រាជធានីភ្នំពេញ ៖ ក្រុមមន្ត្រីអគ្គនាយកដ្ឋានគយ និងរដ្ឋាកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះថា ក្រុមហ៊ុនដែលលួចនាំចូលកុងតឺន័រ៨៣ទូផ្ទុកដោយកាកសំណល់សំរាមប្លាស្ទិកនៅខេត្តព្រះសីហនុ គឺជាក្រុមហ៊ុនខ្មែរ តែមានបុគ្គលិកជាជនជាតិចិនធ្វើការនៅក្នុងក្រុមហ៊ុននោះ ។
មន្ត្រីជាន់ខ្ពស់បានឲ្យដឹងថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងធ្វើសន្និសីទកាសែតទាក់ទងកាកសំណល់ប្លាស្ទិកចំនួន៨៣កុងតឺន័រ ដែលមានទម្ងន់១៦០០តោន ដែលនាំចូលពីបរទេសយកមកទម្លាក់ចោលនៅកំពង់ផែស្វ័យខេត្តព្រះសីហនុ នៅម៉ោង៤រសៀល ថ្ងៃទី៣០ ខែកក្កដា នេះ ។ សន្និសីទកាសែតនេះធ្វើនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករដែលមានទីតាំងនៅទល់មុខអតីតធនាគារជាតិកម្ពុជា ស្ថិតផ្លូវនរោត្តម ។ បញ្ជាក់យ៉ាងដូច្នេះថា ក្រុមហ៊ុននាំចូលកុងតឺន័រនោះយើងរកឃើញថា ជាក្រុមហ៊ុនខ្មែរ តែមានជនជាតិចិនធ្វើការនៅទីនោះ , នៅពាក់កណ្តាលសប្តាហ៍ក្រោយយើងនឹងហៅខាងក្រុមហ៊ុនសួរនាំអំពីបញ្ហានេះទាំងជនជាតិខ្មែរ និងជនជាតិចិន ប្រសិនបើរកឃើញថា ជនជាតិចិនមានភាគហ៊ុនដែរនោះយើងនឹងបង្ហាញលទ្ធផលច្បាស់ការ ។
មន្ត្រីបានបន្តថា «កុងតឺន័រទាំង៨៣នេះបាននាំចូលបន្តិចម្តងៗតាំងពីឆ្នាំ២០១៨មកម្ល៉េះ ដូច្នេះ យើងត្រូវការពេលវេលាស្រាវជ្រាវលើរឿងនេះឲ្យបានលម្អិត» ។ កុងតឺន័រទាំងនោះគេដឹងថា នាំចូលកម្ពជាពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩នេះ ។
សូមបញ្ជាក់ថា កុងទឺន័រចំនួន៨៣ទូ ដែលមានផ្ទុកកាកសំណល់សំរាមដែលគេបោះចោល លួចនាំមកពីសហរដ្ឋអាមេរិក និងប្រទេសកាណាដាចូលកម្ពុជាត្រូវបានកម្លាំងសមត្ថកិច្ចនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបើកប្រតិបត្តិការបង្ក្រាបបាន នៅខេត្តព្រះសីហនុ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ