ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​គគុក​នេះ​! ដុត​កម្ទេច​ចោល​ខ្ទេច​នៅ​នឹង​កន្លែង​តែ​ម្តង

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បទបញ្ជា​ដ៏​ក្ដៅ​គគុក​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប៉ុន្មាន​ថ្ងៃនេះ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​សហការ​ជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ភ្នំក្រវាញ ស្រុក​វាល​វែង ស្រុក​ក្រគរ…

ខេត្តពោធិ៍សាត់ ៖ បទបញ្ជា​ដ៏​ក្ដៅ​គគុក​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប៉ុន្មាន​ថ្ងៃនេះ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​សហការ​ជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ភ្នំក្រវាញ ស្រុក​វាល​វែង ស្រុក​ក្រគរ និង​ស្រុក​បាកាន ។

ក្នុង​រយៈពេល​០៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បាន​រថយន្ដ​បា​កុង កែ​ច្នៃ​សរុប​ចំនួន​៣១​គ្រឿង ត្រាក់ទ័រ​បា​កុង​០១​គ្រឿង ម៉ាស៊ីន​រ៉ៃ​មាន​កង់យោង​០៩​គ្រឿង រថយន្ដ​ហ៊ី​យ៉ា​ន់​ដាយ​០១​គ្រឿង គោ​យន្ដ​កន្ត្រៃ​០១​គ្រឿង និង​ផ្លែ​រណា​ខ្សែ​១៥​ខ្សែ ។ ចំពោះ​វត្ថុ​តាង​ដែល​ជា​មធ្យោបាយ​បម្រើ​ឲ្យ​ការ​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​ទាំង​អស់នេះ ត្រូវ​បាន​សមត្ថកិច្ច​រឹបអូស និង​ដុត​កម្ទេច​ចោល​នៅ​នឹង​កន្លែង​កើតហេតុ ។

សមត្ថកិច្ច​បញ្ជាក់​ថា នៅ​ស្រុក​ក្រគរ​ដកហូត​បាន​វត្ថុ​តាង​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​នូវ​គោ​យន្ដ​កន្ត្រៃ ០១​គ្រឿង​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​០១​គ្រឿង និង​រថយន្ដ​បា​កុង​ចំនួន​៣​គ្រឿង ។ នៅ​ស្រុក​ភ្នំក្រវាញ​ដកហូត​រថយន្ដ​បា​កុង​ចំនួន​១០​គ្រឿង ដុត​កម្ទេច​ចោល​ចំនួន​០៧​គ្រឿង កាត់​ជា​កំណាត់​ៗ​ដោយ​ភ្លើង​ខ្យល់​អ៊ី​ត្រូ​សែន​ចំនួន​០២​គ្រឿង នៅ​សល់​០១​គ្រឿង​ទុក​ប្រើប្រាស់​ក្នុង​បុព្វហេតុ​ការងារ​សិន ។ នៅ​ស្រុក​បាកាន​ដកហូត​រថយន្ដ​បា​កុង​ចំនួន​០១​គ្រឿង​មិន​ទាន់​បាន​ធ្វើ​អ្វី​នៅឡើយ ។

ចំណែក​នៅ​ស្រុក​វាល​វែង​វិញ​រឹបអូស និង​ដកហូត​រថយន្ដ​បា​កុង​ចំនួន​១៧​គ្រឿង ត្រាក់ទ័រ​០១​គ្រឿង រួម​ទាំង​ម៉ាស៊ីន​រ៉ៃ​មាន​កង់យោង​ចំនួន​០៩​គ្រឿង និង​ផ្លែ​រណា​ខ្សែ​ចំនួន​១៥​ខ្សែ ដុត​កម្ទេច​ចោល​នៅ​នឹង​កន្លែង​តែ​ម្ដង ។ សរុប​ក្នុង​រយៈពេល​០៨​ថ្ងៃនេះ​សមត្ថកិច្ច​បង្ក្រាប​រថយន្ដ​បា​កុង​កែ​ច្នៃ​បាន​ចំនួន​៣១​គ្រឿង ត្រាក់ទ័រ​បា​កុង​០១​គ្រឿង ម៉ាស៊ីន​រ៉ៃ​មាន​កង់យោង​០៩​គ្រឿង រថយន្ដ​ហ៊ី​យ៉ា​ន់​ដាយ​០១​គ្រឿង គោ​យន្ដ​កន្ត្រៃ​០១​គ្រឿង និង​ផ្លែ​រណា​ខ្សែ​១៥​ខ្សែ ។

ក្រុម​សមត្ថកិច្ច​ចម្រុះ​នៅ​តែ​បន្ត​រុករក​រោង​ម៉ាស៊ីន​អារឈើ​ក្នុង​ព្រៃ ការ​ដឹក​ជញ្ជូន​ឈើ​តាម​រទេះគោ​ក្របី ដឹក​តាម​គោ​យន្ដ តាម​រថយន្ដ​តូច​ធំ ការ​ស្តុក​ឈើ​ក្នុង​ព្រៃ និង​តាម​ផ្ទះ​ជាដើម ដើម្បី​ដកហូត និង​ដុត​កម្ទេច​ចោល ជា​ការ​ព្រមាន​ដល់​អ្នក​រកស៊ី​បទល្មើស​ព្រៃឈើ​ទាំងនេះ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់ ។ ជាមួយ​គ្នា​នេះ​បាន​នឹង​កំពុង​តែ​ធ្វើការ​ស៊ើប​អ​ង្គេ​ត​វែកមុខ​រក​ជន​ប្រព្រឹត្ត​បំផ្លាញ និង​រកស៊ី​បទល្មើស​ព្រៃឈើ ដើម្បី​ឈាន​ទៅ​ចាប់ខ្លួន​ឲ្យ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ