ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រើប្រាស់​កម្លាំង​គ្រឿងយន្ត​ជាង ៩៧ ភាគរយ​ក្នុង​វិស័យ​កសិកម្ម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​វិស័យ​កសិកម្ម​កម្ពុជា បាន​ផ្លាស់​ប្តូរ និង​ធ្វើ​ទំនើប​កម្ម​បន្តិច​ម្ដង​ៗ ដោយ​បាន​ផ្លាស់​ប្តូរ​ពី​ការ​ប្រើប្រាស់​កម្លាំង​សត្វ​សម្រាប់​អូស​ទាញ​មក​ប្រើ​កម្លាំង​គ្រឿងយន្ត​ជំនួស​វិញ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការងារ​កសិកម្ម​របស់​ប្រជា​កសិករ មាន​ភាព​ងាយស្រួល និង​លឿន​ជាង​មុន ។ បើ​យោង​តាម​ប្រសាសន៍​លោក វេ​ង…

រាជធានី​ភ្នំពេញ​៖ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​វិស័យ​កសិកម្ម​កម្ពុជា បាន​ផ្លាស់​ប្តូរ និង​ធ្វើ​ទំនើប​កម្ម​បន្តិច​ម្ដង​ៗ ដោយ​បាន​ផ្លាស់​ប្តូរ​ពី​ការ​ប្រើប្រាស់​កម្លាំង​សត្វ​សម្រាប់​អូស​ទាញ​មក​ប្រើ​កម្លាំង​គ្រឿងយន្ត​ជំនួស​វិញ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការងារ​កសិកម្ម​របស់​ប្រជា​កសិករ មាន​ភាព​ងាយស្រួល និង​លឿន​ជាង​មុន ។

បើ​យោង​តាម​ប្រសាសន៍​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ក្នុង​ជំនួប​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម បេឡា​រុស កាលពី​ថ្ងៃ​ទី ២៤ កក្កដា ២០១៩ បានឱ្យ​ដឹង​ថា ក្នុង​វិស័យ​កសិកម្ម​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ​បាន​ប្រើ​កម្លាំង​គ្រឿងយន្ត​រហូត​ដល់ ៩៧ ភាគរយ​ហើយ ដែល​កាលពីមុន​កម្ពុជា​ប្រើ​កម្លាំង​គោក្របី​សម្រាប់​អូស​ទាញ​ច្រើន ។ ការ​ផ្លាស់​ប្តូរ​មក​ប្រើ​កម្លាំង​គ្រឿងយន្ត​ជំនួស​កម្លាំង​សត្វ​អូស​ទាញ​នៅ​ក្នុង​វិស័យ​កសិកម្ម​នេះ​បាន​ជួយ​សម្រួល​ច្រើន​ដល់​វិស័យ​កសិកម្ម និង​បាន​ព​ន្លឿ​ន​ដល់​ការងារ​កសិកម្ម​កម្ពុជា​បាន​លឿន​ផង​ដែរ ។

លោក​បន្ត​ថា ការ​វិវឌ្ឍន៍​រីក​ចម្រើន​នៃ​ការ​ប្រើប្រាស់​គ្រឿងយន្ត​ក្នុង​វិស័យ​កសិកម្ម​បាន​បង្កើន​ការ​ប្រកួតប្រជែង​ជា​ខ្លាំង​រវាង​ក្រុមហ៊ុន​ដែល​ផលិត​គ្រឿងយន្ត ហើយ​ទាមទារ​ឲ្យ​មានការ​ដាក់​ចេញ​នូវ​បច្ចេកវិទ្យា​ថ្មី​ទំនើប​ជា​បន្តបន្ទាប់ ។ ក្នុង​ពេល​ដែល​ការ​ផ្លាស់​ប្តូរ​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា ដោយ​ប្រើ​កម្លាំង​គ្រឿងយន្ត​ជំនួស​ច្រើន​ដូចនេះ បេឡា​រុស គួរ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ផ្គត់ផ្គង់​គ្រឿងយន្ត​កសិកម្ម ដែល​មាន​គុ​ភាព​សម្រាប់​កម្ពុជា​ក្នុង​ការ​ប្រើប្រាស់​ក្នុង​វិស័យ​នេះ ។

លោក​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ​កម្ពុជា ក៏​បាន​បាត់បង់​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​ការងារ​អស់​ច្រើន​ណាស់​ដែរ ដោយសារ​កម្លាំង​ពលកម្ម​កសិកម្ម​កាលនោះ​បាន​ផ្លាស់​ប្តូរ​ទៅ​ធ្វើការ​នៅ​ក្នុង​វិស័យ​ផ្សេង​វិញ ដូច​ជា​រោងចក្រ សហគ្រាស និង​ការងារ​ផ្សេង​ទៀត​ដែល​អាច​រក​ចំណូល​បាន​ច្រើន​ជាង​កសិកម្ម ។ ពី​មុន​យើង​ដឹង​ថា ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ៨០​ភាគរយ​ប្រកប​របរ​កសិកម្ម តែ​បច្ចុប្បន្ន​ចំនួន​នេះ​មិន​នៅ​ថេរ​ទៀត​ទេ ។ តាម​ការ​ព្យាករណ៍​កំ​ម្លាំ​ង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹមតែ ២៩ ភាគរយ​ប៉ុណ្ណោះ នៅ​ឆ្នាំ ២០២០ ខាង​មុខ​នេះ ។

បើ​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យ​ដឹង​ថា​ក្នុង​រយៈពេល​មួយ​ឆមាស​ឆ្នាំ ២០១៩ នេះ​ការងារ​កសិកម្ម​របស់​កម្ពុជា​ដែល​បាន​ភ្ជួរ​រាស់​រួចរាល់​មាន​ផ្ទៃដី ១.៥៤៨.៧៣៤ ហិច​តា ក្នុង​នោះ​ភ្ជួរ​ដោយ​កម្លាំង​គោ ក្របី មាន​តែ​ជាង ១៤ ពាន់​ហិច​តា​ប៉ុណ្ណោះ ក្រៅពី​នោះ​គឺ​ភ្ជួរ​រាស់​ដោយ​កម្លាំង​គ្រឿងយន្ត​កសិកម្ម ។

បើ​តាម​លោក​ជំទាវ ចាន់ ផល​លឿន អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ធ្លាប់​មាន​ប្រសាសន៍​កន្លង​មក​ថា គ្រឿងយន្ត​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា​មាន​ប្រមាណ​ជិត ៤០ ម៉ឺន​គ្រឿង ហើយ​ក្នុង​នោះ​ភាគច្រើន​ជា​គោ​យន្ត ចំណែក​ត្រាក់ទ័រ​មាន​ប្រមាណ​ពី ២ ទៅ ៣ ម៉ឺន​គ្រឿង​ប៉ុណ្ណោះ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ