ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀម​ដាក់​ឱ្យ​ប្រើប្រាស់​ការ​ធានា​រ៉ាប់រង​យានយន្ត​ឯកជន​ជា​កាតព្វកិច្ច​ស្រប​តាម​បទ​ប្បញ្ញត្តិ​ច្បាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ដើម្បី​ជំរុញ និង​លើកកម្ពស់​ដល់​វិស័យ​ធានា​រ៉ាប់រង​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ការ​ធានា​រ៉ាប់រង​លើ​យានយន្ត​ឯកជន​ជា​កាតព្វកិច្ច ស្រប​ទៅ​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់ ខណៈ​វិស័យ​មួយ​នេះ​រាជរដ្ឋាភិបាល​ចាត់ទុកជា​សរសរ​ស្តម្ភ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ។ នៅ​ក្នុង​កម្មវិធី «​ទិវា​ធានា​រ៉ាប់រង លើក​ទី…

រាជធានី​ភ្នំពេញ​៖ ដើម្បី​ជំរុញ និង​លើកកម្ពស់​ដល់​វិស័យ​ធានា​រ៉ាប់រង​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ការ​ធានា​រ៉ាប់រង​លើ​យានយន្ត​ឯកជន​ជា​កាតព្វកិច្ច ស្រប​ទៅ​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់ ខណៈ​វិស័យ​មួយ​នេះ​រាជរដ្ឋាភិបាល​ចាត់ទុកជា​សរសរ​ស្តម្ភ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ។

នៅ​ក្នុង​កម្មវិធី «​ទិវា​ធានា​រ៉ាប់រង លើក​ទី ១ កាលពី​ថ្ងៃ​ទី ២៥ ខែកក្កដា ឆ្នាំ ២០១៩ លោក អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ប្រសាសន៍​ថា ដើម្បី​លើកកម្ពស់​វិស័យ​ធានា​រ៉ាប់រង​ឱ្យ​មានការ​រីក​ចម្រើន​ថែម​ទៀត រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ការ​ធានា​រ៉ាប់រង​យានយន្ត​ឯកជន​ជា​កាតព្វកិច្ច ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការ​ធានា​រ៉ាប់រង ដែល​ជា​ការ​ទទួលខុសត្រូវ​របស់​ប្រតិបត្តិ​ករ​ធានា​រ៉ាប់រង និង​ម្ចាស់​យានយន្ត​ចំពោះ​សង្គម​ជាតិ ។

លោក​បន្ត​ថា «​តាម​រយៈ​ការ​ធានា​រ៉ាប់រង​ដល់​ជន​រង​គ្រោះ ដែល​បង្ក​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​ក្នុង​ប្រទេស​កម្ពុជា ពោល​គឺ​ជួយ​ឱ្យ​ពួក​គាត់​ទទួល​បាន​សំណង​សម​ស្រប​សម្រាប់​ការ​ព្យាបាល​នឹង​ដោះស្រាយ​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​របស់​ខ្លួន​» ។ លោក​បាន​បញ្ជាក់​ទៀត​ថា «​ផលប្រយោជន៍​ក្នុង​ការ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ធានា​រ៉ាប់រង​យានយន្ត​ឯកជន​ជា​កាតព្វកិច្ច​នេះ​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ប្រព័ន្ធ​សំណាញ់​សុវត្ថិភាព​សង្គម ឱ្យ​ដើរ​ទន្ទឹម​គ្នា​នឹង​ការ​ដាក់​ឱ្យ​អនុវត្ត​ប្រព័ន្ធ​គាំពារ​សង្គម​របស់​រាជរដ្ឋាភិបាល ដូច​មាន​ចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​» ។

លោក ង៉ែត ប៊ុ​ន​ធឿ​ន នាយករង​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​លី​ហួរ​អ៊ិ​ន​សួ​រេ​ន ម​.​ក​.​បានឱ្យ​ដឹង​ថា លី​ហួរ​អ៊ិ​ន​សួ​រេ​ន ចាប់ផ្តើម​ប្រតិបត្តិការ​ផ្តល់​សេវា​ធានា​រ៉ាប់រង​បាន​ប្រមា​ន ២ ឆ្នាំ ប៉ុន្តែ​សន្ទុះ​នៃ​ចំណែក​ទីផ្សារ​មានការ​កើនឡើង ដោយសារ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជួយ​គាំំ​ទ្រ ។ ដូចនេះ​យើង​ទទួល​បាន​ចំណែក​ទីផ្សារ​លើ​ការ​ធានា​រ៉ាប់រង​លើ​យានយន្ត​មានការ​កើនឡើង ។ លោក​លើក​ឡើង​ថា «​ទោះបី​យើង​ទើបតែ​ចាប់ផ្តើម តែ​យើង​មានការ​រីក​ចម្រើន ហើយ​យើង​សង្ឃឹមថា​នៅ​ឆ្នាំ​ខាង​មុខ​នេះ​យើង​នឹង​ឈាន​ទៅ​ចាប់​យក​ចំណែក​ទីផ្សារ​បាន​កាន់តែ​ធំ​ជាង​មុន​តាម​រយៈ​ផ្តោត​ការ​យកចិត្តទុកដាក់​ទាំង​ការ​ធានា​រ៉ាប់រង​លើ​វិស័យ​អចលនទ្រព្យ និង​លើ​យានយន្ត​» ។

បើ​តាម​លោក​នាយករង (​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​) លើក​ឡើង​ថា​រាជរដ្ឋាភិបាល​កំពុង​សំឡឹង​មើល​ឱ្យ​យានយន្ត​ទាំងអស់​ត្រូវ​មាន​ធានា​រ៉ាប់រង​ជា​កាតព្វកិច្ច អីចឹង​កាលណា​ជា​កាតព្វកិច្ច​មាន​ន័យ​ថា​ម្ចាស់​យានយន្ត​ទាំងអស់​ត្រូវ​តែ​ទិញ​ធានា​រ៉ាប់រង ។ ដូចនេះ​ដល់​ពេល​នោះ​បុព្វលាភ​នៃ​ចំណែក​យានយន្ត​នឹង​មានការ​កើនឡើង​តាម​រយៈ​ការ​ជ្រោមជ្រែង​របស់​រាជរដ្ឋាភិបាល ។ លើស​ពី​នេះ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ខ្លួនឯង​ចុះ​ទៅ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ពន្យល់​អំពី​ការ​ធានា​រ៉ាប់រង​លើ​យានយន្ត ។ ដូចនេះ​ខ្ញុំ​សង្ឃឹមថា​ទីផ្សារ​របស់​យើង​នៅ​ឆ្នាំ​ក្រោយ​នឹង​មានការ​កើនឡើង​» ។

លោក​ជំទាវ ងួ​ន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ប្រសាសន៍​ថា​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ចំនួន ៣១ (​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​ចំនួន ១៣, ធានា​រ៉ាប់រង​អាយុជីវិត ១១, ធានា​រ៉ាប់រង​ខ្នាត​តូច ៧, ធានា​រ៉ាប់រង​បន្ត ១, ប្រតិបត្តិ​ករ​សុខភាព ៣, ក្រុមហ៊ុន​វាយតម្លៃ​ហានិភ័យ​ធានា​រ៉ាប់រង​ចំនួន ៣, ក្រុមហ៊ុន​ជើងសា​ធានា​រ៉ាប់រង​ចំនួន ១៦ និង​ក្រុមហ៊ុន​ភ្នាក់ងារ​ធានា​រ៉ាប់រង​ចំនួន ២២ ។ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទាំងអស់​មានទ្រព្យ​សកម្ម​ចំនួន ៤២៧,៣ លាន​ដុល្លារ​អា​មេ​រិ​ក និង​មូលនិធិ​ភាគហ៊ុន​ចំនួន ២៤៣,៩ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ ២០១៨ ។
លោក​ជំទាវ​គូសបញ្ជាក់​ថា «​ទន្ទឹម​នឹង​កំណើន​នៃ​ចំនួន​គ្រឹះស្ថាន​ធានា​រ៉ាប់រង ទំហំ​ទីផ្សារ​ធានា​រ៉ាប់រង​កម្ពុជា​ក៏​រីក​ធំធាត់​យ៉ាង​ឆាប់រហ័ស​ដោយ​ពុ​ព្វ​លាភ​ធានា​រ៉ាប់រង​ដុល​សរុប មាន​កំណើន​ប្រមាណ ៣៥% ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​កើនឡើង​ដល់​ចំនួន ១៩៦,៤ លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ ២០១៨ ជាមួយនឹង​សំណង​សម្រាប់​ហានិភ័យ​កើតឡើង​ដែល​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទាំងអស់​បាន​ទូទាត់​ជូន​អតិថិជន​ចំនួន ២៥.៨ លាន​ដុល្លារ​អា​មេ​រិ​ក ។ ចំនួន​បុព្វលាភ​ធានា​រ៉ាប់រង ព្យា​ការណ៍​ថា​នឹង​កើនឡើង​ដល់ ២៦០ លាន​ដុល្លារ​នៅ​ចុងឆ្នាំ ២០១៩» ។

សូម​បញ្ជាក់​ផង​ដែរ​ថា យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បានឱ្យ​ដឹង​ថា ចំនួន​យានយន្ត​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ចាប់ពី​ឆ្នាំ​១ ៩៩០ ដល់​ខែមេសា ២០១៩ មាន​ជាង ៤​លាន​គ្រឿងក្នុង​នោះ​ទោច​ក្រ ឬ​ត្រីចក្រយានយន្ត​មាន​ជាង ៣,៨ លាន​គ្រឿង និង រថយន្ត​មាន​ជាង ២៥ ម៉ឺន​គ្រឿង ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ