ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីមានទំនាស់ពាក្យសំដីគ្នារួចមក ក្មេងស្ទាវ២ក្រុមបានណាត់កាប់គ្នាបណ្តាលឱ្យតហរបួសទាំងសងខាង ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនបាន៧នាក់និងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ថា ជនសង្ស័យទាំង៧នាក់ខាងលើ ក្នុងនោះ១-ឈ្មោះ អាត សេរី ភេទប្រុស អាយុ២២ឆ្នាំ ២-ឈ្មោះ សារួន សែនសារី ភេទប្រុស អាយុ២៣ឆ្នាំ ៣-ឈ្មោះ អោក គឹមលៀង ភេទប្រុស អាយុ១៨ឆ្នាំ ៤-ឈ្មោះ ហ៊ុន សៀងហន ភេទប្រុស អាយុ១៨ឆ្នាំ ៥-ឈ្មោះ យក់ យួន ភេទប្រុស អាយុ១៧ឆ្នាំ ៦-ឈ្មោះ ឈួន សាម៉ន ភេទប្រុស អាយុ២០ឆ្នាំ និង៧-ឈ្មោះ ឈូយ សុភា ភេទប្រុស អាយុ១៨ឆ្នាំ ។ ជនសង្ស័យទាំង៧នាក់នេះរស់នៅក្រុងសិរីសោភ័ណ។
លោកបានបញ្ជាក់ថា នៅពេលចាប់ខ្លួនជនសង្ស័យគឺកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលព័ត៌មានពីប្រជាពលរដ្ឋមានក្មេងស្ទាវ២ក្រុមប្រមាណជិត១០នាក់បានកាប់គ្នា បណ្តាលឱ្យរងរបួសនៅមុខរោងចក្រកាត់ដេរ (ស៊ីសូផុន.TK) កាលពីវេលាម៉ោង៦យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានខាងលើរួចមក ដោយមានការដាក់វិធានការពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តហើយ លោកបានដឹកនាំកម្លាំងជំនាញចុះអន្តរាគមន៍ភ្លាមៗធ្វើការចាប់ខ្លួនបានជនសង្ស័យចំនួន៧នាក់ និងដកហូតបានកាំបិតសាំម៉ូរ៉ៃចំនួន២ដើម ហើយចាប់បញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរ តាមចម្លើយរបស់ជនសង្ស័យបានសារភាពថា មូលហេតុដែលពួកគេកាប់គ្នាហើយរបួសទាំងសងខាងនោះគឺបណ្តាលមកពីទំនាស់ពាក្យសំដី បន្ទាប់មកក៏ណាត់កាប់គ្នានៅមុខរោងចក្រកាត់ដេរ បណ្តាលឱ្យរងរបួសទាំសងខាង ហើយក៏ត្រូវសមត្តកិច្ចចាប់ខ្លួនតែម្តង។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា ក្រោយពេលកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណធ្វើការចាប់បានជនសង្ស័យចំនួន៧នាក់ និងដកហូតដាវសាំម៉ូរ៉ៃចំនួន២ដើមនេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ