ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនតិចទេ…​​ដករបងថ្មរាប់រយ​បង្គោល​លើ​ដីគម្រោងសង់ព្រលានយន្តហោះ​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ខេត្តមណ្ឌលគិរី ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​សំណាក់​លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​បាន​ចុះ​ដក​របង​ថ្ម​រាប់រយ​បង្គោល ដែល​ជនខិលខូច​បោះ​ព័ទ្ធ​រំលោភ​យក​ដី​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ ដែល​មា​នទី​តាំងនៅ​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ…

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ខេត្តមណ្ឌលគិរី ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​សំណាក់​លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​បាន​ចុះ​ដក​របង​ថ្ម​រាប់រយ​បង្គោល ដែល​ជនខិលខូច​បោះ​ព័ទ្ធ​រំលោភ​យក​ដី​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ ដែល​មា​នទី​តាំងនៅ​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ដែល​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង តាំងពី​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា កន្លង​មករ​ហូត​បង្គោល​ទាំងនោះ​ត្រូវ​ដក​ចេញ​អស់ ។

លោក​អភិបាល​បាន​ឲ្យ​ដឹង​ថា សកម្មភាព​ដែល​អាជ្ញាធរ​បាន​ចុះ​ធ្វើ​នេះ គឺ​ដើម្បី​ការពារ​ដី​បម្រុង​ទុក​របស់​រដ្ឋ​សម្រាប់​ធ្វើការ​សាងសង់​ព្រ​លាន​យន្តហោះ​នា​ពេល​ខាង​មុខ ។ លោក​អភិបាលខេត្ត​បន្ត​ថា ដោយ​មើល​ឃើញ​មាន​សកម្មភាព​បោះបង្គោល​កំណត់​ព្រំ​ដី​យក​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​អនាធិបតេយ្យ លើ​ដី​ព្រ​លាន​ទើប​លោក​សម្រេច​ដឹកនាំ​មន្ត្រី​ជំនាញ​បរិស្ថាន នគរបាល និង​អាវុធហត្ថ ចុះ​ដក​បង្គោលរបង​ថ្ម​ទាំងនោះ យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​រាំង ដើម្បី​ស្រាវជ្រាវ​បន្ត​ទៅ​តាម​នី​តី​វិធី។

លោក ស្វាយ សំ​អ៊ា​ង បាន​បញ្ជាក់​ថា មិន​ត្រឹមតែ​ដី​ទីតាំង​ព្រ​លាន​ហោះ​នេះ​ទេ ដែល​អាជ្ញាធរ​ចុះ​អនុវត្តន៍​ការពារ​ដី​ទុកជា​សម្បត្តិ​សាធារណៈ សូ​ម្បី​ដីចំការ​ស្រល់​ដែល​កំពុង​រង​ការ​ទន្ទ្រាន​ពី​ជន​មួយ​ក្តាប់​តូច ក៏​លោក​ដាក់​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ និង​ពាក់ព័ន្ធ​ទាំងអស់​ចុះ​ត្រួតពិនិត្យ និង​រឹបអូស​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​ដែរ ។

គេ​សង្កេត​ឃើញ​ថា នៅ​តាម​អម​សងខាង​ផ្លូវ​ចូល​ទៅ​ទឹកជ្រោះ​លែង​អង ឡែ​ង​ឃិ​ន ដែល​ឆ្លងកាត់​ដី​ព្រ​លាន​យន្តហោះ គឺ​មាន​គេ​បោះបង្គោល​យក​ដី​រាប់រយ​ម៉ែត្រ ដែល​តាម​ការ​ប៉ាន់ស្មាន​ក្រៅផ្លូវការ​អាច​មាន​ចំនួន​ជិត​២០០​ហិ​កតា ។ សកម្មភាព​ចាប់ដី​រដ្ឋ​លក់​បាន​ផ្ទុះ​យ៉ាង​ខ្លាំង​ក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី ជា​ពិសេស​តំបន់​ស្រុក​អូរ​រាំង ដែល​ដី​នៅ​ទីនោះ​សម្បូរ​ភ្នំ​នឹង​ព្រៃឈើ​ដ៏​ស្រស់​ស្អាត ហើយ​ភាគច្រើន​គេ​ចាប់​ទុក​លក់​ឲ្យ​ជនជាតិ​ចិន​ក្នុង​តម្លៃ​ថ្លៃ​កប់​ពពក ។

ក្រុម​អ្នក​តាមដាន​បរិស្ថាន​បាន​និយាយ​ថា ការ​ទិញ​លក់​ដី​រដ្ឋ​នៅ​ខេត្តមណ្ឌលគិរី ជា​ពិសេស ​ស្រុក​អូរ​រាំង​ចំណុច​ដី​ព្រ​លាន​យន្តហោះ​នេះ គឺ​កើត​ចេញពី​អាជ្ញាធរ​ស្រុក​ផ្ទាល់ ជា​អ្នក​ចេញ​លិខិត​ស្នាម​ឲ្យ​ក្រុម​ឈ្មួញ បើ​មិន​​ដូច្នេះ​ទេ ក៏​គ្មាន​អ្នក​ណា​គេ​ថ្លើមពាសមេឃ ​ហ៊ាន​យក​លុយរាប់​ម៉ឺន​ដុល្លារ​ទៅ​បោះចោល​ដែរ ។

សូម​រំឭក​ថា អាជ្ញាធរ​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​ក្រុម​មន្ត្រី​អាកាសចរណ៍​ស៊ី​វិល ចុះ​កំណត់​ព្រំ​ដី និង​សិក្សា​បន្ថែម ដើម្បី​ឈាន​ដល់​ការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​លើ​ផ្ទៃដី​ទំហំ​ជាង​៩០០​ហិ​កតា ស្ថិត​នៅ​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ។

លោក សៀ​ក មុន្នី អភិបាលស្រុក​អូរ​រាំង​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្មី​ៗ​នេះ​ប្រតិភូ​របស់​អាកាសចរណ៍​ស៊ី​វិល បាន​ចុះ​ពិនិត្យ​លើ​ទីតាំង​ជាក់ស្តែង ដែល​បាន​កំណត់​តាំងពី​យូរ​មក​ហើយ​សម្រាប់​អភិវឌ្ឍន៍​ទៅ​ជា​ព្រ​លាន​យន្ត​ហោះ ។ លោក សៀ​ក មុន្នី ថា ដោយសារ​តែ​នៅ​ទីតាំង​នេះ​ត្រូវ​អភិវឌ្ឍន៍​មាន​គម្រោង​ច្រើន ដូច្នេះ​ផ្ទៃដី​ដែល​ទុក​សម្រាប់​ធ្វើ​ព្រ​លាន​មាន​ទំហំ​ធំ​រាប់រយ​ហិ​កតា ពោល​គឺ​មានការ​សង់​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​បន្ថែម​ទៀត ។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​ថា​«​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​នេះ គឺ​គ្រាន់តែ​ខេត្ត និង​អាកាសចរណ៍​ស៊ី​វិល​បាន​សហការ​គ្នា ដើម្បី​រៀបចំ​ទីតាំង​ដី​ទុក​សម្រាប់​កសាង​ព្រ​លាន​យន្ត​ហោះ នេះ​ជា​គម្រោង​មួយ​ដែល​ខេត្ត​បាន​រក​ដី​ទុក ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​យើង​នៅ​មិន​ទាន់​ប្រាកដ​ថា តើ​ត្រូវ​សាងសង់​នៅ​ពេល​ឆាប់​ៗ​នេះ​ឬ​ក៏​ទៅ​អនាគត​ខាង​មុខ ពោល​គឺ​មិន​ទាន់​កំណាត់​ថា​យ៉ាង​ណា​នោះ​ទេ ។

លោក​ថា​ ដោយសារ​ឥឡូវនេះ​យើង​ក៏​មិន​ទាន់​មាន​ថវិកា ឬ​ដៃគូ​សម្រាប់​សាងសង់​ព្រ​លាន​ហ្នឹង​ទេ ប៉ុន្តែ​ជា​ការ​សំខាន់​យើង​ត្រូវ​ត្រៀម​ដី​បម្រុង​ទុក ជៀសវាង​គ្មាន​ទីតាំង​នៅ​ពេល​ដែល​គម្រោង​ត្រូវ​ចាប់ផ្តើម​យើង​មាន​ដី​ទុក​តែ​ម្តង ។

លោក​អភិបាលខេត្ត​បញ្ជាក់​ថា បើ​យើង​មិន​ធ្វើ​អុ​ី​ចឹ​ង​ទេ យើង​អត់​មាន​ទីតាំង​សម្រាប់​សាង​សង់​ទេ ដូច្នេះ ​ហើយ​បានជា​អាជ្ញាធរ​ខិតខំ​ការពារ​ដី ទុក​រហូត​ទំហំ​ជាង​៩០០​ហិ​កតា​» ។ មាន​មជ្ឈដ្ឋាន​ជា​ច្រើន​កំពុង​ចង់​ដឹង​តើ​មហា​បុរស​ណា​យក​បង្គោល​មក​បោះ​បំពាន​លើ​ដី​បម្រុង​ទុក​របស់​រដ្ឋ​យ៉ាងនេះ ? ឬ​មួយ​ដឹង​ដែរ តែ​មិន​ហ៊ាន​ប្រាប់ ? (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ