ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម គន់ គី​ម​, លឹ​ម គាន​ហោ និង អ៊ុ​ន ចាន់​ដា ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​ទន្លេ​នៅ​ខេត្តកំពង់ចាម

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​កំពង់​ចាម ៖ នៅ​ថ្ងៃ​ចន្ទ ១៣​រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី…

ខេត្ត​កំពង់​ចាម ៖ នៅ​ថ្ងៃ​ចន្ទ ១៣​រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី ​២៩ ខែ​កក្កដា ឆ្នាំ២០១៩ ឯកឧត្តម លឹ​ម គាន​ហោ, រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម រួម​ជាមួយ ឯកឧត្តម គន់ គី​ម ទេស​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដោយ​​មានការ​អមដំណើរ​ដោយ​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ព្រមទាំង​មន្ត្រី​បច្ចេកទេស​ក្រសួង មន្ត្រី​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ អភិបាលស្រុក​ស្ទឹង​ត្រង់ និង​អាជ្ញាធរ​ភូមិ​-​ឃុំ​ពាក់​ព័ន្ធ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​កន្លែង​បាក់​ច្រាំង​ទន្លេ នៅ​ភូមិ​ព្រែក​ស្តី និង​ភូមិ​ព្រះ​អណ្តូង​ទី​២ ក្នុង​ឃុំ​ព្រះ​​អណ្តូង និង​ភូមិ​ពាម​ក្នុង និង​ភូមិ​ពាម​ក្រៅ ក្នុង​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។

ទីតាំង​ខាងលើ​នេះ រង​ការ​បាក់​ស្រុត​ជា​បន្តបន្ទាប់ និង​ស្ថិត​នៅ​ទល់មុខ​សាលា​បឋម​សិក្សា​ព្រះ​អណ្តូង ព្រម​ទាំង​អាច​បណ្តាល​ឲ្យ​ផ្លូវ​ខេត្ត​លេខ​២២៣ ប្រវែង​៣០០​ម ប្រឈម​នឹង​ការ​បាក់​ស្រុត ដែល​អាច​នាំ​ឲ្យ​កាត់​ផ្តាច់​ចរាចរណ៍​ពី​ស្រុក​ស្ទឹង​ត្រង់ នៃ​ខេត្តកំពង់ចាម ទៅ​ស្រុក​ព្រែក​ប្រសព្វ​នៃ​ខេត្តក្រចេះ​។

សូម​ជម្រាប​ថា បន្ទាប់​ពី​បាន​ទទួល​សំណើ​ពី​ខេត្តកំពង់ចាម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បង្កើត​ក្រុមការងារ​ចុះ​​ពិនិត្យ និង​សិក្សា​នៅ​ទីតាំង​ខាងលើ និង​បាន​ណែនាំ​លើ​វិធានការ​ចំពោះ​មុខ​បន្ទាន់​បណ្តោះអាសន្ន គឺ​ត្រូវ​ធ្វើ​ច្រាំង​ការពារ​ប្រវែង​១០០០​ម នៅ​ក្នុងឆ្នាំនេះ ដោយ​ក្នុង​នោះ​នៅ​ទីតាំង​៖

  • ទី​១ ៖ នៅ​ភូមិ​ក្រៅ ឃុំ​ពាម​កោះ​ស្នា ស្រុក ស្ទឹង​ត្រង់ ប្រវែង ៥០០​ម
  • ទី​២៖ នៅ​ភូមិ​ព្រះ​អណ្តូង​ទី​២ ឃុំ​ព្រះ​អណ្តូង ស្រុក​ស្ទឹង​ត្រង់ ប្រវែង ២០០​ម និង
  • ទី​៣ ៖ នៅ​ភូមិ​ព្រែក​ស្តី ឃុំ​ព្រះ​អណ្តូង ស្រុក​ស្ទឹង​ត្រង់ ប្រវែង ៣០០​ម ។

មក​ទល់​បច្ចុប្បន្ន​ការងារ​នេះ បាន​និង​កំពុង​អនុវត្ត​ដោយ​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​២៤ ខែកក្កដា មក​ម្ល៉េះ ប្រកបដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់​។

ក្នុង​ពេល​ចុះ​ពិនិត្យ នា​ពេល​នេះ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​អំពី​លទ្ធផល​នៃ​ការ​សិក្សា​របស់​ក្រុមការងារ​ក្រសួង​ដែល​បាន​ធ្វើ​កន្លង​មក និង​លក្ខណៈ​បច្ចេកទេស​ដែល​ត្រូវ​ដោះស្រាយ ​និង​ទប់ទល់​លើ​ការ​បាក់​ច្រាំង​នៅ​ទីតាំង​លើ និង​នៅ​ទីតាំង​ផ្សេង​ទៀត​។

ឯកឧត្តម​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ឯកឧត្តម​អភិបាលខេត្ត​កំពង់​ចាម បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏​ដូច​ជា​ក្រុមការងារ​ក្រសួង ដែល​បាន​ចាត់វិធានការ​បន្ទាន់​ចំពោះ​​​មុខ​នា​ពេល​នេះ ក៏​ដូច​ជា​វិធានការ​យូរអង្វែង​ដែល​ត្រូវ​អនុវត្ត​បន្ត​នា​ពេល​ខាង​មុខ​។

ពេល​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ពួក​គាត់​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​​ជា​និច្ចកាល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ប្រឈម និង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីក​ន្លែង តួយ៉ាង​ដូច ការ​បាក់​ច្រាំង​នៅ​ភូមិសាស្ត្រ​មូលដ្ឋាន​ពួក​គាត់​រស់នៅ​សព្វថ្ងៃ​នា​ពេល​នេះ ជា​សក្ខីកម្ម​ស្រាប់​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ដើម្បី​បន្ត​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ការ​បាក់​ច្រាំង​នៅ​ទីតាំង​ខាងលើ ឲ្យ​បាន​ប្រសើរ ក៏​ដូច​ជា នៅ​ទីតាំង​ប្រឈម​ផ្សេង​ៗ​ទៀត​នា​ពេល​ចំពោះ​មុខ ដោយ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ ជា​ពិសេស​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដើម្បី​រួមចំណែក​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​កាត់​បន្ថយ​នូវ​ហា​នី​ភ័យ​​នៃ​ការ​បាក់​ច្រាំង​ដែល​អាច​បង្ក​នូវ​ការ​ខូ​ត​ខាត​ដល់​ផ្ទះសម្បែង និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់ និង​​នា​ពេល​ខាង​មុខ​នៅ​មូលដ្ឋាន​ដែល​មាន​ភាព​ប្រឈម​នឹង​ការ​បាក់​ច្រាំង​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ