ប្រទេសយេម៉ែន ៖ ទីភ្នាក់ងារព័ត៌មានបារាំងAFPរាយការណ៍កាលពីថ្ងៃទី២៣កក្កដាថា ពួកអ្នកជំនាញការវាយតម្លៃថា ពួកឧទ្ទាមយេម៉ែនហ៊ូធីពេលនេះមានអាវុធជាច្រើន រាប់ទាំងបណ្ដាមីស៊ីលបាលីស្ទិក ដ្រូននិងគ្រឿងឧបករណ៍យោធាឯទៀតៗ ដែលជាការគំរាមកំហែងកាន់តែខ្លាំងលើអារ៉ាប៊ីសាអូឌីតជិតខាង ជាប្រទេសទិញអាវុធធំបំផុតមួយនៃពិភពលោក។
កាលពីខែមិថុនាពួកឧទ្ទាមហ៊ូធី បានវាយប្រហារ២០លើកប្រឆាំងអារ៉ាប៊ីសាអូឌីត។ កងការពារអាកាសប្រទេសនោះអាចស្ទាក់កម្ទេចមីសីុលនិងដ្រូនមួយចំនួន ប៉ុន្តែព្រលានយន្តហោះអន្តរជាតិABHAភាគខាងត្បូងប្រទេស រងការប៉ះពាល់បណ្ដាលឲ្យជនសីុវិលម្នាក់ស្លាប់ ហើយមនុស្ស២១នាក់ទៀតរងរបួស។
លោកANDREAS KRIEGសាស្ត្រាចារ្យនៅKING’S COLLEGEនៃទីក្រុងឡុងដ៏និយាយថា មានការពង្រឹងសមត្ថភាពយោធាយ៉ាងខ្លាំងរបស់ពួកហ៊ូធី ពិសេសទាក់ទិននឹងមីស៊ីលបាលីស្ទិកនិងដ្រូន។ លោកបន្តថាសមត្ថភាពបច្ចុប្បន្នរបស់ពួកហ៊ូធី ពិតជាមានខ្ពស់ជាងកងទ័ពយេម៉ែនកាលសម័យមិនទាន់ចាប់ផ្ដើមសង្គ្រាមផង។
តាមវីដេអូមួយចេញផ្សាយដោយពួកហ៊ូធីគេឃើញបណ្ដាប្រមុខពួកឧទ្ទាម ចូលរួមទស្សនាបណ្ដាមីសីុលនិងដ្រូនថ្មីៗក្នុងពិព័រណ៍អាវុធមួយ។ ពួកឧទ្ទាមនិយាយថាពួកគេមានដ្រូនSAMMAD3 ដែលមានរង្វង់ប្រតិបត្តិការដល់ទៅ១៥០០គីឡូម៉ែត្រ ដែលអាចឲ្យពួកគេវាយប្រហារគ្រប់គោលដៅនៅអារ៉ាប៊ីសាអូឌីតនិងក្នុងតំបន់ជាច្រើនរបស់អេមីរ៉ាត់អារ៉ាប់រួមនិងអូម៉ង់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ