ប្រទេសសិង្ហបុរី ៖ ភាពអត់ការងារធ្វើសម្រាប់ប្រជាជនសិង្ហបុរីបានបន្តកើនឡើង ខណៈការកើនឡើងនៃកំណើនការងារបានថយចុះនៅត្រីមាសទីពីរនៃឆ្នាំនេះ ចំពេលដែលភាពតានតឹងពាណិជ្ជកម្មនិងភាពមិនប្រាកដប្រជាជាសកល ដូច្នេះនិយោជកមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសបុគ្គលិក ។
យោងតាមទិន្នន័យបឋមដែលចេញផ្សាយដោយក្រសួងមហាផ្ទៃ (MOM) កាលពីថ្ងៃសុក្រទី ២៦ ខែកក្កដា នេះបានបង្ហាញថា អត្រាអត់ការងារធ្វើសម្រាប់ប្រជាជនសិង្ហបុរីបានកើនឡើង៣ ត្រីមាសជាប់ៗគ្នា និងបានឡើងដល់ ៣,៣ ភាគរយនៅក្នុងខែមិថុនា កើនឡើងពី អត្រា ៣,២ ភាគរយនៅក្នុងខែមីនា ដែលនេះគឺបន្ទាប់ពីមានការប្រែប្រួលតាមរដូវកាលដែលត្រូវបានគេយកមកគិតរកអត្រានៃការអត់ការងារធ្វើនេះ ។
អត្រាកំណើនសម្រាប់ប្រជាជនសិង្ហបុរីនិងអ្នករស់នៅអចិន្ត្រៃយ៍បូកបញ្ចូលគ្នាបានកើនឡើងដល់ ៣,១ ភាគរយកើនឡើងពី ៣ ភាគរយ ខណៈអត្រាគ្មានការងារធ្វើមិនប្រែប្រួលគឺ មានអត្រា ២,២ ភាគរយ។ ការបញ្ឈប់ការងារបានធ្លាក់ចុះដល់ ២,៣០០ នៅក្នុងរយៈពេលបីខែចាប់ពីខែមេសាដល់ខែមិថុនាដែលធ្លាក់ចុះពី ៣ ២៣០ នៅក្នុងត្រីមាសមុននិង ៣.០៣០ នៅក្នុងត្រីមាសទី ២ នៃឆ្នាំមុន។
ប្រភពពីក្រសួងដដែលបានឲ្យដឹងថា តួលេខនេះបង្ហាញថានិយោជកភាគច្រើនមិនបានកាត់បន្ថយកម្មករ-និយោជិតដែលមានស្រាប់ទេ ប៉ុន្តែពួកគេមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការជួលបុគ្គលិកថ្មីបន្ថែម សូម្បីតែតួនាទីមួយចំនួនក្នុងស្ថាប័នរបស់ពួកគេនៅទំនេរក៏ដោយ ។
ដូច្នេះទិន្នន័យបានបង្ហាញថាកំណើនការងារបានធ្លាក់ចុះនៅក្នុងត្រីមាសទី ២ ។ ជារួម ភាពមានការងារធ្វើសរុបដោយមិនរាប់បញ្ចូលស្ត្រីបម្រើតាមផ្ទះបានកើនឡើងត្រឹមតែ ៤ ពាន់នាក់ តែវានៅទាបជាងកំណើនអ្នករកការងារធ្វើជាទូទៅដែលមានចំនួនដល់ទៅ ១០,៧០០ នៅក្នុងត្រីមាសមុននិង ៦,៥០០ នៅក្នុងត្រីមាសទី ២ នៃឆ្នាំមុន។
វិស័យដែលហាក់មានកំណើនសម្រាប់ការងារកាលពីត្រីមាសមុន គឺភាគច្រើននៅក្នុងវិស័យនានា ដូចជាព័ត៌មាននិងទំនាក់ទំនងសេវាវិជ្ជាជីវៈ សេវាហិរញ្ញវត្ថុ និងសេវាសហគមន៍ សង្គមនិងសេវាកផ្ទាល់ខ្លួន។ ប៉ុន្តែទាំងនេះត្រូវបានទូទាត់ដោយការធ្លាក់ចុះនៃការងារសម្រាប់ជំនួញលក់រាយ។
វិស័យសំណង់បន្តមានតម្រូវការកម្មករ ដោយសារលទ្ធផលសកម្មភាពសាងសង់វិស័យសំណង់សាធារណៈកាន់តែច្រើន។ កំណើនការងារបានប្រែក្លាយជាវិជ្ជមានសម្រាប់វិស័យនេះនៅឆ្នាំនេះបន្ទាប់ពីការធ្លាក់ចុះចំនួន ១១ ត្រីមាសជាប់ៗគ្នា។ ប៉ុន្តែវីស័យផលិតកម្មបានបន្ដកាត់បន្ថយបុគ្គលិកសម្រាប់ត្រីមាសទី ៣ ជាប់ៗគ្នាខណៈទិន្នផលបានធ្លាក់ចុះ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ