ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ពិតជា​មិនធម្មតា​ទេ​! …បម្រុង​នាំ​នារី​ខ្មែរ​ឆ្លង​ដែន​ទៅ​រៀប​ការ​យកប្តី​ចិន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា នេះ​បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ស្ត្រី​ជា​មេអណ្តើក​២​នាក់ ពាក់​ពន្ធ​ករណី​នាំ​នារី​ខ្មែរ​បម្រុង​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ដើម្បី​ទៅ​រៀប​ការ​យកប្តី​ជា​ជនជាតិ​ចិន ។ ការ​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ពី​សំណាក់​ចៅក្រម​ស៊ើបសួរ គឺ​យោង​តាម​ការ​បញ្ចប់​នៃ​ការ​ស៊ើបសួរ​លើ​ជនសង្ស័យ​នៅ​ដំណាក់កាល​អយ្យការ​ដែល​បាន​ចោទ​ពី​ប្រកាន់​ពី​បទ…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា នេះ​បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ស្ត្រី​ជា​មេអណ្តើក​២​នាក់ ពាក់​ពន្ធ​ករណី​នាំ​នារី​ខ្មែរ​បម្រុង​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ដើម្បី​ទៅ​រៀប​ការ​យកប្តី​ជា​ជនជាតិ​ចិន ។ ការ​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ពី​សំណាក់​ចៅក្រម​ស៊ើបសួរ គឺ​យោង​តាម​ការ​បញ្ចប់​នៃ​ការ​ស៊ើបសួរ​លើ​ជនសង្ស័យ​នៅ​ដំណាក់កាល​អយ្យការ​ដែល​បាន​ចោទ​ពី​ប្រកាន់​ពី​បទ នាំ​មនុស្ស​ចេញ​សម្រាប់​ឆ្លង​ដែន​ដោយ​មិន​ស្របច្បាប់ ។

ការ​នាំ​យក​ចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​នាំ​ឆ្លង​ដែន​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​តាម​បញ្ញា​ត្តិ​មាត្រា​១១ ជនជាប់ចោទ​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៧ ទៅ​១៥​ឆ្នាំ ។ស្ត្រី​ជា​មេអណ្តើក​២​នាក់ កាលពី​កាល​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៩ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់​ពន្ធ​ករណី​នាំ​មនុស្ស​សម្រាប់​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ។

ស្ត្រី​ម្នាក់​ឈ្មោះ សុខា រដ្ឋធានី ហៅ​យ៉ា អាយុ​១៨​ឆ្នាំ មុខរបរ​លក់​គ្រឿងក្រអូប និង​ម្នាក់​ឈ្មោះ ថា​ច់ ដា​វី អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ ពួក​គេ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ចំណុច​មុខ​វត្ត​មហា​មេត្រី ស្ថិត​តាម​បណ្តោយ​ផ្លូវ​១៧៣ ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

ទាក់ទិន​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេអណ្តើក​ដែល​បម្រុង​នាំ​មនុស្ស​ឆ្លង​ដែន​ដោយ​មិន​ស្របច្បាប់​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ លោក​វរសេនីយ៍ឯក​កែវ ធា នាយការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​របស់​លោក​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ស្ត្រី​២​នាក់ ដូច​មានឈ្មោះ​ខាងលើ នៅ​ចំណុច​មុខ​វត្ត​មហាមន្ត្រី ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង ខណៈ​ស្ត្រី​២​នាក់​នោះ​បាន និង​កំពុង​ធ្វើ​ដំណើរ​នាំ​នារី​រង​គ្រោះ ដើម្បី​ឆ្លង​ដែន​តាម​ប្រទេស​វៀតណាម និង​បន្ត​ទៅ​កាន់​ប្រទេស​ចិន ។ ជាមួយ​នោះ​ផង​ដែរ​សមត្ថកិច្ច​ក៏​បាន​រំដោះ និង​អញ្ជើញ​ជន​រង​គ្រោះ​៤​នាក់​ទៅ​ធ្វើការ​បំភ្លឺ​ជុំវិញ​អ្វី​ដែល​ពួក​នាង​ចង់ទៅ​យកប្តី​ចិន ។

ការ​បំភ្លឺ​របស់​ឈ្មោះ វ​.​ស ភេទ​ស្រី អាយុ​២៤​ឆ្នាំ (​ជន​រង​គ្រោះ​) បាន​រៀបរាប់​ថា កាលពី​ខែ​មុន​មាន​ប្អូន​ជី​ទូត​មួយ​ឈ្មោះ យ៉ា (​ជនសង្ស័យ​) ដែល​គេ​មាន​ប្តី​ជា​ជនជាតិ​ចិន និង​រស់នៅ​ប្រទេស​ចិន ។ ក្រោយមក​ឈ្មោះ យ៉ា បាន​មក​លេង​ស្រុក​ខ្មែរ​ជួប​នាង​ដោយ​បានឃើញ​ជីវភាព​នាង​មានការ​ខ្វះខាត​គេ​ក៏​បាន​សួរ​នាង​ថា ចង់ទៅ​យកប្តី​ចិន និង​រស់នៅ​ប្រទេស​ចិន​អត់ ? យកប្តី​ចិន និង​មាន​លុយ​ចាយ​ធូរធា ហើយ​បើ​កូន​ក​ម្លោះ​ចិន​គេ​ពេញចិត្ត គេ​ប្រគល់​លុយ​ឲ្យ​ច្រើន​ៗ នាង និង​បាន​លុយ​ផ្ញើ​មក​ឪពុក​ម្តាយ​ទៀត​ផង ។

ពេល​នោះ​នារី​រង​គ្រោះ​ឮ​ថា បាន​ប្តី​ចិន និង​ទៅ​រស់នៅ​ប្រទេស​ចិន​ក៏​ឆ្លើយ​យ៉ាង​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​(​ចង់ទៅ​)​ទើប​អ្វី​ៗ​សម្រេច​តាម​មេអណ្តើក​ទាំងអស់ គ្រាន់តែ​ដំបូង​មេអណ្តើក​តម្រូវ​នាង​ធ្វើ​លិខិតឆ្លងដែន ដើម្បី​ត្រៀមចាំ​គេ​នាំ​ចេញពី​ស្រុក​ខ្មែរ ។ លុះ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ ឈ្មោះ យ៉ា បាន​មក​ស្រុក​ខ្មែរ និង​បាន​នាំ​នាង​ទៅ​ស្នាក់​នៅផ្ទះ​សំណាក់​កា​ពី​តូ​ល ពេល​នាង​ទៅ​ស្នាក់​នៅ​ទីនោះ​ក៏​បាន​ជួប​នារី​រង​គ្រោះ​៣​នាក់​ទៀត ។ ថ្ងៃ​ទី​២៥ ខែកក្កដា ឈ្មោះ យ៉ា បាន​នាំ​ពួក​គេ​៤​នាក់​ដើរទៅ​លេង​ផ្សារ និង​ទិញ​សម្លៀក​បំពាក់​ឲ្យ​គ្រប់​គ្នា ដើម្បី​រៀបចំ​ខ្លួន​ទៅ​យកប្តី​ចិន ក្នុង​នោះ​ក៏​មានឈ្មោះ ថា​ច់ ដា​វី (​ជនសង្ស័យ​) ចូលរួម​ដែរ ។ លុះ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឈ្មោះ យ៉ា ក៏​បាន​នាំ​ពួក​នាង​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មក​ដល់​មុខ​វត្ត​មហាមន្ត្រី បម្រុង​ជិះ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ដើម្បី​ចេញដំណើរ​ទៅ​កាន់​ប្រទេស​វៀត និង​បន្ត​ទៅ​ប្រទេស​ចិន ស្រាប់តែ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ទាំងអស់​គ្នា​តែ​ម្តង​ទៅ ។

ការ​បំភ្លឺ​របស់​នារី​រង​គ្រោះ​៣​នាក់​ទៀត ដែល​មានឈ្មោះ ស​.​ថ អាយុ​១៧​ឆ្នាំ ឈ្មោះ ថ .​ច អាយុ​១៦​ឆ្នាំ និង​ឈ្មោះ ន​.​ម អាយុ​១៧​ឆ្នាំ បាន​ឆ្លើយ​ប្រហាក់ប្រហែល​ជន​រង​គ្រោះ​ខាងលើ​នេះ​ដែរ ដូច្នោះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជនសង្ស័យ​ជា​មេអណ្តើក​ទាំង​២​នាក់ ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ល្មើស ទាក់ទិន​ទៅ និង​ករណី​នាំ​មនុស្ស​ឆ្លង​ដែន​ដោយ​មិន​ស្របច្បាប់ ទើប​ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ចំណែក​ជន​រង​គ្រោះ​ដែល​ចង់បាន​ប្តី​ចិន សមត្ថកិច្ច​ប្រគល់​ឲ្យ​អាណាព្យាបាល​របស់​ពួក​គេ​វិញ ។ មេអណ្តើក​ទាំង​ពីរ​នាក់​នោះ និង​ត្រូវ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ពេលវេលា​បើក​សវនាការ​ជំនុំជម្រះ​ទោស​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ