ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញទៀតហើយ…​ទីតាំងស្តុក​ឈើ​ជិត​ព្រំដែនវៀតណាម​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ គណៈកម្មការ​ថ្នាក់​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ធនធានធម្មជាតិ កាល​ថ្ងៃ​ទី​២៨ កក្កដា បាន​ចុះ​ត្រួតពិនិត្យ​រោង​សន្និធិ ហៅ​ឃ្លាំង​ស្តុក​ឈើ និង​ច្រកព្រំដែន​ដាក់​ដាំ​នៅ​ស្រុក​អូរ​រាំង និង​ច្រកព្រំដែន​ឡា​ប៉ា​ខេ…

ខេត្តមណ្ឌលគិរី ៖ គណៈកម្មការ​ថ្នាក់​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ធនធានធម្មជាតិ កាល​ថ្ងៃ​ទី​២៨ កក្កដា បាន​ចុះ​ត្រួតពិនិត្យ​រោង​សន្និធិ ហៅ​ឃ្លាំង​ស្តុក​ឈើ និង​ច្រកព្រំដែន​ដាក់​ដាំ​នៅ​ស្រុក​អូរ​រាំង និង​ច្រកព្រំដែន​ឡា​ប៉ា​ខេ ស្រុក​កែវ​សីមា ។

​ប្រភព​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ឃ្លាំង​លួច​ស្តុក​ឈើ​ចំនួន​២​កន្លែង ​គឺ១-​ឃ្លាំង​ឈើ​ស្ថិត​នៅ​ក្នុងស្រុក​កែវ​សីមា ចម្ងាយ​ពី​ព្រំដែន ច្រក​ឡា​ប៉ា​ខេ ប្រហែល​៣​គីឡូម៉ែត្រ ឃ្លាំង​មួយ​មានច្បាប់​អនុញ្ញាត ប៉ុន្តែ​មិន​ទាន់​ដំណើរការ​នោះ​ទេ គ្មាន​ប្រភព​ណា​ប្រាប់​ពី​ឈ្មោះ​មន្ត្រី​ដែល​ចេញ​ច្បាប់​ឱ្យធ្វើ​ឃ្លាំង​នេះ​ទេ ។២-​ឃ្លាំង​ឈើ​ឈ្មោះ សួន គឹ​ម​ហេង នៅ​ក្នុងស្រុក​កែវ​សីមា ចម្ងាយ​ពី​ច្រក​ឡា​ប៉ា​ខេ ប្រហែល​ជាង​៧​គីឡូម៉ែត្រ មាន​ស្តុក​ឈើ​ចំនួន​៩៨​ម៉ែត្រគូប ដែល​ឈើ​នេះ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​ចុះ​ពិនិត្យ​ឃើញ​ឈើ​ល្មើស​លើស​ចំនួន​៦២​ម៉ែត្រគូប ប៉ុន្តែ​ប្រភព​ឈើ​ក្នុង​ឃ្លាំង​ដឹក​ពី​ក្រុមហ៊ុន​ថា​ច់​វូ​ដ ដែល​ក្រុមហ៊ុន​នេះ​បាន​ប្រមូល​កាប់​ពី​ដែន​ខាងក្រៅ​អូស​ចូល​ក្រុមហ៊ុន (​កន្ទេល​ធំ​បន្លំ​ដេក ក្បាលទំពែក​បន្លំ​កោ​) ហេតុនេះ​ក្រុមការងារ​សន្មត់​ថា​ឈើ​ទាំង​៩៨​ម៉ែត្រគូប​នេះ​ខុសច្បាប់​ទាំងអស់ ។ សង្ស័យ​ណាស់​មាន​អ្នកតា​ម្ចាស់​ស្រុក​អាច​ជាប់​ពាក់ព័ន្ធ ។

មាន​មជ្ឈដ្ឋាន​ជា​ច្រើន​កំពុង​តែ​ឆ្ងល់​ថា តើ​ហេតុ​អ្វី​បានជា​ចេញ​ច្បាប់​ឱ្យ​ក្រុម​ឈ្មួញ​មាន​សិទ្ធិ​ធ្វើ​ឃ្លាំង​ស្តុក​ឈើ​នៅ​ជិត​ព្រំដែន​យួន​បែប​នេះ ? ដោយសារ​ប្រការ​អស់​នឹង​ហើយ​បាន​ឈើ​ស្រុក​ខ្មែរ​ចូល​ទៅ​ស្រុក​យួន​ស្ទើរ​អស់បែប​នេះ ។

ឱ ! ម្ចាស់​ទឹក ម្ចាស់​ដី​ខេត្ត​ព្រៃឈើ​ទាំងឡាយ​អើយ​…​បង្កើត​ឱ្យ​មានច្បាប់​សម្រាប់​ដុត​ខ្លួនឯង​យ៉ាងនេះ​ឬ​មួយ​បង្កើត​ឡើង​សម្រាប់​ប្រមូល​វេច ?ឃ្លាំង​២​នេះ​ហើយ​ឱ្យឈ្មោះ​ថា «​កន្ទេល​ធំ​បន្លំ​ដេក ក្បាលទំពែក​បន្លំ​កោរ​» យ៉ាង​ពិតប្រាកដ ។

ប្រភព​បន្ត​ថា នៅ​ក្នុង​ឃ្លាំង​ស្តុក​ឈើ​ក្នុង​ព្រៃ​នេះ​មិនឃើញ​មាន​ម្ចាស់ ប៉ុន្តែ​មាន​បុរស​ម្នាក់ បាន​អះអាង​ថា ជា​តំណាង​ក្រុមហ៊ុន ឈ្មោះ ធឿ​ន កើត បាន​យក​ឯកសារ​មក​បំភ្លឺ​ជូន​សមត្ថកិច្ច​ថា មាន​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ ប៊ី​ញ ជា​យោធា​វៀតណាម​ថ្នាក់​វរសេនីយ៍ទោ​បាន​ផ្តល់​ប្រាក់​រាប់​ម៉ឺន​រាប់​សែន​ដុល្លារ​ឱ្យទៅ​ឈ្មោះ សួន គឹ​ម​ហេង ម្ចាស់​ឃ្លាំង​ឈើ និង​ឈ្មួញ​វៀតណាម​ម្នាក់​ឈ្មោះ វ៉ាង ដើម្បី​បង្កើត​ឃ្លាំង​ស្តុក​ឈើ​នេះ​នៅ​ជិត​ព្រំដែន ដើម្បី​ដឹកឈើ​ទៅ​ប្រទេស​វៀតណាម និង​បាន​កក់​លុយ​ឱ្យ​ក្រុមហ៊ុន​ថា​ច់​វូ​ដ ៥​ម៉ឺន​ដុល្លារ​ថ្មី​ៗ​នេះ​ដើម្បី​ឱ្យ​ក្រុមហ៊ុន​ប្រមូល​ឈើ​ផ្គត់ផ្គង់​ឱ្យ​ដេប៉ូ​របស់​ខ្លួន​នៅ​ស្រុក​យួន ។

មាន​មតិ​ខ្លះ​លើក​ឡើង​ថា គួរតែ​លុប​បំបាត់​ឈ្មោះ​ឃ្លាំង​ឈើ​ទាំង​អស់នេះ​ចោល​ទៅ ឬ​ដុត​ចោល​ឱ្យ​ដូច​ដុត​ឡាន​ដឹកឈើ ទើប​អស់​ឈ្មួញ​កាប់​ឈើ​ពី​ខេត្តមណ្ឌលគិរី​នាំ​ទៅ​ស្រុក​យួន ៕

អត្ថបទសរសេរ ដោយ