រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជាងនិងកម្មករសំណង់ប្រមាណ១៣នាក់បានលើកគ្នាមកប្តឹងនៅសាលាសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដើម្បីអោយជួយអន្តរាគមន៍ បន្ទាប់ពីធ្វើការលក់កម្លាំងពលកម្មអស់រយៈពេលប្រមាណជិត១ខែ បែរជាមេការ បើកប្រាក់មកស៊ីដាច់។
ការលើកគ្នាមកប្តឹងនៅសង្កាត់នេះបានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៩ ដោយជាងសំណង់និងកម្មករបានដាក់ពាក្យបណ្តឹងចោទប្រកាន់ឈ្មោះណែត និងឈ្មោះទី ហៅម៉ាប់ ដែលជាមេការសំណង់នៅក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី មិនបានបើកប្រាក់ថ្លៃពលកម្មដល់កម្មករឡើយ។
តាមសំដីជាងសំណង់បានអោយដឹងថា រយៈពេលប្រមាណជិត១ខែមកហើយ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៩ រហូតមកដល់ថ្ងៃទី១៩ ខែកក្កដា កន្លងទៅនេះ ដែលមេការសំណង់ឈ្មោះណែត និងឈ្មោះទី ហៅម៉ាប់ មិនបានបើកប្រាក់ថ្លៃពលកម្មអោយពួកគាត់ឡើយ ដោយអោយលុយខ្ចីចាយម្នាក់ប្រមាណ១០ម៉ឺនរៀលតែប៉ុណ្ណោះ ។
តាមសម្តីកម្មករសំណង់ទាំងនោះក៍បានអោយដឹងទៀតថា ពួកគាត់ត្រូវបានមេការខាងលើហៅអោយមកធ្វើការងារនៅក្នុងការដ្ឋានសំណង់មួយកន្លែងនៅក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ដែលក្នុងមួយថ្ងៃ ខ្លះបាន៣៥០០០រៀល រហូត៦ម៉ឺនរៀលទៅតាមប្រភេទជាង ឬកម្មករ ។
តាមប្រភពដដែលបានបន្តថា នៅពេលធ្វើការ មេការក៍បានសន្យាថាបើកប្រាក់នៅថ្ងៃទី១៣ ខែកក្កដា ហើយក៍លើករហូតដល់ថ្ងៃទី១៧ ខែកក្កដា ។ ពេលដល់ថ្ងៃ កម្មករក៍សួរនាំ ហើយមេការសន្យាចាំថ្ងៃនេះ ចាំថ្ងៃនោះ និងថា លុយនៅមេការធំមិនទាន់បើកអោយទេ ។ នៅពេលជាង និងកម្មករសួរនាំទើបដឹងថា ប្រាក់នោះត្រូវបានឈ្មោះណែត បើកហើយ រួចគេចខ្លួនបាត់ លុះទូរស័ព្ទចូលក៏មិនលើក ។ ដោយសារតែអត់ប្រាក់ អត់បាយក្រហាយទឹក រស់ទន្ទឹងប្រាក់ថ្លៃពលកម្ម ហើយមេការស៊ីដាច់ទៀតនោះក៍បានលើកគ្នាមកប្តឹងនៅសាលាសង្កាត់ដើម្បីអោយជួយអន្តរាគមន៍តែម្តង។
ទាក់ទិននឹងការចោទប្រកាន់ខាងលើនេះ កោះសន្តិភាពបានទូរស័ព្ទទាក់ទងឈ្មោះណែត ដើម្បីសួរការបំភ្លឺដែរ តែលោកបានបដិសេធ និងនិយាយថា គាត់បានទទួលតែប្រាក់ដែលជាចំណែករបស់ខ្លួនទេ ។
ចំណែកឈ្មោះទី ហៅម៉ាប់ ក៍បានអោយដឹងថា គាត់ក៏ជាអ្នករងគ្រោះដែរ គាត់ជាអ្នកទាក់ទង រកការងារអោយឈ្មោះភារម្យ, អោយឈ្មោះណែត និងឈ្មោះហួរ មើលការខុសត្រូវ ដោយសារតែសំណង់នោះខាត ទើបម្នាក់ៗក៍បានបើកប្រាក់ដែលជាចំណែករៀងៗខ្លួន មិនបានដោះស្រាយអោយជាងនិងកម្មករ ជាហេតុធ្វើអោយជាងនិងកម្មករអត់ប្រាក់ឈ្នួល៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ