រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា រថយន្តម៉ាកកាមរីបាឡែនមួយគ្រឿងបើកបោះពួយក្នុងល្បឿនលឿន ស្របពេលមេឃកំពុងតែភ្លៀង ក៏ជ្រុលទៅបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿងដែលជិះគ្នា២នាក់ ហើយរថយន្តរេចង្កូតធ្លាក់ផ្លូវចូលក្នុងប្រឡាយទឹកស្អុយ បណ្តាលអោយរងរបួសធ្ងន់ស្រាលចំនួន៣នាក់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចវាលស្ងាត់ ផ្លូវ៥០ម៉ែត្រ ភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
ភាគីខាងរថយន្តមួយគ្រឿងម៉ាកកាមរី បាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២O-៥៣៩១ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ។ ចំណែកភាគីខាងម៉ូតូមួយគ្រឿងជិះគ្នា២នាក់ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១K-៦៤៩២ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ និងបុរសម្នាក់ទៀតជាអ្នករួមដំណើរ មិនស្គាល់អត្តសញ្ញាណ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់វ័យជាង៤០ឆ្នាំដូចគ្នាបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធ្វើដំណើរតាមផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តមួយគ្រឿងម៉ាកកាម៉ារី បាឡែន បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿន ស្របពេលមេឃកំពុងតែភ្លៀងផងនោះ ទើបធ្វើឱ្យអ្នកបើកបរមើលផ្លូវមិនច្បាស់ក៏ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលអោយដួលម៉ូតូ និងធ្វើឱ្យបុរសជាអ្នករួមដំណើររងរបួសធ្ងន់បាក់ជើងខាងឆ្វេង ចំណែកអ្នកបើកម៉ូតូរងរបួសរលាត់ដៃរលាត់ជើងតិចតួច ។
តាមប្រភពដដែលបានបន្តថា បន្ទាប់ពីបុកម៉ូតូរួចហើយ រថយន្តបានរេចង្កូតបុកបង្គោលថ្មបាក់អស់២ដើម បណ្តាលអោយរេចង្កូតធ្លាក់ផ្លូវចូលក្នុងប្រឡាយទឹកស្អុយលិចក្បាលរថយន្តបាត់ ភ្លាមៗនោះដែរ គេឃើញ អ្នកបើកបររថយន្តបានហែលទឹកឡើងលើគោក ហើយរត់គេចខ្លួនបាត់តែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយទំនាក់ទំនងហៅរថយន្តសង្គ្រោះអោយមកដឹកជនរងគ្រោះដែលរងរបួសធ្ងន់យកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោចុះទៅធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយទៀត ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ