ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​ដាំ​ឈូក ងាយស្រួល​ជាង​ធ្វើស្រែ ជា​ពិសេស​ប្រាក់​ចំណូល (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជា​កសិករ​នៅ​ឃុំ​ដូន​កឹង ស្រុក​កំចាយមារ បាន​នាំ​គ្នា​ចាប់​យកមុខ​របរ​ដាំ​ឈូក​ធ្វើ​ជា​មុខរបរ​ទី​២ បន្ទាប់​ពី​ការងារ​ធ្វើស្រែ​ចំការ ដោយសារ​តែ​មុខរបរ​នេះ​ងាយស្រួល​ធ្វើ ហើយ​ផ្តល់​ប្រាក់​ចំណូល​បាន​ច្រើន​។ បើ​តាម​បងស្រី…

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជា​កសិករ​នៅ​ឃុំ​ដូន​កឹង ស្រុក​កំចាយមារ បាន​នាំ​គ្នា​ចាប់​យកមុខ​របរ​ដាំ​ឈូក​ធ្វើ​ជា​មុខរបរ​ទី​២ បន្ទាប់​ពី​ការងារ​ធ្វើស្រែ​ចំការ ដោយសារ​តែ​មុខរបរ​នេះ​ងាយស្រួល​ធ្វើ ហើយ​ផ្តល់​ប្រាក់​ចំណូល​បាន​ច្រើន​។

បើ​តាម​បងស្រី អៀង លាង ជា​កសិករ​នៅ​ភូមិ​ពោធិ៍​២ ឃុំ​ដូន​កឹង ស្រុក​កំចាយមារ ដែល​កំពុង​ប្រឡេះ​គ្រាប់​ឈូក​ទុក​ហាល បាន​ប្រាប់​កោះសន្តិភាព​ថា បងស្រី​បាន​ប្រកប​មុខរបរ​ដាំ​ឈូក​នេះ​១​ឆ្នាំ​មក​ហើយ ដោយ​ដាំ​នៅ​លើ​ដីស្រែ​ទំហំ​កន្លះ​ហិ​កតា ហើយ​ពេល​នេះ​គាត់​កំពុង​តែ​ប្រមូល​ផល​ជា​បណ្តើរ​ៗ​ហើយ​។

បងស្រី​ប្រាប់​បន្ត​ទៀត​ថា មុខរបរ​ដាំ​ឈូក ងាយស្រួល​ជាង​មុខរបរ​ធ្វើស្រែ ទាំង​ការ​ដាំ​ដុះ និង​ការ​ថែទាំ ជា​ពិសេស​ផ្លែ​ឈូក​សំបូរ​ទីផ្សារ​មាន​ប៉ុន្មាន​ក៏​គេ​ទិញ​យក​អស់​ដែរ ដូច្នេះ​ហើយ​ទើប​ក្រោយ​ពី​ប្រមូល​ផល​ស្រូវ​រួច អ្នក​ភូមិ​ពួក​គាត់​តែងតែ​បន្ត​ធ្វើការ​ដាំ​ឈូក​នៅ​លើ​ដីស្រែ​បន្ត​ទៀត ព្រោះ​មិន​ចង់​ទុក​ដី​ឱ្យ​នៅ​ទំនេរ​ចោល​។

បងស្រី​បញ្ជាក់​ថា ប្រាក់​ចំណូល​ពី​ការ​ដាំ​ឈូក មិន​អាច​ដោះស្រាយ​ជីវភាព​គ្រួសារ​គាត់​បាន​ទាំងស្រុង​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​ឱ្យ​ជីវភាព​គាត់​បាន​ធូរស្រាល​ច្រើន​ដែរ ហើយ​បើ​តម្លៃ​គ្រាប់​ឈូក​នៅ​លើ​ទីផ្សារ​នឹងនរ នោះ​ពួក​គាត់​ជា​អ្នក​ដាំ​ក៏​កាក់កប​គួរសម​ដែរ​។

ជាមួយ​គ្នា​នេះ បងស្រី អៀង លាង និង​កសិករ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ឃុំ​ដូន​កឹង បញ្ជាក់​ប្រាប់​ថា ពួក​គាត់​ចង់បាន​ទីផ្សារ​ឈូក​ធំ​ជាង​បច្ចុប្បន្ន ហើយ​តម្លៃ​ក៏​សូម​ឱ្យ​នឹងនរ កុំឱ្យ​ស្ថិត​នៅ​លើ​មាត់​របស់​ឈ្មួញ​ដូច​សព្វ​ថ្ងៃនេះ​។

ចំណែក​លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង មាន​ប្រសាសន៍​ថា ផ្ទៃដី​ដាំ​ឈូក​នៅ​ទូ​ទាំង​ខេត្តព្រៃវែង​មាន​ចំនួន​៣៥០០​ហិ​កតា ប៉ុន្តែ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ដោយសារ​តែ​តម្លៃ​ឈូក​ចុះថោក​ខ្លាំង ប្រជា​កសិករ​មួយ​ចំនួន​បោះបង់​មុខរបរ​នេះ​ចោល ធ្វើ​ឱ្យ​ចំនួន​នៃ​ការ​ដាំ​បាន​ថយ​ចុះ​ជា​ច្រើន​។

ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩​នេះ តម្លៃ​គ្រាប់​ឈូក​កើនឡើង​ខ្ពស់ ទើប​ប្រជា​កសិករ​មួយ​ចំនួន​ធំ​ចាប់ផ្តើម​ប្រកប​មុខ​របរ​នេះ​វិញ បូក​រួម​ទាំង​កសិករ​នៅ​ឃុំ​ដូន​កឹង​ផង​ដែរ ហើយ​វិធានការ​ចំពោះ​មុខ មន្ទីរ​កសិកម្ម​ខេត្ត​នឹង​សហ​ការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត សិក្សា​រក​វិធីសាស្ត្រ ដើម្បី​ទប់​លំនឹង​តម្លៃ​ហាងឆេង​ឈូក​នៅ​លើ​ទីផ្សារ កុំឱ្យ​​ធ្លាក់​ចុះ​ខ្លាំង រហូត​ដល់​កសិករ​ដាំ​លែង​ចំណេញ ហើយ​បោះបង់​មុខរបរ​នេះ​ចោល​ដូច​ឆ្នាំ​មុន​ៗ​ទៀត​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ