ប្រទេសលីប៊ី ៖ ជនអន្តោប្រវេសន៍ជាង១១០នាក់បានបាត់ខ្លួនក្រោយការលិចនាវាដែលពួកគេជិះកាលពីថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៩ ក្នុងដែនទឹកនៃប្រទេសលីប៊ី។ នោះជាសោកនាដកម្មថ្មីដែលអ.ស.បចាត់ទុកថា អាក្រក់បំផុតក្នុងសមុទ្រមីឌីទែរ៉ាណេនាឆ្នាំនេះ។
យោងតាមអង្គការអន្តោប្រវេសន៍អន្តរជាតិថា ជនអន្តោប្រវេសន៍១០០នាក់ទៀតដែលជិះក្នុងនាវាជាមួយគ្នាហើយលិចក្នុងដែនទឹកនៃទីក្រុងKHOMSរបស់លីប៊ី ត្រូវបានជួយសង្គ្រោះ។ តាមកងមា៉រីនលីប៊ីថាពួកគេត្រូវនាំទៅកាន់មជ្ឈមណ្ឌលឃុំឃាំងនានា។
អង្គការអន្តោប្រវេសន៍អន្តរជាតិនិងកងម៉ារីនលីប៊ី បានផ្ដល់តួលេខខុសគ្នាលើចំនួនជនអន្តោប្រវេសន៍ដែលបាត់ខ្លួននិងត្រូវជួយសង្គ្រោះដោយកងឆ្មាំឆ្នេរសមុទ្រ របស់ប្រទេសមួយដែលចាប់តាំងពីឆ្នាំ២០១១មក ធ្លាក់ក្នុងភាពច្របូកច្របល់ ជាមួយការតស៊ូដណ្ដើមអំណាចគ្នា ហើយបណ្ដាកងជីវពលប្រដាប់អាវុធជាអ្នកបង្កើតច្បាប់។ ការិយាល័យអង្គការអន្តោប្រវេសន៍អន្តរជាតិនៅលីប៊ីនិយាយថា ជនអន្តោប្រវេសន៍១៤៥នាក់ត្រូវបានជួយសង្គ្រោះនិងនាំមកកាន់ទីក្រុងKHOMSចម្ងាយ១២០គីឡូម៉ែត្រពីទីក្រុងទ្រីប៉ូលី។
ចំណែកឧត្ដមសេនីយAYOUB KACEMអ្នកនាំពាក្យរបស់កងម៉ារីនលីប៊ីអះអាងថា ជនអន្តោប្រវេសន៍១៣៤នាក់ត្រូវបានជួយសង្គ្រោះហើយសាកសពមនុស្សម្នាក់ត្រូវបានស្រង់ចេញពីទឹក ខណៈមនុស្ស១១៥នាក់ត្រូវបាត់ខ្លួន។ ក្នុងសេចក្ដីប្រកាសមួយអ្នកនាំពាក្យរូបនោះនិយាយទៀតថា នាវាពីឈើមួួយដែលដឹកជនអន្តោប្រវេសន៍ប្រមាណជា២៥០នាក់បានលិច ត្រង់កន្លែងមួយចម្ងាយប្រមាណជា៥ម៉ាយពីឆ្នេរសមុទ្រ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ