ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ដឹងទេ? មកស្តាប់អ្នកចិញ្ចឹមត្រចៀក​កាំ​ប្រាប់​អ្វីខ្លះពីមុខរបរ​​នេះ​

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ តាម​សេចក្តីរាយការណ៍​ពី​ខេត្តពោធិ៍សាត់​ឱ្យ​ដឹងថា សព្វ​ថ្ងៃនេះ​ គេ​ស​ង្គេ​តឃើញ​មុខរបរ​ចិញ្ចឹមសត្វ​ត្រចៀកកាំ​យក​សម្បុក ​ហាក់បីដូចជា​រីក​ដុះដាល​ច្រើន​នៅ​តាម​បណ្ដា​ខេត្តមួយ​ចំនួន​ក្នុង​ព្រះរា​ជា​ណាចក្រ​កម្ពុជា ព្រោះ​មាន​ទីផ្សារ​ល្អ ទោះ​មាន​សម្បុក​ប៉ុន្មាន​ក៏​លក់​អស់​ដែរ ។ ដោយឡែក…

ខេត្តពោធិ៍សាត់ ៖ តាម​សេចក្តីរាយការណ៍​ពី​ខេត្តពោធិ៍សាត់​ឱ្យ​ដឹងថា សព្វ​ថ្ងៃនេះ​ គេ​ស​ង្គេ​តឃើញ​មុខរបរ​ចិញ្ចឹមសត្វ​ត្រចៀកកាំ​យក​សម្បុក ​ហាក់បីដូចជា​រីក​ដុះដាល​ច្រើន​នៅ​តាម​បណ្ដា​ខេត្តមួយ​ចំនួន​ក្នុង​ព្រះរា​ជា​ណាចក្រ​កម្ពុជា ព្រោះ​មាន​ទីផ្សារ​ល្អ ទោះ​មាន​សម្បុក​ប៉ុន្មាន​ក៏​លក់​អស់​ដែរ ។ ដោយឡែក ​នៅ​ខេត្តពោធិ៍​សាត់ ក៏​មាន​ប្រជាពលរដ្ឋ​ចិញ្ចឹម​ច្រើន​គួរសម​ដែរ ទាំង​នៅ​ក្នុង​ទីប្រជុំជន និង​តាម​ទីវាល​មាត់បឹង​ជាដើម ។ គួររំលឹកថា៖ មិនធម្មតា​..! ​សត្វ​ត្រចៀកកាំ​អ្នក​ខ្សត់​ជីវ​ភាព​​ចង់​ចិញ្ចឹម​វា​លក់ គឺ​មិន​អាច​ឡើយ

តាម​ការ​កត់សម្គាល់ នៅ​ខេត្តពោធិ៍សាត់ ការ​ចិញ្ចឹមសត្វ​ត្រចៀកកាំ​នេះ​ មាន​ពីរ​បី​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ទើបតែ​រីក​ដុះដាល​ច្រើន​នៅ​ឆ្នាំ​២០១៩​នេះ​ប៉ុណ្ណោះ ។ ត្រចៀកកាំ​ដែល​គេ​ចិញ្ចឹម​នេះ​គឺ​គេ​ធ្វើ​ផ្ទះ​ឲ្យ​វា​នៅ ខ្លះ​ធ្វើ​នៅ​លើដំបូល​ផ្ទះថ្ម​ចាស់​ៗ​ដែល​មាន​ស្រាប់ និង​ខ្លះ​ទៀត​គេ​ធ្វើ​ផ្ទះថ្ម​ថ្មី​កម្ពស់​បួន​ប្រាំ​ជាន់​សម្រាប់​វា​រស់នៅ​តែ​ម្ដង ដោយ​ចាក់​សំឡេង​សត្វ​ដើម្បី​អន្ទង​ហៅ​វា​ឲ្យ​ចូល​មក​រស់នៅ​យ៉ាង​សុខសាន្ត ។

អ្នក​ចិញ្ចឹមសត្វ​ត្រចៀកកាំ​ម្នាក់​នៅ​ភូមិ​អូរ​ស្ដៅ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ដែល​លោក​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ប្រាប់​កោះសន្តិភាព​ថា គាត់​ចាប់ផ្ដើម​ចិញ្ចឹមសត្វ​ត្រចៀកកាំ​នៅ​ឆ្នាំ​២០១៦​ដែល​កាលនោះ​ក្នុង​ខេត្តពោធិ៍សាត់​មាន​តែ​២​កន្លែង​ប៉ុណ្ណោះ ។ មុន​ដំបូង​មាន​ត្រចៀកកាំ​តែ​បួនដប់​ម្ភៃ​ក្បាល​ប៉ុណ្ណោះ​មក​រស់នៅ ។

លុះ​កន្លះ​ឆ្នាំ​ក្រោយមក​មាន​ជាង​១០០​ក្បាល ហើយ​ឥឡូវនេះ​មាន​ប្រមាណ​៣០០០​ក្បាល ព្រោះ​គាត់​ធ្វើ​ផ្ទះ​ពីរ​ទន្ទឹម​គ្នា​ឲ្យ​វា​រស់នៅ ។ ការ​ចិញ្ចឹមសត្វ​ត្រចៀកកាំ​នេះ​គឺ​ដើម្បី​យក​សំបុក​ដែល​កើត​ចេញពី​ទឹកមាត់​របស់​វា​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​នៅ​ភ្នំពេញ ។ ពីរ​ខែ​ឬ​បី​ខែ​ទើប​យក​ម្ដង ម្ដង​បាន​ពី​៣​ទៅ​៤​គីឡូក្រាម ទៅ​តាម​ត្រចៀកកាំ​តិច​ឫ​ច្រើន ហើយ​តម្លៃ​លក់​ក្នុង​មួយ​គីឡូក្រាម​ពី​៦០០​ទៅ​៧០០​ដុល្លា​សហរដ្ឋអាមេរិក ។

សំបុក​ត្រចៀកកាំ​ដែល​កើត​ចេញពី​ទឹកមាត់​របស់​វា​នេះ គាត់​បាន​រៀបរាប់​តាម​ដឹង​ដោយ​ខ្លួនឯង​ថា គេ​យក​វា​ទៅ​ធ្វើ​ជា​ទឹក​ត្រចៀកកាំ​ដប ធ្វើ​បង្អែម និង​ធ្វើ​ជា​ម្ហូប​ហូប​បាយ​ក៏​បាន​ដែរ ។ ការ​ចំណាយ​បើ​យើង​ធ្វើ​តូច​អស់​តិច បើ​យើង​ធ្វើ​ធំ​អស់​ច្រើន ហើយ​ការ​ទទួលផល​ក៏​ទៅ​តាម​នោះ​ដែរ ។ លោក​ថា សត្រូវ​របស់​សត្វ​ត្រចៀកកាំ​គឺ​សត្វ​ស្ទាំង តុកកែ ជីងចក់ និង​ស្រមោច​ជាដើម ដែល​រំខាន​វា​មិន​ឲ្យ​ចូល​រស់នៅ​ដោយ​មាន​សេចក្តីសុខ​ទេ ។

មន្ត្រី​មន្ទីរ​កសិកម្ម​ម្នាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​យើង​ថា សត្វ​ត្រចៀកកាំ​ប្រជាពលរដ្ឋ​បាន​ចិញ្ចឹម​ទាំង​នៅ​ក្នុង​ទីរួមខេត្ត ទាំង​នៅ​តាម​បណ្ដា​ស្រុក​សូ​ម្បី​តែ​នៅ​ជុំវិញ​ផ្សារ​ពោធិ៍សាត់​ក៏​មាន​អ្នក​ចិញ្ចឹម​ជិត​១០​ផ្ទះ​ទៅ​ហើយ ។ លោក​សន្និដ្ឋាន​ថា ដូច្នេះ​ទូ​ទាំង​ខេត្តពោធិ៍សាត់​មាន​មិន​តិច​ជាង​៧០​ផ្ទះ​នោះ​ទេ ក្នុង​នោះ​ស្រុក​កណ្ដៀង​ច្រើន​ជាងគេ ។

ប្រភព​ព័ត៌មាន​និយាយ​ថា ដោយសារ​តែ​ការ​ចិញ្ចឹមសត្វ​ត្រចៀកកាំ​កំពុង​តែ​រីក​ដុះដាល​ច្រើន​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​មួយ​ចំនួន​នោះ ដូច្នេះ​សព្វ​ថ្ងៃនេះ​គេ​តម្រូវ​ឲ្យ​អ្នក​ចិញ្ចឹម​ត្រូវ​សុំ​ច្បាប់​អនុញ្ញាត ព្រោះ​វា​ប៉ះពាល់​បរិស្ថាន ហើយ​ការ​ចាក់​សំឡេង​ទាក់ទាញ​ក៏​មានការ​រំខាន​ដល់​អ្នក​ដ៏​ទៃ​ផង​ដែរ ។

ខេត្ត​វ​កំពត ៖ ដោយឡែក​ នៅ​ខេត្តកំពត​ក៏​មាន​សេចក្តីរាយការណ៍​ពីមុខ​របរ​ចិញ្ចឹម​ត្រចៀកកាំ​នេះ​ដែរ ។ ចំណែក​ផល​ដែល​បាន​មក ក៏​មាន​ទីផ្សារ​លក់​មិន​សល់​ដែរ ។ តាម​សេចក្តីរាយការណ៍​ពី​ខេត្តកំពត​បញ្ជាក់​ថា សំបុក​សត្វ​ត្រចៀកកាំ​មាន​តម្លៃ​ខ្ពស់ និង​មាន​ទីផ្សារ​ល្អ ខណៈ​ពេល​អ្នក​ចិញ្ចឹម​មាន​តិចតួច​ក្នុង​ខេត្តកំពត ។

បាន​សម្គាល់​ឃើញ​ថា​ក្នុង​ខេត្តកំពត អ្នកមាន​ទ្រព្យធន​ច្រើន បាន​ធ្វើ​អគារ​ខ្ពស់​ៗ នៅ​ដាច់​ស្រយាល​តាម​តំបន់​ភ្នំ​ដើម្បី​ទាក់ទាញ​ឱ្យ​វា​រស់នៅ ។ ការ​ចិញ្ចឹមសត្វ​ត្រចៀកកាំ ដើម្បី​យក​សំបុក​ទៅ​លក់ ដែល​តាម​អ្នក​ចិញ្ចឹម​ប្រាប់​ថា​មាន​តម្លៃ​ខ្ពស់​បំផុត​ក្នុង​១​គីឡូក្រាម​៥០០​ដុល្លារ​ទៅ​៦០០​ដុល្លារ​សហរដ្ឋអាមេរិក នេះ​បើ​យោង​តាម​ការ​អះអាង​ពី​អ្នក​ចិញ្ចឹមសត្វ​ត្រចៀកកាំ​យក​សំបុក​លក់​នៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត ។

អ្នក​ចិញ្ចឹមសត្វ​ត្រចៀកកាំ​យក​សំបុក​លក់​បាន​និយាយ​ថា ការ​ចិញ្ចឹម​ត្រចៀកកាំ​ពិបាក​មើលថែ​ដែរ ទី​១​ការ​ពារ​ខ្លាច​មាន​សត្វ​អ្វី​ទៅ​បង្អើល​ធ្វើ​ឱ្យ​សត្វ​ត្រចៀកកាំ​មិន​ហ៊ាន​ចូល​សំបុក ។ អ្នក​ចិញ្ចឹម​ត្រចៀកកាំ​ដែល​មាន​វ័យ​ចំណាស់​នៅ​ភូមិ​១​ឧសភា បាន​និយាយ​ប្រាប់​ថា សំបុក​ត្រចៀកកាំ​កំពុង​មាន​តម្លៃ​ខ្ពស់​១​គីឡូក្រាម​ពី​៥០០​ ទៅ​៦០០​ដុល្លារ ហើយ​រក​មិន​បាន​ទៀត​ផង ។

អ្នក​ចិញ្ចឹមសត្វ​ត្រចៀកកាំ​និយាយ​ថា ការ​ប្រមូល​សំបុក​យក​ទៅ​លក់​ឱ្យ​គេ​នៅ​រាជធានី​ភ្នំពេញ​មិន​បាន​កំណត់​ទេ គឺ​ក្នុង​១​ខែ​ប្រមូល​លក់​ម្តង​ឬ​២​ដង​ក៏​មាន អាស្រ័យ​ទៅ​លើ​សត្វ​ត្រចៀកកាំ​នៅ​តិច​ឬ​ច្រើន​តែ​ប៉ុណ្ណោះ ។ អ្នក​ចិញ្ចឹម​និយាយ​ប្រាប់​ថា គ្រាន់តែ​នៅ​ក្រុង​កំពត​មាន​អ្នក​ចិញ្ចឹម​ត្រចៀកកាំ​យក​សំបុក​លក់​ប្រហែលជា​១០​គ្រួសារ តែបើ​ទូ​ទាំង​ខេត្តកំពត​មាន​មិន​លើស​ពី​៧០​គ្រួសារ​ទេ ។

លោក ជួន សា​រ៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពត​បាន​ប្រាប់​អោយ​ដឹង​ថា​អ្នក​ចិញ្ចឹមសត្វ​ត្រចៀកកាំ​ទូ​ទាំង​ខេត្តកំពត​មាន​ប្រហែល​៥០​គ្រួសារ​ប៉ុណ្ណោះ ។ ទោះជា​បែប​ណា​សំបុក​សត្វ​ត្រចៀកកាំ​កំពុង​មាន​ហាង​ឆេង​ខ្ពស់ ហើយ​បើ​តាម​ប្រភព​ដែល​ប្រាប់​ឱ្យ​ដឹង​នោះ គឺ​សំបុក​របស់​សត្វ​ត្រចៀកកាំ​គេ​អាច​ច្នៃ្ន​ធ្វើ​ជា​ថ្នា​ប៉ូវ​កម្លាំង​បាន ។

ចំណែក​អគារ​គេ​សាងសង់ ជា​កន្លែង​ចិញ្ចឹមសត្វ​ត្រចៀកកាំ​នេះ ច្រើន​តែ​ធ្វើ​នៅ​តំបន់​ភ្នំ​និង​មាត់សមុទ្រ ជា​តំបន់​ស្ងប់ស្ងាត់​មិន​រំខាន​ដល់​ការ​រស់នៅ​របស់​អ្នកស្រុក​ផង និង​ជា​តំបន់​ស្ងប់ស្ងាត់​ងាយ​ស្រួល​ត្រចៀកកាំ​រស់នៅ​ផង ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ