជាកម្រិតគ្រប់គ្រាន់អប្បបរមានៃទុនបម្រុងអន្តរជាតិដែលគួរមានគឺចំនួន ៣ ខែនៃការនាំចូលទំនិញ និងសេវានៅគ្រាខាងមុខ ។
សេចក្តីបំភ្លឺគូសបញ្ជាក់ថា «ចំពោះកម្ពុជាទុនបម្រុងអន្តរជាតិបានកើនឡើងជាលំដាប់ ហើយបច្ចុប្បន្នមានកម្រិត ៥ ខែ នៃកានាំចូលទំនិញ និងសេវា ពោលគឺខ្ពស់ជាង ៣ ខែ ដែលជាកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន ។ ផ្អែកលើសូចនាករនេះសេដ្ឋកិច្ចកម្ពុជាកំពុងអភិវឌ្ឍប្រកបដោយចីរភាព និងភាពរឹងមាំ» ។
លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានធ្វើបទបង្ហាញកាលពីថ្មីៗថា «ទុនបម្រុងអន្តរជាតិដុលកើនដល់ប្រមាណ ១១,១ ប៊ីលានដុល្លារអាមេរិក ដែលអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់បានប្រមាណ ៥ ខែ ខ្ពស់ជាងកម្រិតកំណត់អប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន ។ កម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិបានពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិនមកលើភាពធន់នៃសេដ្ឋកិច្ចកម្ពុជា» ។
តាមធនាគារជាតិនៃកម្ពុជា ជាទូទៅការគ្រប់គ្រងទុនបម្រុងអន្តរជាតិអាចប្រឈមនឹងហានិភ័យដូចជា ហានិភ័យទីផ្សារ, ហានិភ័យសន្ទនីយភាព,ហានិភ័យឥណទាន និងប្រតិបត្តិការជាដើម ហើយដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធិភាព ការវិនិយោគទុនបម្រុងអន្តរជាតិត្រូវបានធ្វើឡើងដោយគោរពតាមលំដាប់អាទិភាព៖ ទី ១ ការរក្សាដើមទុន ទី ២ សន្ទនីយភាព និងទី ៣ ចំណូល ។ ម្យ៉ាងទៀតទុនបម្រុងអន្តរជាតិ ត្រូវបានវិនិយោគដោយយកចិត្តទុកដាក់លើគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ចដោយ មិនត្រូវបានអនុញ្ញាតឱ្យវិនិយោគលើសញ្ញាប័ណ្ណសាជីវកម្មដែលពាក់ព័ន្ធ និងការបំពុលបរិស្ថាន អាវុធជាតិផ្ទុះនិងគ្រឿងស្រវឹង ដើម្បីបញ្ចៀសនូវហានិភ័យពាក់ព័ន្ធផ្សេងៗដូចជាហានិភ័យកេរ្តិ៍ឈ្មោះជាដើម ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ