ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ហូប​សាច់​ជ្រូក ក្រោយសត្វ​​ជ្រូក​សុខភាព​ល្អ​ជិត​៦​ម៉ឺន​ក្បាល​លក់​មិន​ដាច់

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ដោយសារ​ឥទ្ធិពល​នៃ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ជា​ច្រើន​លែង​ហ៊ាន​ទិញ​សាច់​ជ្រូក​យក​ទៅ​ទទួលទាន ។ កត្តា​នេះ​បាន​ធ្វើ​អោយ​ប៉ះពាល់​ជា​ខ្លាំង​ដល់​សេដ្ឋកិច្ច​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប្រកប​មុខរបរ​ចិញ្ចឹម​ជ្រូក និង​លក់​សាច់​ជ្រូក​នៅ​តាម​ទីផ្សារ​។ យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តព្រៃវែង…

ខេត្តព្រៃវែង ៖ ដោយសារ​ឥទ្ធិពល​នៃ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ជា​ច្រើន​លែង​ហ៊ាន​ទិញ​សាច់​ជ្រូក​យក​ទៅ​ទទួលទាន ។ កត្តា​នេះ​បាន​ធ្វើ​អោយ​ប៉ះពាល់​ជា​ខ្លាំង​ដល់​សេដ្ឋកិច្ច​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប្រកប​មុខរបរ​ចិញ្ចឹម​ជ្រូក និង​លក់​សាច់​ជ្រូក​នៅ​តាម​ទីផ្សារ​។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តព្រៃវែង នៅ​ទូ​ទាំង​ខេត្ត​មាន​សត្វ​ជ្រូក​រស់​ដែល​មាន​សុខភាព​ល្អចំនួន​៦​ម៉ឺន​ក្បាល ត្រូវ​កកស្ទះ​លក់​មិន​ដាច់​។

ដើម្បី​លើកទឹកចិត្ត​ដល់​បងប្អូន​ជា​អ្នក​ចិញ្ចឹម​ជ្រូក អ្នកលក់​សាច់​ជ្រូក និង​លើកទឹកចិត្ត​អោយ​ប្រជាពលរដ្ឋ​ត្រឡប់​មក​ទទួលទាន​សាច់​ជ្រូក​វិញ កាលពី​រសៀល​ថ្ងៃ​ទី​២៥ កក្កដា មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង បាន​រៀបចំ​ធ្វើ​ពិធី​ហូប​សាច់​ជ្រូក ដូច​ជា​សាច់​ជ្រូក​ខ្វៃ នំ​បាញ់ហយ និង​បន្លែស្រស់​ៗ​គ្រប់មុខ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​អភិបាលខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត មន្ត្រីរាជការ​តាម​មន្ទីរ​នានា​ជុំវិញ​ខេត្ត រួម​ជាមួយនឹង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ផង​ដែរ​។

លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​បារ​ព្ធ​ធ្វើ​ពិធី​ហូប​សាច់​ជ្រូក​នេះ​ឡើង គឺ​ដោយសារ​ជ្រូក​កសិករ​ចិញ្ចឹម​តាម​ទ្រុង នៅ​ទូ​ទាំង​ខេត្ត​ជិត​៦​ម៉ឺន​ក្បាល​បាន​កកស្ទះ លក់​មិន​ចេញ ហើយ​នៅ​តាម​ទីផ្សារ​នីមួយ​ៗ​ក៏​លក់​សាច់​ជ្រូក​មិន​ដាច់ ដោយសារ​តែ​លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា សត្វ​ជ្រូក​មាន​ជំងឺប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច ហូប​សាច់​ជ្រូក​ប៉ះពាល់​ដល់​សុខភាព​នោះ​។

លោក​បន្ត​ថា តាម​ពិត​ទូ​ទាំង​ខេត្តព្រៃវែង ជ្រូក​ទាំងអស់​គ្មាន​ជំងឺប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច​នោះ​ទេ ជ្រូក​ទាំងអស់​សុទ្ធតែ​មាន​សុខភាព​ល្អ ជា​ពិសេស​ជ្រូក​ដែល​យក​ទៅ​កាប់​លក់​លើ​ទីផ្សារ សុទ្ធតែ​បាន​ឆ្លងកាត់​ការ​ពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​ពេទ្យសត្វ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នាំ​គ្នា​ហូប​សាច់​ជ្រូក​ឡើង​វិញ​ផង​។ ម្យ៉ាងទៀត ការ​ហូប​សាច់​ជ្រូក ក៏​ជា​ការ​លើកទឹកចិត្ត ដល់​កសិករ​ចិញ្ចឹម​ជ្រូក បន្ត​ចិញ្ចឹម​តទៅ​ទៀត ។

លោក សុខ ជា តំណាង​លក់​ចែកចាយ​ជ្រូក​រស់​របស់​ក្រុមហ៊ុន ស៊ី​ភី ប្រចាំ​ខេត្តកណ្តាល​, ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង បាន​បន្ថែម​ថា មិន​ត្រឹមតែ​កសិករ​ចិញ្ចឹម​ជ្រូក​ទេ​ដែល​លក់​ជ្រូក​មិន​ដាច់ សូ​ម្បី​តែ​ក្រុមហ៊ុន​ស៊ី​ភី ក៍​លក់​មិន​ដាច់​ដែរ ក្នុង​មួយ​ថ្ងៃ​ៗ​ខេត្ត​មួយ​ៗ លក់ដាច់​ត្រឹមតែ​ពីរ​ទៅ​៣​ក្បាល​ប៉ុណ្ណោះ ខណៈ​មុន​ពេល​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ក ក្នុង​មួយ​ថ្ងៃ​ៗ​លក់ដាច់​រាប់រយ​ក្បាល​។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ ដើម្បី​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ត្រឡប់​មក​ហូប​សាច់​ជ្រូក​ឡើង​វិញ លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​ហូប​សាច់​ជ្រូក​បណ្តើរ​រៀបរាប់​ថា «​ខ្ញុំ​ហូប​សាច់​ជ្រូក ធម្មតា​រាល់ថ្ងៃ មិន​បោះបង់​វា​ទេ មិន​ដែល​មាន​ជំងឺ​យាយី​រាង​កាយ​ខ្ញុំ​ឡើយ ដូចនេះ តាម​រយៈ​ពិធី​ជួបជុំ​ហូប​សាច់​ជ្រូក​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ មេត្តា​ទទួលទាន​សាច់​ជ្រូក​ឡើង​វិញ​ផង ដើម្បី​លើកទឹកចិត្ត​ដល់​កសិករ​យើង​ខំ​ចិញ្ចឹម​ជ្រូក បន្ត​ទៅ​ទៀត​»៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ