ប្រទេសចិន ៖ អតីតនាយករដ្ឋមន្ត្រីចិនលោកលីប៉េង បានទទួលមរណភាពហើយកាលពីថ្ងៃទី២២កក្កដាក្នុងជន្មាយុ៩០ឆ្នាំ។ មរណភាពរបស់លោកដែលជាអ្នកដើរតួនាទីសំខាន់មួយរូប ក្នុងការបង្ក្រាបចលនានិទាឃរដូវក្រុងប៉េកាំង នៅទីលានធៀនអានមេន ត្រូវបានប្រកាសនាថ្ងៃទី២៣កក្កដា។ លោកនៅរក្សាតំណែងជាមេដឹកនាំជាន់ខ្ពស់ចិន ១០ឆ្នាំថែមទៀតបន្ទាប់ពីការបង្ក្រាបនៅទីលានធៀនអានមេន។
តាមទីភ្នាក់ងារព័ត៌មានចិនសីុនហួថា លោកលីប៉េងបានទទួលមរណភាពនាថ្ងៃទី២២កក្កដា វេលាម៉ោង២៣និង១៥នាទីម៉ោងក្នុងស្រុក ក្រោយពីលោកមានជំងឺដែលការព្យាបាលពុំមានប្រសិទ្ធភាពមក។
ថ្ងៃទី២០ឧសភាឆ្នាំ១៩៨៩លោកលីប៉េងក្លាយជាប្រមុខរដ្ឋាភិបាលចិន ហើយមិនបាន១ឆ្នាំផង លោកជាអ្នកប្រកាសច្បាប់អាជ្ញាសឹកជាប្រវត្តិសាស្ត្រ។ រួចនាយប់ថ្ងៃទី៣មកទី៤មិថុនា១៩៨៩ កងទ័ពចិនបានកម្ទេចចលនារបស់ពួកនិស្សិត ដែលលើកគ្នាតវ៉ាចាប់តាំងពីច្រើនសប្ដាហ៍មកហើយ នៅទីលានធៀនអានមេន ឲ្យមានការកែទម្រង់ប្រជាធិបតេយ្យនិងបញ្ចប់អំពើពុករលួយ។
ការបង្ក្រាបបណ្ដាលឲ្យមនុស្សស្លាប់ច្រើនរយនាក់អាចដល់ជាង១០០០នាក់។ លោកWU’ER KAIXIជាមេដឹកនាំសំខាន់ម្នាក់របស់ចលនាបះបោរនិស្សិតឆ្នាំ១៩៨៩ មានប្រតិកម្មចំពោះមរណភាពរបស់លោកលីប៉េង ដោយសរសេរតាមFACEBOOKថា តើទេវតាពិតជាមានយុត្តិធម៌ដែរទេ ដោយឲ្យជននោះជាអ្នកប្រព្រឹត្តបទឧក្រិដ្ឋដ៏ព្រៃផ្សៃ អាចមានអាយុវែងរស់បានដល់ទៅ៩០ឆ្នាំ រួចស្លាប់តាមធម្មជាតិបែបនេះ?
ក្រោយការបង្ក្រាបនៅទីលានធៀនអានមេន លោកលីប៉េងនៅបន្តអាជីពនយោបាយផ្លូវការរបស់លោករហូតដល់ឆ្នាំ២០០៣។ លោកជាសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយបក្សកុំមុយនីស្តចិន ជាស្ថាប័នដឹកនាំប្រទេសរយៈពេលដល់ទៅ១៥ឆ្នាំ។ ក្នុងទសវត្សឆ្នាំ១៩៩០លោកជាជនទី២របស់ចិនបន្ទាប់ពីប្រធានាធិបតី លោកជាំងហ្សេមីន៕ (កែ សម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ