ព្រៃវែង ៖ ប្រជាកសិករនៅឃុំដូនកឹង ស្រុកកំចាយមារ បាននាំគ្នាចាប់យកមុខរបរដាំឈូកធ្វើជាមុខរបរទី២ បន្ទាប់ពីការងារធ្វើស្រែ ដោយសារតែមុខរបរនេះងាយស្រួលធ្វើ ហើយផ្តល់ ប្រាក់ចំណូលបានច្រើនគ្រាន់បើ ។ ទន្ទឹមនឹងយកដៃប្រឡេះគ្រាប់ឈូកទុកហាលនោះ បងស្រី អៀង លាង ជាកសិករនៅភូមិពោធិ៍២ ឃុំដូនកឹង ស្រុកកំចាយមារបាននិយាយថា គាត់បានប្រកបមុខរបរដាំឈូកនេះ ១ឆ្នាំមកហើយដោយដាំនៅលើដីស្រែ ទំហំកន្លះហិកតា ហើយពេលនេះគាត់កំពុងតែប្រមូលផលជាបណ្តើរៗហើយ ។
គាត់បានបន្តទៀតថា មុខរបរដាំឈូកងាយស្រួលជាងមុខរបរធ្វើស្រែទាំងការដាំដុះ និងការថែទាំ ជាពិសេសផ្លែឈូកសំបូរទីផ្សារមានប៉ុន្មានក៏គេទិញយកអស់ដែរ ។ ដូច្នេះហើយទើបក្រោយពីប្រមូលផលស្រូវរួច អ្នកភូមិពួកគាត់តែងតែបន្តធ្វើការដាំឈូក នៅលើដីស្រែបន្តទៀត ព្រោះមិនចង់ទុកដីអោយនៅទំនេរចោល ។
កសិករខ្លះដាំនៅលើដីស្រែដែលប្រមូលផលស្រូវរួច តែខ្លះទៀតគេដាំនៅលើដីផ្សេងព្រោះឈូកត្រូវប្រើរយៈពេល៤ទៅ៥ខែទើប អាចប្រមូលផលបាន ហើយផ្លែឈូកគេអាចប្រមូលផលបាន៣ទៅ៤ដងក្នុងរយៈពេល១ខែចុងក្រោយ ។ បន្ទាប់ពីប្រមូលផលហើយគេត្រូវភ្ជួរដីចោលដើម្បីសម្លាប់ដើមឈូកចាស់ រួចទើបយកកូនឈូក ពូជថ្មីមកដាំវិញ ។ ប៉ុន្តែកសិករខ្លះគេមិនចង់ចំណាយលុយទិញពូជថ្មីគេក៏អាចប្រើឈូកចាស់តទៅទៀតដែរ ដោយដើរដកដើមចាស់ៗចោលទុកអោយឬសឈូកបែកខ្នែងដុះកូនថ្មីមកវិញ ។ ប៉ុន្តែការធ្វើបែបនេះ ឈូកអោយផលមិនបានច្រើនដូចគេដាំកូនពូជថ្មីនោះទេ ។
កសិករនៅឃុំដូនកឹង ស្រុកកំចាយមារ បានអោយដឹងថា ប្រាក់ចំណូលពីការដាំឈូកមិនអាចដោះស្រាយជីវភាពគ្រួសារពួកគាត់បានទាំងស្រុងនោះទេ ប៉ុន្តែវាក៏ជួយអោយជីវភាពពួកគាត់បានធូរស្រាលច្រើនដែរ ហើយបើតម្លៃគ្រាប់ឈូកនៅលើទីផ្សារនឹងនរ និងឡើងដល់១ម៉ឺនរៀលក្នុង១គីឡូក្រាមនោះពួកគាត់ជាអ្នកដាំក៏កាក់កបគួរសមដែរ ។ ប៉ុន្តែបច្ចុប្បន្ននេះតម្លៃគ្រាប់ឈូកនៅលើទីផ្សារលក់បានតែ៦៥០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម ។ កសិករទាំងនោះបញ្ជាក់ថា ពួកគាត់ចង់បានទីផ្សារឈូកធំជាងបច្ចុប្បន្ន ហើយតម្លៃក៏សូមអោយនឹងនរ ដោយកុំអោយស្ថិតនៅលើមាត់របស់ឈ្មួញដូចសព្វថ្ងៃនេះ ។
ចំណែកលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានមានប្រសាសន៍ថា ផ្ទៃដីដាំឈូកនៅទូទាំងខេត្តព្រៃវែងមានចំនួន៣៥០០ហិកតា ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុនដោយសារតែតម្លៃឈូកចុះថោកខ្លាំង ប្រជាកសិករមួយចំនួនបានបោះបង់មុខរបរនេះចោលធ្វើអោយចំនួននៃការដាំបានថយចុះជាច្រើន ។ ប៉ុន្តែនៅឆ្នាំ២០១៩នេះតម្លៃគ្រាប់ឈូកបានកើនឡើងខ្ពស់ទើបប្រជាកសិករមួយចំនួនធំចាប់ផ្តើមប្រកបមុខរបរនេះវិញបូករួមទាំងកសិករនៅឃុំដូនកឹងផងដែរ ។
លោក និយាយថា វិធានការចំពោះមុខ គឺត្រូវទប់តម្លៃហាងឆេងឈូកនៅលើទីផ្សារកុំអោយធ្លាក់ចុះខ្លាំងរហូតដល់កសិករដាំលែងចំណេញ ហើយបោះបង់មុខរបរនេះចោលដូចឆ្នាំមុនៗទៀត ៕កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ