យានអាថ៌កំបាំងនៅលើឋានព្រះចន្ទ? សៀវភៅ«បុគ្គលខ្លាំង អ្នកធ្វើឲ្យរង្គើប្រត្តិសាស្ត្រលោក» រៀបរាប់ថា បន្ទាប់ពីអាមស្ត្រងចុះពីយានអវកាសមកជាន់ផ្ទៃដួងចន្ទភ្លាម គេបានរាយការណ៍ថា មានឃើញពន្លឺនៅលើត្រង់រណ្ដៅមួយកន្លែង តែ ភ្លាមៗនោះ ការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ក៏ដាច់ត្រឹមហ្នឹង ។
លោកអុតតូ បាញឌ័រ អតីតសមាជិករបស់អង្គការណាសាបានបង្ហើបឱ្យដឹងថា តាមរយៈការស្ដាប់សំឡេងក្នុងប្រដាប់ស្រូបសំឡេងរវាងយានអវកាសអាប៉ូឡូ និងបរិកាសជុំវិញ(ដែលពុំមានជាផ្លូវការ)នោះថា ណាសាបានត្រួតពិនិត្យនិងកាត់តហេតុការណ៍មួយចំនួនមុននឹងបន្តផ្សាយទៅកាន់ប្រជាជនដើម្បីការពារកុំឱ្យមនុស្សទូទាំងពិភពលោកមានការរំជើបរំជួល ។ អាមស្ត្រងបានរាយការណ៍មកផែនដីថា «អាពួកនេះមានមាឌ ធំៗណាស់ ពួកលោកពិតជាមិនជឿទេ…ខ្ញុំប្រាប់ឱ្យដឹងថា មានយានអវកាសពីក្រុម(…)ផ្សេងៗ ចតតម្រៀបគ្នាជាជួរនៅឯនាយដាច់កន្ទុយភ្នែកនោះ … ពួកគេនៅឋានព្រះចន្ទ និងកំពុងតែចាំសង្កេតមើលពួកយើង…»។ វាជាការណ៍ពិតដូចដែលអាមស្ត្រងនិយាយនោះហើយ! មិនមានអ្នកណាម្នាក់ជឿថា មានក្បួនយានអវកាសចាំស្វាគមន៍ពួកគេនៅឋានព្រះចន្ទនោះទេ ។
មន្ទិលសង្ស័យអំពីរឿង«អាមេរិកទៅដល់ឋានព្រះចន្ទពិតមែនឬ»? ៣៥ឆ្នាំកន្លងផុតទៅ មនុស្សទូទាំងពិភពលោកសុទ្ធតែជឿថា មហាអំណាចដូចជាសហរដ្ឋអាមេរិកនេះ ពិតជាអាចធ្វើដំណើរទៅដល់ឋានព្រះចន្ទប្រាកដមែន ។ តែលុះមកដល់ឆ្នាំ២០០៤ ស្រាប់តែមានមនុស្សជាច្រើននាំគ្នាលើកជាសំនួរឡើងថា «តើសហរដ្ឋអាមេរិកពិតជាបានបញ្ជូនយានអវកាសអាប៉ូឡូទៅដល់ឋានព្រះចន្ទមែនឬ?» ដែលស្ថានីយទូរទស្សន៍ហ្វក្ស(fox)របស់អាមេរិកបានចាក់ផ្សាយនូវឯកសារមានចំណងជើងថា Conspiracy Theory ៈ Did we land on the Moon?
ហើយអ្វីដែលបន្ថែមទម្ងន់ទៅលើ «ការធ្វើដំណើរទៅឋានព្រះចន្ទរបស់អាមស្ត្រងគ្រាន់តែជារឿងប្រឌិត» នៅត្រង់ថា កាលសម័យនោះការស្រាវជ្រាវផ្នែកអវកាសរបស់សហរដ្ឋអាមេរិកនៅយឺតជាងសហភាពសូវៀតឆ្ងាយណាស់ ។ មហាអំណាចទាំងពីរសុទ្ធតែមានគំនិតផ្ទុយគ្នាដាច់ស្រឡះ ហេតុនេះវាពុំមែនជារឿងចម្លែកទេ ដែលសហរដ្ឋអាមេរិកព្យាយាមធ្វើយ៉ាងណាឱ្យខ្លួនឯង«ឈានមុខ»គេ សូម្បីតែការប្រឌិតដំណើរទៅឋានព្រះចន្ទនេះក៏ដោយ ។
-នៅក្នុងទីអវកាសគ្មានទំនាញផែនដីទេ ហេតុអ្វីក៏ទង់ជាតិអាមេរិកបក់ រវិចៗ? -កាលបើមានផង់ធូលីច្រើន ហេតុអ្វីក៏ខោអាវរបស់អ្នកអវកាសមិនមានប្រឡាក់ដី? -ព្រះអាទិត្យជាប្រភពកំណើតនៃពន្លឺក្នុងចក្កវាឡ ហេតុអ្វីស្រមោលអ្នកអវកាសបាញ់ខុសទិសពីគ្នា? -បើអាមស្ត្រងជាអ្នកជាន់លើផ្ទៃព្រះចន្ទមុនគេ តើអ្នកណាជាអ្នកថតរូប? -បើកន្លែងចុះចតយានអវកាសគឺជាផង់ធូលី ហេតុអ្វីក៏ឃើញស្នាមដានជើងច្បាស់ម្ល៉េះ? -ហេតុអ្វីក៏ក្នុងរូបភាពមិនមានឃើញរូបភាពផ្កាយដទៃណាមួយសោះ?
ការស្រាយបំភ្លឺពីចម្ងល់ទាំងឡាយ ទោះជាយ៉ាងណាក្ដី អង្គការណាសា និងអ្នកវិទ្យាសាស្ត្រ បានចេញមកអះអាងបញ្ជាក់ថា ការដែលនៅក្នុងរូបភាពពុំមានរូបដួងតារាណាមួយ ព្រោះតែម៉ាស៊ីនថតមានកម្រិតកំណត់របស់វា គឺវាអាចចាប់យករូបភាពបានត្រឹមតែត្រង់បរិវេណដែលមានពន្លឺជិតបុ៉ណ្ណោះ ចំណែកបរិវេណដែលនៅ ឆ្ងាយៗ គឺសុទ្ធតែងងឹត ។
ចំពោះរឿងទង់ជាតិដែលបក់ រវិចៗនោះ តាមធម្មតាវានឹងធ្លាក់មកក្រោម ប៉ុន្តែដោយសារនៅលើឋានព្រះចន្ទមិនមានទំនាញ ទើបទង់ជាតិក៏មានចលនា យឺតៗ ។ ឯរឿងស្នាមដានជើងដែលមើលឃើញយ៉ាងច្បាស់ក្រឡែតនោះ មកពីឋានព្រះចន្ទមានល្អងធូលីដែលគរទុករាប់លានឆ្នាំមកហើយ ពុំមានការផ្លាស់ប្ដូរ លុះពេលយើងជាន់ទៅលើវា គឺវាក៏ត្រូវតែមានជាប់ស្នាមដូច្នេះទៅ ។
ចំណែករឿងសម្លៀកបំពាក់របស់អ្នកអវកាសនិងយានអវកាសដែលពុំមានជាប់ធូលីនោះ តាមពិតទៅសម្លៀកបំពាក់នោះសុទ្ធតែប្រឡាក់ធូលីទាំងអស់ ហើយពួកគេ(អ្នកអវកាស)ត្រូវការពេលដ៏យូរទម្រាំតែបោសសម្អាតចេញអស់ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ