រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរសម្នាក់ត្រូវរថយន្តម៉ាកម៉ាស្តាមួយគ្រឿងបុក និងកិនបាក់ជើង ខណៈពេលដែលជិះម៉ូតូមួយគ្រឿងជែងស្តាំជួបឧបសគ្គក៏បានបត់កាត់មុខរថយន្ត ដែលគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី៣០ ខែកក្កដានេះ នៅតាមបណ្តោយផ្លូវ៦២R សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍បានបន្តថា បុរសរងគ្រោះឈ្មោះ សេង ណាក់ ភេទប្រុស អាយុ៣០ឆ្នាំ ជាកម្មករសំណង់ជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង ១P៧៤៥៨ មានលំនៅផ្ទះជួល ម្តុំជ្រោះបាត់ស្នេហ៍ ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។ ចំណែករថយន្តម៉ាកម៉ាស្តា ពណ៌ស ពុំមានស្លាកលេខ បើកបរដោយស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណបានបើកដឹកកូនស្រី២នាក់ទៅរៀន ។
តាមព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបានធ្វើដំណើរតាមផ្លូវលេខ៦២R ក្នុងទិសដៅពីកើតទៅលិច នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុដែលជាផ្លូវចង្អៀត ស្រាប់តែមានម៉ូតូជនរងគ្រោះធ្វើដំណើរស្របគ្នា ហើយបានបើកជែងស្តាំក៏បានជួបឧបសគ្គ មានម៉ូតូរ៉ឺម៉កឈប់នៅពីមុខក៏បានទាញចង្កូតគេចចេញកាត់មុខប៉ះរថយន្តក៏ត្រូវរថយន្តបុក និងកិនបាក់ជើងតែម្តង ។
បន្ទាប់ពីគ្រោះថ្នាក់ជនរងគ្រោះត្រូវបានរថយន្តបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន ហើយខាងម្ចាស់រថយន្តបានសម្របសម្រួលគ្នាជួយចេញថ្លៃព្យាបាល ដើម្បីបញ្ចប់រឿង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ