ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មិនមែន​ជា​ប្រពន្ធ​លោក​អភិបាលស្រុក​ទេ​… ហេតុ​អ្វី​ក៏​ថ្លើមធំ​ម្ល៉េះ? (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ដី​ចំណី​ផ្លូវជាតិ​លេខ​៨ ត្រង់​ចំណុច​ផ្លូវកែង​បំបែក​ជា​៣ ក្នុងភូមិ​ក្របៅ​ជ្រៅ ឃុំ​ក្របៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង ត្រូវ​បាន​គេ​ល្បី​ត​ៗ​គ្នា​ថា ជា​ប្រពន្ធ​លោក…

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ដី​ចំណី​ផ្លូវជាតិ​លេខ​៨ ត្រង់​ចំណុច​ផ្លូវកែង​បំបែក​ជា​៣ ក្នុងភូមិ​ក្របៅ​ជ្រៅ ឃុំ​ក្របៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង ត្រូវ​បាន​គេ​ល្បី​ត​ៗ​គ្នា​ថា ជា​ប្រពន្ធ​លោក សឿ​ន សុ​ជាតិ អភិបាលស្រុក​កំចាយមារ រំលោភ​យក​ដី​ហើយ​សាងសង់​ជា​តូប​លក់ដូរ ជួល​ឱ្យ​អ្នកស្រុក​យក​លុយ​បាន​រាប់​ពាន់​ដុល្លារ​ក្នុង​១​ឆ្នាំ​ៗ ធ្វើ​ឱ្យ​អ្នក​ដែល​មិន​បាន​ប្រយោជន៍​នាំ​គ្នា​ទើសភ្នែក ហើយ​រិះគន់​យ៉ាង​ខ្លាំង​។

ប្រភព​ពី​ក្រុម​អាជីវករ ដែល​បាន​ជួល​តូប​នៅ​ទីតាំង​នោះ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ជួល​តូប​នេះ​ពី​ថៅកែ​ស្រី​ជា​ប្រពន្ធ​លោក​អភិបាលស្រុក ដោយ​ជួល​ជា​ឆ្នាំ​ក្នុង​១​ឆ្នាំ ខ្លះ​៤០០​ដុល្លារ ខ្លះ​៥០០​ដុល្លារ និង​ខ្លះ​ទៀត​៨០០​ដុល្លារ ទៅ​តាម​ទីតាំង​ទំហំ​តូប និង​ធំ​។

ប្រភព​ដដែល​នេះ​បញ្ជាក់​ថា អ្នក​ជួល​តូប​នេះ​ភាគច្រើន លក់ដូរ និង​រស់នៅ​ក្នុង​តូប​នេះ​តែ​ម្តង​។ ចំណែក​មួយ​ចំនួន​ទៀត គ្រាន់តែ​មក​លក់ដូរ​ពេល​ថ្ងៃ យប់​ឡើង​ត្រឡប់​ទៅ​ផ្ទះ​វិញ ព្រោះ​តូប​ជួល​តូច​មិន​អាច​រស់នៅ​បាន​។

ប្រភព​ពី​មន្ត្រី​តូចតាច​មួយ​ចំនួន​បាន​លួច​បង្ហើប​ប្រាប់​ថា ទីតាំង​ដែល​គេ​សង់​ធ្វើ​តូប​ជួល​នោះ គឺជា​ដី​ចំណី​ផ្លូវ​សុទ្ធសាធ ដែល​មាន​ជំរៅ​តែ​៤​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ចិញ្ចើមថ្នល់ ដោយ​គេ​ប្រើ​ពេលវេលា​សាងសង់​ប្រមាណ​ជា​៣​ខែ ហើយ​ទើបតែ​សាងសង់​រួច និង​ដាក់​ជួល​ឱ្យ​អ្នកស្រុក​បាន​ប្រមាណ​ជា​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ​។ ប្រភព​ដដែល​នេះ​បញ្ជាក់​ថា នរណា​ក៏​ដឹង​ដែរ​ថា ទីតាំង​នេះ​ជា​ដី​ចំណី​ផ្លូវ ប៉ុន្តែ​នៅ​ពេល​គេ​ចាប់​សាងសង់​ដំបូង ឃើញ​មាន​តែ​អ្នក​ទៅ​សួរនាំ អ្នក​ណា​ជា​ម្ចាស់​សំណង? ដល់​ពេល​ដឹង​ថា ជា​ប្រពន្ធ​លោក​អភិ​បាលស្រុក ម្នាក់​ៗ​ក៏​លឹប​រួញ​ទៅ​វិញ​អស់ ហើយ​គ្មាន​អ្នក​ណា​ហ៊ាន​ទៅ​ហាមឃាត់​ឡើយ ទើប​ធ្វើ​ឱ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​អ្នក​គួរ​បាន​ប្រយោជន៍ តែ​បែរជា​មិន​បាន​ទៅ​វិញ​។

ឆ្លើយ​តប​នឹង​បញ្ហា​ខាងលើ​នេះ លោក សឿ​ន សុ​ជាតិ អភិបាលស្រុក​កំចាយមារ បាន​ឲ្យ​ដឹង​ថា ករណី​នេះ​លោក​ក៏​បានដឹង​ដែរ ហើយ​រូប​លោក​ធ្លាប់​បាន​ចាត់​ឱ្យ​អាជ្ញាធរ​ឃុំ ចុះ​ទៅ​ហាមឃាត់​ដែរ ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច​លោក​មេឃុំ នៅ​តែ​បណ្តោយ​ឱ្យ​គេ​សាងសង់​រហូត​ទាល់តែ​ហើយ និង​ដាក់​ជួល​បាន​របៀប​នេះ​។

ដោយឡែក​រឿង​ដែល​គេ​ចោទ​ថា ម្ចាស់​សំណង់​រំលោភ​យក​ដី​ចំណី​ផ្លូវ​នេះ ជា​ប្រពន្ធ​របស់​លោក​អភិបាល​ស្រុក លោក​បាន​បដិសេធ​ថា មិនមែន​ជា​ការ​ពិត​នោះ​ទេ ម្ចាស់​សំណង់​នោះ​គឺជា​ប្អូន​របស់​លោក​ទៅ​វិញ​ទេ ហើយ​លោក​ក៏​ធ្លាប់​បាន​ប្រាប់​ប្អូន​ដែរ​ថា កុំ​សាងសង់​សំណង់​ខុសច្បាប់​បែប​នេះ តែ​ប្អូន​លោក​មិន​ស្តា​ប់​លោក នៅ​តែ​រឹង​ធ្វើ ព្រោះ​គាត់​ចង់​មាន ចង់បាន​ដែរ​។

ទោះជា​យ៉ាងណា​ក៏​ដោយ លោក​បាន​បញ្ជាក់​ថា លោក​នឹង​កោះ​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក ដើម្បី​ដាក់​ចេញ​នូវ​វិធានការ​ច្បាប់ ហើយនឹង​ហៅ​ប្អូន​ជា​ម្ចាស់​សំណង់​ឱ្យធ្វើ​កិច្ចសន្យា​រុះរើ​សំណង់​នេះ​ចេញ​វិញ ឲ្យ​ខាង​តែ​បាន​។ ចាំ​មើល​ទៀត តើ​លោក​ម្ចាស់​ស្រុក​ហ៊ាន​ជាមួយ​ម្ចាស់​សំណង់​ដែរ​ឬ​អត់? ឬ​មួយ​បាន​តែ​ថា ដូច​គេ​ថា «​ផោម​ឱ្យ​ក្របី​ហិត​» ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ