ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​ថ្ងៃ Rolls-Royce ផលិត​រថយន្ត Hybrid ឡើយ

4 ឆ្នាំ មុន

យើង​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង នៅ​ពេល​ឃើញ​ព័ត៌មាន​ថា ក្រុមហ៊ុន​រថយន្ត Rolls Royce នឹង​ចេញ​ម៉ូ​ដែល​រថយន្ត Cullinan ម៉ាស៊ីន Hybrid ។…

យើង​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង នៅ​ពេល​ឃើញ​ព័ត៌មាន​ថា ក្រុមហ៊ុន​រថយន្ត Rolls Royce នឹង​ចេញ​ម៉ូ​ដែល​រថយន្ត Cullinan ម៉ាស៊ីន Hybrid ។ សម្រាប់​ពេល​បច្ចុប្បន្ន​រថយន្ត Cullinan របស់ Rolls Royce មាន​ជម្រើស​ម៉ាស៊ីន​តែ​មួយ​ប៉ុណ្ណោះ ដែល​មាន​ទំហំ​ម៉ាស៊ីន 6.75-liter Twin-turbo V12 ដែល​ផ្តល់​ថាមពល​៥៦៣​សេះ ។ ប្រសិនបើ Cullinan ម៉ាស៊ីន Hybrid ចេញ​លក់​មែន វា​នឹង​ក្លាយទៅជា​រថយន្ត​របស់ Rolls Royce ដំបូង​គេ​បំផុត​ដែល​មាន​ជម្រើស​បែប​នេះ ។ តែ​ខណៈ​នេះ ខាង​ក្រុមហ៊ុន​បាន​ប្រកាស​ជា​ផ្លូវការ​ថា នឹង​គ្មាន​សោះឡើយ​ក្នុង​ការ​ផលិត​រថយន្ត Hybrid ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Rolls-Royce លោក Torsten Müller-Otvös បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មិន​មាន​គម្រោង​ផលិត​រថយន្ត Cullinan ម៉ាស៊ីន Hybrid នោះ​ទេ ហើយ​ក៏​គ្មាន​ដែរ​សម្រាប់​ម៉ូ​ដែល​ផ្សេង​ទៀត ។ តែ​នៅ​ថ្ងៃ​មុខ​អាច​នឹង​មាន​រថយន្ត​ប្រើ​អគ្គិសនី​ទាំងស្រុង​តែ​ម្តង ។

លោក Müller-Otvös បាន​និយាយ​ថា ៖ «​វា​ពិតជា​អស្ចារ្យ​ណាស់ ដែល​ក្រុមហ៊ុន BMW សម្លឹង​មើលទៅ​មុខ ហើយ​និង​គិត​លើ​គម្រោង iNext (​គម្រោង​រថយន្ត​អគ្គិសនី​) ។ ខ្ញុំ​រីករាយ​ដែល​ខ្ញុំ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ធំ (BMW) ដោយសារ​តែ​យើង​នឹង​ទទួល​បាន​ផល​ចំណេញ​ពី​បច្ចេកវិទ្យា​នេះ ។ ក្រុម​វិស្វករ​របស់​ក្រុមហ៊ុន​បាន​កំពុង​តែ​សិក្សា​លើ​វា​ហើយ ។ វា​ពិតជា​អស្ចារ្យ​ណាស់ ហើយ​យើង​នឹង​បំពាក់​វា​នៅ​លើ​រថយន្ត Rolls Royce​។​»

តាម​ការ​លើក​ឡើង​នេះ​យើង​អាច​សន្មត់​ថា រថយន្ត Cullinan របស់ Rolls Royce នឹង​គ្មាន​ឡើយ​ម៉ាស៊ីន Hybrid ។ គេ​នៅ​តែ​អាច​រំពឹង​ថា នឹង​មាន​ជម្រើស​មួយទៀត​នៅ​ថ្ងៃ​មុខ​ដែល​នឹង​មក​ជាមួយ​នូវ​ម៉ាស៊ីន V8 ដែល​នឹង​ក្លាយជា​គូប្រជែង​ជាមួយនឹង​រថយន្ត​របស់​ក្រុមហ៊ុន Bentley ម៉ាក Bentayga ។ រថយន្ត​របស់ Bentley ម៉ូ​ដែល​នេះ​មាន​ជម្រើស​ម៉ាស៊ីន Hybrid សម្រាប់​អតិថិជន ។ តែ Rolls Royce នៅ​តែ​ប្រកាន់​គោល​ជំហរ​មិន​ងាករេ មិន​ទៅ​ប្រឡូក​ក្នុង​ការ​ផលិត​រថយន្ត​ម៉ាស៊ីន Hybrid ។

លោក Müller-Otvös បាន​បន្ត​ថា​៖ «​នៅ​ថ្ងៃ​អនាគត​ក្រុមហ៊ុន​នឹង​មាន​រថយន្ត​ប្រើប្រាស់​អគ្គិសនី​សុទ្ធ ។ ពួក​យើង​មិន​បាន​គ្រោង​ថា នឹង​ចេញ​មួយ​ណា​មុន​ទេ ហើយ​ក៏​មិនដឹង​ថា នឹង​ចេញ​ពេល​ណា​ដែរ ។ តែ​យើង​ដឹង​ច្បាស់​ថា ពួក​យើង​នឹង​ចេញ​ម៉ូ​ដ​រថយន្ត​ប្រើប្រាស់​អគ្គិសនី​សុទ្ធ ។ ពួក​យើង​នឹង​មិន​ផលិត​រថយន្ត​ម៉ាស៊ីន Hybrid ឡើយ ។ គោលដៅ​របស់​យើង គឺ​ម៉ាស៊ីន​អគ្គិសនី ។ វា​អាច​នឹង​លេចមុខ​នៅ​ជាង​១០​ឆ្នាំ​ទៀត » ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ