ប្រទេសកូរ៉េខាងត្បូង ៖ ក្រោយការជ្រើសរើសរបស់ជប៉ុន កូរ៉េខាងត្បូងដល់វេនធ្វើការសម្រេច បំពាក់នាវាផ្ទុកយន្តហោះធុនស្រាលមួយដែលអាចផ្ទុកបណ្ដាយន្តហោះប្រដេញបំបាំងកាយទំនើបរបស់អាមេរិក ធុនF-35B។ នាវាផ្ទុកយន្តហោះនោះ ដែលនឹងអាចដាក់ឲ្យប្រើប្រាស់មុនដំណាច់ទសវត្សឆ្នាំ២០២០ ឆ្លុះបញ្ចាំងពីភាពតានតឹង ខាងភូមិសាស្ត្រនយោបាយដែលកើតមាននៅទ្វីបអាស៊ី។
កូរ៉េខាងត្បូងនឹងក្លាយជាមហាអំណាចខាងជើងទឹកមួយ ដោយកសាងនាដំណាច់ទសវត្សឆ្នាំ២០២០ នូវនាវាមួយដែលអាចផ្ទុកបណ្ដាយន្តហោះប្រដេញ។ ព័ត៌មាននេះត្រូវបានលាតត្រដាងកាលពីថ្ងៃទី២៣កក្កដាដោយកាសែតពិសេស DEFENCE NEWS បន្ទាប់ពីការសម្រេចរបស់ជប៉ុនប្រែក្លាយនាវាផ្ទុកឧទ្ធម្ភាគចក្រ២គ្រឿងរបស់ខ្លួន ឲ្យអាចផ្ទុកយន្តហោះប្រដេញអាមេរិកធុនF-35B។
ដោយបំពាក់នាវាប្រភេទនោះក្រុងសេអ៊ូលនិងក្រុងតូក្យូ សុទ្ធតែពុំមានការជឿទុកចិត្តគ្នាទៅវិញទៅមកនិងបង្ហាញសាច់ដុំគ្នា ក្នុងតំបន់មួយដែលកំពុងមានភាពតានតឹង ខណៈចិនបានពង្រឹងកម្លាំងយោធារបស់ខ្លួននិងក្នុងពេលមានវិបត្តិនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង។
កាសែតDEFENCE NEWSសរសេរថា កូរ៉េខាងត្បូងនឹងកសាងនាវាសម្រាប់បណ្ដាយន្តហោះអាចហោះចេញប្រើផ្លូវខ្លីនិងអាចចុះត្រង់ដូចឧទ្ធម្ភាគចក្រ ដែលនាវានោះប្រភេទនោះនឹងធ្វើប្រតិបត្តិការ ពីដំណាច់ទសវត្សឆ្នាំ២០២០ទៅ។ កាសែតនោះចង់និយាយយោងដល់ការពង្រីកនាវាផ្ទុកឧទ្ធម្ភាគចក្រ២គ្រឿងប្រភេទDOKDO របស់កូរ៉េខាងត្បូងដែលកំពុងបម្រើការក្នុងកងម៉ារីនរបស់ខ្លួន។
នាវាផ្ទុកយន្តហោះនាពេលអនាគតនឹងជានាវាមួយដែលពង្រីកឲ្យធំមានចំណុះដល់៣០.០០០តោនមិនមែននៅត្រឹម១៥.០០០តោន ដែលអាចផ្ទុកបណ្ដាយន្តហោះប្រដេញពិសេស៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ