ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល៦ខែ កម្ពុជា​ប្រមូល​ពន្ធ​បាន​ជាង ៣ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល ៦ ខែ​ឆ្នាំ ២០១៩ នេះ ស្ថាប័ន​ប្រមូល​ចំណូល​ពន្ធ​ជូន​រដ្ឋ​ចំនួន ២ គឺ​អគ្គនាយកដ្ឋាន​គយ…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល ៦ ខែ​ឆ្នាំ ២០១៩ នេះ ស្ថាប័ន​ប្រមូល​ចំណូល​ពន្ធ​ជូន​រដ្ឋ​ចំនួន ២ គឺ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា និង អគ្គនាយកដ្ឋាន​ពន្ធដារ បាន​រក​ចំណូល​បាន​ប្រមាណ​ជាង ៣ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ទាំង​ពីរ​ដែល​បាន​ប្រកាស​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ ។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា បានឱ្យ​ដឹង​ថា​ក្នុង​រយៈពេល​កន្លះ​ឆ្នាំ ២០១៩ ស្ថាប័ន​មួយ​នេះ​រក​ចំណូល​បាន​ប្រមាណ ១.៤៧៥ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ ២៥,៥ ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៨ កន្លង​ទៅ ។ បរិមាណ​ទឹកប្រាក់​ដែល​រកបាន​ក្នុង​រយៈពេល​កន្លះ​ឆ្នាំ​នេះ​សម្រេច​បាន​ប្រមាណ ៦៥ ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ កំណត់​ដោយ​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០១៩ ។

ក្នុង​របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា ចំណូល​សំខាន់​ដែល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា រកបាន​ក្នុង​រយៈពេល ៦ ខែ​នេះ គឺ​បាន​មក​ពី​ចំណូល​ពន្ធ​នាំ​ចូល​យានយន្ត និង​គ្រឿងចក្រ ដែល​ទំនិញ​ទាំងនេះ​មាន​ចំណែក​រហូត​ដល់​ជាង ៥២ ភាគរយ​ឯណោះ បន្ទាប់​ពី​នោះ​ជា​ពន្ធ​នាំ​ចូល​ប្រេងឥន្ធនៈ និង​ថាមពល ដែល​មាន ១៧,១ ភាគរយ ហើយ​ក្រៅពី​នោះ​ទៀត ជា​ផលិតផល​គ្រឿងសំណង់ និង​ទំនិញ​ចំរុះ​ផ្សេង​ទៀត ។

លោក គុណ ញឹ​ម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋ​ករ បានឱ្យ​ដឹង​ថា លទ្ធផល​ល្អ​បែប​នេះ​បាន​មក​ដោយសារ​តែ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ និង​ការ​កែទម្រង់​របស់​រាជរដ្ឋាភិបាល​ការ​ពង្រឹង​អភិបាលកិច្ច​ផ្ទៃក្នុង​របស់​អង្គភាព​គយ និង​ការ​រីក​ចម្រើន​ផ្នែក​សមត្ថភាព​ធនធានមនុស្ស​របស់​កម្ពុជា ។ ដោយឡែក​សម្រាប់​ការ​ប្រមូល​ពន្ធ​ក្នុងស្រុក​វិញ អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​បាន​ប្រមូល​បាន​ប្រមាណ ១.៥២៦ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ ២៨,៩៤ ភាគរយ​ធៀប​នឹង​រយៈពេល​កន្លះ​ឆ្នាំ​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១៨ ។ នេះ​បើ​យោង​តាម​អគ្គនាយកដ្ឋាន​ពន្ធដារ ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ ។

លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​មាន​ប្រសាសន៍​ថា ចំណូល​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ទទួល​បាន​ក្នុង​រយៈពេល ១ ឆមាស​ឆ្នាំ ២០១៩ នេះ​សម្រេច​បាន​ប្រមាណ ៦៥ ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ ២០១៩ កំណត់​ដោយ​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ ។ លោក​បន្ត​ថា​៖ «​ចំណូល​សំខាន់​ៗ​ដែល​យើង​ប្រមូល​បាន និង​ទទួល​បាន​ផល​ល្អ​បែប​នេះ​ដោយសារ​តែ​មានការ​កើនឡើង​នៃ​ពន្ធលើប្រាក់ចំណេញ ពន្ធ​អាករ​ពិសេស ពន្ធ​អាករ​បន្ថែម និង​ពន្ធលើប្រាក់បៀវត្ស​រ៍​ផង​ដែរ ។ អ្វី​ដែល​ពិសេស​នោះ គឺ​ពន្ធ​ប្រថាប់ត្រា បាន​មក​ពី​ការ​ទិញ​លក់​អចលនទ្រព្យ ដែល​មាន​កំណើន​រហូត​ដល់​ជាង ៥០ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៩» ។

លោក​បន្ត​ទៀត​ថា ការ​ប្រមូល​ពន្ធ​ប្រថាប់ត្រា​បាន​កើនឡើង​ខ្ពស់​ដូច្នេះ​ដោយសារ​តែ​បច្ចុប្បន្ន​ការ​ទិញ​លក់​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​កំណើន​ខ្ពស់ ជា​ពិសេស​នោះ គឺ​តម្លៃ​នៃ​អចលនទ្រព្យ​ក៏​កើនឡើង​ខ្ពស់​ដែរ ជាក់ស្ដែង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ដី​មួយ​កន្លែង​តម្លៃ​ត្រឹមតែ ៥០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ម៉ែត្រការ៉េ តែ​បច្ចុប្បន្ន​វា​បាន​ឡើង​ដល់ ៥០០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ម៉ែត្រ ដូច្នេះ​ដី​មួយ​កន្លែង​នោះ​នឹង​ត្រូវ​បង់ពន្ធ​ប្រថាប់ត្រា​ខ្ពស់​ជាង​មុន​ដែរ ហើយ​សូម​បញ្ជាក់​ថា រដ្ឋ​មិន​បាន​ដំឡើង​ពន្ធ​ប្រថាប់ត្រា​នេះ​ទេ ។ លោក​បញ្ជាក់​ថា បើ​មើល​តាម​សន្ទុះ​នៃ​ការ​ប្រមូល​ពន្ធ​ក្នុង​រយៈពេល ៦ ខែ​នេះ លោក​រំពឹង​ថា ចំណូល​ពន្ធ​ក្នុង​ឆ្នាំ ២០១៩ ទាំងមូល​នឹង​អាច​លើស​ផែនការ​ដែល​កំណត់​ដោយ​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ ២០១៩ ។

លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​តែ​ជំរុញ​ឱ្យ​មន្ត្រី​ប្រមូល​ពន្ធ​ត្រូវ​ខិតខំ​ប្រឹងប្រែង​ប្រមូល​ពន្ធ​បន្ថែម​ទៀត និង​ត្រូវ​ប្រាកដ​ថា​ម្ចាស់​អាជីវកម្ម និង​ធុរជន​ទាំងអស់​ដែល​រក​ទទួលទាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​តាម​ច្បាប់ ៕កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ