ខេត្តកំពង់ស្ពឺ ៖ នេះជាសារមួយដាស់តឿនដល់បុរសចំណាស់ទាំងឡាយ ដែលនៅតែមានចំណង់តណ្ហា ចូលចិត្តលបលួចនែបនិត្យជាមួយស្រីក្មេង សូមប្រុងប្រយ័ត្នកុំប្រើថ្នាំលើសកម្រឹតឱ្យសោះក្រែងជួបរឿងអាក្រក់ដូចបុរសខាងលើ ។ បច្ចុុប្បន្ននេះ ថ្នាំប៉ូវបុរសសម្រាប់ជួយឱ្យការរួមរ័កបានយូរ ត្រូវបានគេផ្សាយលក់តាមអនឡាញពេញទឹកពេញដី តែមិនមានការធានានោះទេ ហើយការប្រើប្រាស់ក៏ត្រូវប្រយ័ត្នផង ដែរ។
ជាក់ស្តែង បុរសចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យ រីឯនារីជាដៃគូបានរត់គេចខ្លួនបាត់ស្រមោល មិនដឹងតាំងពីពេលណានោះទេ ។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចរកឃើញថា ជនរងគ្រោះស្លាប់ដោយការគាំងបេះដូង និងបានរៀបចំឯកសារប្រគល់សពឱ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ការស្លាប់លើបង្គងនេះ បង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៩ កក្កដា នៅក្នុងបន្ទប់ផ្ទះសំណាក់នាគមាស ក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ។ ជនរងគ្រោះត្រូវបានស្គាល់ថាឈ្មោះ ធាំ រ៉េត អាយុ៧២ឆ្នាំ មានទីលំនៅក្នុងសង្កាត់បឹងត្របែក ខណ្ទចំការមន រាជធានីភ្នំពេញ ។
បើតាមអ្នកបម្រើការនៅផ្ទះសំណាក់ខាងលើបានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី២៨ ខែកក្កដា បុរសចំណាស់ខាងលើបាននាំនារីម្នាក់មិនស្គាល់អត្តសញ្ញាណ ចូលមកស្នាក់នៅក្នុងបន្ទប់លេខ២០៣ជាបណ្តោះអាសន្ន គឺដេក១ម៉ោងទៅ២ម៉ោងប៉ុណ្ណោះ និយាយឱ្យចំគឺម៉ារួចរាល់ស្គាល់ឋានសួគ៌ហើយគឺចប់ ។
លុះដល់វេលាម៉ោង៩និង៣០នាទីយប់ គឺជាង១ម៉ោងក្រោយមកមិនឃើញចេញមកវិញ អ្នកបម្រើក៏ទៅគោះទ្វារបន្ទប់តែមិនមានសំឡេងឆ្លើយតប ក៏រុញទ្វារមើលស្រាប់តែឃើញបុរសខាងលើស្លាប់បាត់ទៅហើយ ចំណែកនារីដែលមកជាមួយនោះមិនដឹងថាទៅបាត់តាំងពីពេលណានោះទេ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍អំពីករណីនេះ នគរបាលជំនាញចុះទៅពិនិត្យ ដោយមានក្រុមគ្រូពេទ្យចូលរួមផងនិងសន្និដ្ឋានថា ជាជំងឺគាំងបេះដូង ដោយសារប្រើថ្នាំលើសកម្រិត ព្រោះសមត្ថកិច្ចរកឃើញនៅក្នុងបន្ទប់មានបន្សល់ដបថ្នាំម្យ៉ាង ដែលមានគ្រាប់ទ្រវែង ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ