ថ្ងៃចុងសប្តាហ៍ជាថ្ងៃឈប់សម្រាករបស់មនុស្សគ្រប់រូប មិនថា អ្នកជាសិស្ស និស្សិត ឬអ្នកធ្វើការទេ ។ វាជាពេលដែលមនុស្សចង់ដើរចេញពីការងារ និងការសិក្សា ដើម្បីលំហែកាយ ឬកាត់បន្ថយស្ត្រេស និងសម្ពាធផ្សេងៗ ។ ប៉ុន្តែវាក៏ជាពេលមួយដែលមនុស្សភាគច្រើនចាយវាយដែរដូចជា លើថ្លៃអាហារ សំបុត្រកុន ឬថ្លៃសាំងសម្រាប់ធ្វើដំណើរចេញក្រៅក្រុងជាដើម ។
យ៉ាងណាក្តីថ្ងៃចុងសប្តាហ៍មិនចាំបាច់តម្រូវឲ្យអ្នកចាយវាយច្រើនរាល់ពេលទេ ។ ដើម្បីសន្សំថវិកាអ្នកអាចសាកល្បងសកម្មភាពខាងក្រោមបានសម្រាប់ថ្ងៃចុងសប្តាហ៍ខាងមុខរបស់អ្នក ៖
១. ទៅលេងផ្ទះបងប្អូន ឬមិត្តភក្តិ
ប្រសិនបើអ្នករស់នៅបែកពីក្រុមគ្រួសារ ថ្ងៃចុងសប្តាហ៍ គឺជាពេលដ៏ល្អក្នុងការទៅសួរសុខទុក្ខមនុស្សសំខាន់ៗក្នុងជីវិតរបស់អ្ន ក។ អ្នកក៏អាចឆ្លៀតពេលនេះ ដើម្បីទិញរបស់បន្តិចបន្តួចជូនដល់ពួកគេផងដែរ ដើម្បីទុកជាការគួរសម ។ ការជួបជុំគ្នា ដើម្បីទទួលទានអាហារនៅផ្ទះ គឺជាឱកាសល្អក្នុងការរក្សាទំនាក់ទំនងដោយមិនចាំបាច់តម្រូវឲ្យអ្នកចំណាយថវិកាច្រើន ។
២. ទៅលេងសួនឧទ្យាន ឬរមណីយដ្ឋានដែលមិនគិតថ្លៃចូល
មនុស្សដែលចូលចិត្តភាពអ៊ូអរ និងចូលចិត្តការចេញដើរលេងស្រូបខ្យល់អាកាសបរិសុទ្ធគួរតែចំណាយថ្ងៃចុងសប្តាហ៍នៅសួនឧទ្យាន ឬរមណីដ្ឋាននានាដែលមិនគិតថ្លៃចូល ។ វាជាពេលដែលអ្នកអាចដើរចេញពីការងារ មើលទេសភាព ឬថតរូបលេងមិនមិនចាំបាច់ត្រូវចំណាយច្រើនផងដែរ ។
៣. រៀនពីប្រធានបទថ្មីៗ
ចំណេះដឹង គឺជាអាវុធជាប់ខ្លួនដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូប តែមិនមានមនុស្សច្រើនទេ ដែលសុខចិត្តចំណាយពេលវេលា ដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹងដែលខ្លួនមាន ។ មិនថា ជាព្រឹត្តិការថ្មីៗ ឬប្រធានបទថ្មីៗទេ អ្នកអាចរៀនសិក្សា និងអានឡើងវិញនៅថ្ងៃចុងសប្តាហ៍ ដើម្បីតាមទាន់ការផ្លាស់ប្តូរផ្សេងៗដែលកំពុងតែកើតមានឡើងជុំវិញពិភពលោក ឬដើម្បពង្រីកចំណេះដឹង ឬចាប់យកជំនាញថ្មីៗជាដើម ។
៤. មើលភាពយន្តនៅផ្ទះ
អ្នកជាមនុស្សដែលចូលចិត្តមើលភាពយន្តមែនទេ ? អ្នកអាចចំណាយថ្ងៃចុងសប្តាហ៍របស់អ្នកក្នុងការមើលភាពយន្តដែលអ្នកចូលចិត្តដោយមិនចាំបាច់ត្រូវទៅរោងភាពយន្ត ។ អ្វីដែលអ្នកត្រូវការ គឺគ្រាន់តែអ៊ីនធើណិត និងទូរទស្សន៍ ឬកុំព្យូទ័រដែលអាចភ្ជាប់នឹងអ៊ីនធើណិតតែប៉ុណ្ណោះ ។ លើសពីនេះទៅទៀត បើអ្នកមិនចូលចិត្តការទស្សនាភាពយន្តម្នាក់ឯងទេ អ្នកអាចហៅមិត្តភក្តិជិតស្និទ្ធមកចូលរួមជាមួយឲ្យកាន់តែអ៊ូអរជាងមុនក៏បានដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ