រាជធានីភ្នំពេញ៖ រហូតមកដល់បច្ចុប្បន្ននេះការទិញលក់អចលនទ្រព្យនៅតែមានកំណើនខ្ពស់ដដែល ជាពិសេសការទិញលក់ដីឡូត៍នៅក្នុងប្រទេសកម្ពុជា ដែលដំបូងឡើយមានតែនៅតំបន់ជុំវិញរាជធានីភ្នំពេញ តែក្រោយមកក៏បានសាយភាយទៅតំបន់ជាច្រើនទៀតតាមបណ្ដាខេត្តសក្ដានុពលដូចជា ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តសៀមរាប ត្បូងឃ្មុំ កំពង់ចាមជាដើម ។
ដោយសារតែកំណើននៃការទិញលក់អចលនទ្រព្យទាំងនេះ បានធ្វើឱ្យចំណូលពន្ធប្រថាប់ត្រាមានកំណើនខ្ពស់រហូតដល់ ៥០ ភាគរយបើធៀបនឹងឆ្នាំ ២០១៨ កន្លងទៅ ។
បើតាមលោក គង់ វិបុល ប្រតិភូទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានមានប្រសាសន៍ថា កំណើនប្រាក់ចំណូលដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានក្នុងរយៈពេល ៦ ខែនេះមួយចំណែកក៏បានមកពីកំណើនពន្ធប្រថាប់ត្រាពីការទិញលក់អចលនទ្រព្យដែរ ដែលពន្ធប្រថាប់ត្រានេះមានកំណើនរហូតដល់ ៥០ ភាគរយឯណោះក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៩ នេះ ។
លោកបន្តថាកំណើនពន្ធប្រថាប់ត្រាដែលបានមកពីទិញលក់អចលនទ្រព្យនេះដែរ គឺវាបានបង្ហាញយ៉ាងជាក់ច្បាស់ពីជំនឿទុកចិត្តរបស់វិនិយោគិនមកលើស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា បើមិនមានការទិញលក់នោះទេពន្ធក្នុងវិស័យនេះក៏មិនមានកំណើនខ្ពស់ដូចនេះដែរ ។ លោកថា៖« ខ្ញុំសូមបញ្ជាក់ថាពន្ធប្រថាប់ត្រានេះដែរ គឺជាប្រភេទពន្ធត្រូវបង់ជូនរដ្ឋ ក្នុងពេលមានការទិញលក់ ដោយធ្វើការផ្ទេរកម្មសិទិ្ធពីម្ចាស់មួយទៅម្ចាស់មួយទៀត ។ ចំណូលពន្ធនេះបានកើនឡើងក៏ដោយសារតែការកើនឡើងនៃតម្លៃអចលនទ្រព្យដែរ ជាក់ស្ដែងតម្លៃដីមួយកន្លែងពីមុនត្រឹមតែ ៥០ ដុល្លារអាមេរិកក្នុងមួយការ៉េ បានឡើងដល់ ៥០០ ដុល្លារអាមេរិកក្នុងមួយការ៉េ ដូច្នេះហើយទើបប្រាក់ចំណូលពន្ធពីវិស័យនេះបានកើនឡើងខ្ពស់» ។
បើតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្ធប្រថាប់ត្រានឹងនៅរក្សាកម្រិតដដែល មានន័យថាពីមុនពន្ធនេះ រដ្ឋកំណត់យកត្រឹម ៤ ភាគរយនៃតម្លៃអចលនទ្រព្យ ហើយបច្ចុប្បន្នក៏នៅតែ ៤ ភាគរយដដែល តែសម្រាប់បច្ចុប្បន្នភាពនៃតម្លៃអចលនទ្រព្យថ្មី ដែលក្រសួងទើបនឹងរៀបចំនឹងត្រូវអនុវត្តន៍ជាថ្មីនៅក្នុងកក្កដា ២០១៩ នេះ ។
លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ការទិញលក់ដីធ្លី ជាពិសេសដីឡូត៍ក៏ជាអាចផ្ដល់ចំណូលជូនរដ្ឋបានមួយចំនួនផងដែរ តាមរយៈការបង់ពន្ធជូនរដ្ឋ ទៅលើការផ្ទេរកម្មសិទ្ធិក៏ដូចជាកាត់ឈ្មោះនេះឯង ដូច្នេះលក់កាន់តែច្រើនចំណូលពន្ធដល់រដ្ឋកាន់តែច្រើន ។លោកបន្តថា ក្រៅពីបានចំណូលជូនរដ្ឋហើយនោះ វាក៏បានជួយច្រើនដល់ប្រជាពលរដ្ឋដែលចង់បានដីសម្រាប់ទុកសង់ផ្ទះនៅពេលអនាគត ។ ដីឡូត៍ជាច្រើនដែលកំពុងដាក់លក់នៅក្នុងប្រទេសកម្ពុជា ភាគច្រើនបានសម្រួលដល់ជីវភាពអ្នកទិញ ជាពិសេសអ្នកដែលមានចំណូលទាប និងមធ្យម ហើយពួកគាត់អាចមានលទ្ធភាពច្រើនក្នុងការទិញដីទាំងនោះ ដោយបង់រំលស់ទៅម្ចាស់គម្រោងវិញជាប្រចាំខែ ។ ដូច្នេះប្រជាពលរដ្ឋមិនចាំបាច់យកលុយទាំងដុលទៅវិញនោះទេ ពួកគាត់អាចបង់រំលស់ប្រចាំខែហើយទុកលុយត្រៀមសង់ផ្ទះស្នាក់នៅបាន ពេលដែលមានលទ្ធភាពគ្រប់គ្រាន់ ។
លោក ចេ សុន អ្នកលក់ដីឡូត៍មួយកន្លែងនៅខាងលិចរាជធានីភ្នំពេញក៏បានឱ្យដឹងផងដែរថា ក្នុងមួយខែៗលោកបានបង់ពន្ធជូនទៅរដ្ឋមិនតិចទេ ពីការកាត់ឈ្មោះ និងផ្ទេរកម្មសិទ្ធិជូនអតិថិជន ដូច្នេះបើសិនជាគម្រោងលក់ដីឡូត៍ទូទាំងប្រទេសស្របច្បាប់ និងបានបំពេញ កាតព្វកិច្ចត្រឹមត្រូវនោះ លោកជឿថាប្រទេសជាតិនឹងទទួលបានចំណូលបន្ថែមពីវិស័យនេះដើម្បីអភិវឌ្ឍន៍ប្រទេស ។
គួរបញ្ជាក់ថា ក្នុងរយៈពេល ៦ ខែនេះអគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបាន ១.៥២៦ លានដុល្លារអាមេរិក កើនឡើងជិត ៣០ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ ។ ក្នុងរយៈពេល ៦ ខែឆ្នាំ ២០១៩ នេះចំណូលពន្ធសំខាន់ៗបានមកពីការបង់ពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធអាករលើតម្លៃបន្ថែម អាករពិសេស និងពន្ធប្រថាប់ត្រា ដែលមានកំណើន ៥០,៧ ភាគរយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ