រាជធានីភ្នំពេញ ៖ ឡើងកូដនៅលើសង្វៀនតែមួយរយៈខ្លី ពេលនេះ កីឡាករជើងខ្លាំងវ័យក្មេង ធឿន ធារ៉ា ត្រូវបានគេផ្គូផ្គងឱ្យឡើងប្រកួតនៅលើសង្វៀនអន្តរជាតិទូរទស្សន៍ប៉ុស្តិ៍លេខ៥ ប៉ះជាមួយកីឡាករថៃ អាវតាន ដែលជាម្ចាស់ខ្សែក្រវាត់ជើងខ្លាំងមិនធម្មតាមួយរូបនៅក្នុងប្រទេសថៃ ។ មួយគូនេះ ត្រូវគេរំពឹងថា ពិតជាធ្វើឱ្យរញ្ជួយសង្វៀននាថ្ងៃសៅរ៍ ទី២៧ កក្កដានេះ ក្នុងព្រឹត្តិការណ៍ TV5 Knock out Serie by K-Cement ដែលស្ថិតក្នុងដំណាក់កាលប្រកួតជម្រុះឈានចូលសប្ដាហ៍ទី៣ ។
ការប្រកួតដែលនឹងចាប់ផ្ដើមពីម៉ោង៦ល្ងាចតទៅត្រូវគេឃើញមានការរំពឹងខ្ពស់មិនខុសពីការប្រកួតអន្តរជាតិមុនៗនោះទេ ដោយសារតែភាពជាក់ស្ដែងគឺព្រឹត្តិការណ៍ដំណើរការចំពេលល្ងាចថ្ងៃសម្រាក ដែលជាថ្ងៃមនុស្សម្នានៅតំបន់ព្រែកកំពិសនិយមមកទស្សនាកកកុញ ស្របគ្នាដែលនៅតំបន់ប៉ុស្ដិ៍លេខ៥ក៏មានកំណើនអ្នករស់នៅច្រើនឡើង ក្រោយមានវត្តមានសំណង់បុរីព្រោងព្រាតប្រដេញគ្នា ។
កីឡាករកម្ពុជា ដែលជាជើងថ្មីកំពុងឡើងកូដ ត្រូវបានគេចាប់អារម្មណ៍ហួសប្រមាណក្រោយពីមានការប្រកាសថា តម្រូវឱ្យស្វាគមន៍កីឡាករថៃ អាវតាន ដែលអ្នកណាៗក៏ស្គាល់ថាជាជើងខ្លាំងធ្លាប់ប្រកួតឈ្នះកីឡាករកម្ពុជាកន្លងមក ។ វត្តមានកីឡាករទាំងកម្ពុជា និងថៃ ក្នុងសប្ដាហ៍នេះ មិនថាការប្រកួតជាលក្ខណៈអន្តរជាតិ ឬការប្រកួតជាលក្ខណៈមិត្តភាពក្នុងស្រុកនៅក្នុងថ្ងៃនោះទេគឺពិតជាធ្វើឱ្យអ្នកស្នេហាវិស័យប្រដាល់ មានការចាប់អារម្មណ៍ ជាពិសេសគឺវត្តមានរបស់កីឡាករ ធឿន ធារ៉ា មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែកីឡាកររូបនេះ កំពុងតែឡើងកូដ ។
សមាសភាពគូអន្តរជាតិនេះ ត្រូវបានគេអះអាងថាមានការសម្រាំងយ៉ាងពិសេស ដើម្បីឱ្យអ្នកទស្សនាកាន់តែកន្ត្រាក់អារម្មណ៍ ក្នុងពេលដែលសប្ដាហ៍នេះគឺជាសប្ដាហ៍ដែលតម្រូវឱ្យអ្នកមានឈ្មោះក្នុងវគ្គថ្មីទាំង៤នាក់ឡើងប្រកួតចាញ់ធ្លាក់ៗដើម្បីដណ្ដើមយកកៅអី១៦នាក់ក្នុងជំហានដំបូងឆ្ពោះទៅកាន់ជើងឯក។
លោក សេង កដិកា អ្នករៀបចំការប្រកួតប្រចាំសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥បញ្ជាក់ថា សមាសភាពខាងកម្ពុជា សម្រាប់ការប្រកួតជាមួយថៃ លោកជឿជាក់ខ្លាំងលើកីឡាករ ធឿន ធារ៉ា ដោយសារតែគេគឺជាជើងខ្លាំង ហើយបើទោះជាមិនសូវប្រកួតញឹកដូចមុន ប៉ុន្តែសមត្ថភាពនៅតែល្អ ។ លោកសម្រេចដាក់ឱ្យប្រកួតជាលក្ខណៈអន្តរជាតិ គឺដោយសារតែកីឡាកររូបនេះគេមានសមត្ថភាពខ្លាំងជាយូរមកហើយ និងទទួលបានការចាប់អារម្មណ៍នៅក្នុងវិស័យប្រដាល់។
លោកប្រកាសថា វត្តមានចុះមករបស់កីឡាករ អាវតាន លោកចង់ផ្ដល់ឱកាសឱ្យ ធឿន ធារ៉ា ដោយសារតែអ្នកទាំងពីរសុទ្ធតែជាម្ចាស់ជើងឯកដូចគ្នា ទើបលោកហ៊ានសម្រេចផ្គូផ្គង បើទោះជាមានអ្នកគាំទ្រភាគច្រើនថាកីឡាករកម្ពុជាអាចនឹងពិបាកទប់ជាមួយកីឡាករថៃ ព្រោះគេស្ងាត់ប្រកួតមួយរយៈក្តី ។
លោកក៏បានកំណត់ឱ្យកីឡាករកម្ពុជាហ្វឹកហាត់ជាប់លាប់មិនតិចជាង១សប្ដាហ៍ផងដែរ មុនពេលផ្គូផ្គង ទើបលោកយល់ថា សមាសភាពរបស់កីឡាករកម្ពុជារូបនេះគ្រប់គ្រាន់សម្រាប់ឱ្យប៉ុស្តិ៍លេខ៥ដាក់ប្រកួតជាលក្ខណៈអន្តរជាតិ នៅថ្ងៃសៅរ៍ស្អែកនេះ ។ លោកថា កីឡាករកម្ពុជា និងថៃសុទ្ធតែត្រូវបានអះអាងថាមានការត្រៀមខ្លួនច្បាស់លាស់ ដោយសារតែភាគីម្ខាងៗចង់ឈ្នះការប្រកួតរៀងខ្លួន និងមិនចង់បាត់បង់ក្រេឌីតក្រោយពេលប៉ះគ្នា ។ មួយគូនេះ មានការចាប់អារម្មណ៍ភាគច្រើន ដោយរំពឹងថានឹងមានអ្នកស្នេហាវិស័យប្រដាល់ជក់ចិត្ត និងចង់ដឹងពីបទពិសោធន៍អ្នកទាំងពីរនៅពេលប៉ះគ្នា ។
ម្យ៉ាងកីឡាករកម្ពុជា ធឿន ធារ៉ា មិនសូវមានទម្លាប់ឡើងវ៉ៃលាក់ដៃស្រាប់ ស្របគ្នាដែលកីឡាកររូបនេះមានភាពក្លាហាន និង វាយស៊ូផង ទើបលោកពេញចិត្ត ។ លោក សេង កដិកា បន្តថា ជំនួបអន្តរជាតិដែលបានធ្វើឡើងនៅប៉ុស្តិ៍លេខ៥ មិនមែនសុទ្ធតែរន្ថើនព្រឹត្តិការណ៍ជើងឯកឱ្យអ្នកទស្សនាកាន់តែមានអារម្មណ៍កញ្ជ្រោលនោះទេ ប៉ុន្តែសម្រាប់ជំនួបរវាងកីឡាករទាំង២ លោកជឿជាក់ថានឹងកក្រើក ដោយសារកីឡាករថៃលោកស្គាល់ថ្វីដៃច្បាស់ហើយថា មិនធម្មតា ហើយសម្រាប់កីឡាករកម្ពុជា វិញ ក៏ល្អស្ថិតក្នុងទំនុកចិត្តលោក តាំងពីមុនផ្គូផ្គង។
យ៉ាងណាមិញ លោកថា កីឡាករកម្ពុជាដ្បិតថារូបលោក និងអ្នកគាំទ្រទុកចិត្តពីសមត្ថភាពយ៉ាងហ្នឹង តែបើគេប្រកួតមិនល្អ ឬមិនអស់ពីសមត្ថភាព ក៏ពិតជារងការរិះគន់មិនតិចដែរ ទើបតម្រូវឱ្យគេប្រឹងប្រែងខ្លាំង៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ